ណា​តូ និយាយថា អ៊ុយ​ក្រែ​ន ត្រូវធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង លើ​បញ្ហា​សម្បទាន​ទឹកដី​ឱ្យ រុស្ស៊ី

អគ្គលេខាធិការរបស់ ណាតូ Jens Stoltenberg

អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ (NATO) យល់ថា អ៊ុយ​ក្រែ​ន ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា គួរតែ​ទទួលយក​តម្លៃ​ណាមួយ​សម្រាប់​សន្តិ​ភាពជា​មួយ រុស្ស៊ី សូម្បីតែ​បញ្ហា​ធ្វើ​សម្បទាន​ទឹកដី។

«សន្តិភាព​គឺជា​រឿង​ដែល​អាច​ទៅ​រួម ប៉ុន្តែ សួរថា អ្នក​បាន​ត្រៀមខ្លួន​ដើម្បី​ចំណាយ​ទៅលើ​អ្វី​សម្រាប់​សន្តិភាព? អ្នក​ត្រៀម​លះបង់​ទឹកដី ឯករាជ្យ អធិបតេយ្យ​ចំនួន​ប៉ុន្មាន​ដើម្បី​សន្តិភាព?» អគ្គលេខាធិការ​របស់ ណា​តូ Jens Stoltenberg ថ្លែង​នៅក្នុង​កិច្ចសន្ទនា Kultaranta នៅ ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃទី ១២ មិថុនា ដោយនិយាយ​អំពី​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

លោក Stoltenberg មិនបាន​ផ្ដល់​អនុសាសន៍​ឱ្យ អ៊ុយ​ក្រែ​ន ទទួលយក​ប្រកា​រណា​នោះទេ ដោយ​និយាយថា «ភាគី​​ទាំង​ឡាយ​​ត្រូវ​ចំណាយ​ខ្ពស់បំផុត​ទើប​លើកឡើង​នូវ​ការសម្រេចចិត្ត​បែប​នោះ» ខណៈដែល ណា​តូ និង បស្ចិម​លោក កំពុង​បន្ត​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី «មានប្រៀប» ក្នុងការ​ចរចា​រក​កិច្ចព្រមព្រៀង។

អគ្គលេខាធិការ​ណា​តូ លើក​ជា​ឧទាហរណ៍​របស់ ហ្វាំ​ង​ឡង់ ដែលជា​ប្រទេស​ធ្លាប់ធ្វើ​សម្បទាន​តំបន់ Karelia ទៅឱ្យ សូ​វៀត ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​សង្គ្រាមលោកលើកទីពីរ ដោយ​យល់ថា នេះ​គឺជា «មូលហេតុ​មួយ​ដែល​ជួយ​ឱ្យ ហ្វាំ​ង​ឡង់ ឈាន​ជើង​ចេញ​ផុតពី​សង្គ្រាម ក្នុងនាម​ជា​ប្រទេស​ដែលមាន​ឯករាជ្យ និង​អធិបតេយ្យភាព​ទឹកដី»។

ប្រកាស​របស់លោក Stoltenberg ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​មានមតិ​កាន់តែច្រើន​យល់ថា លោកខាងលិច នឹងដាក់​សម្ពាធ​ឱ្យ អ៊ុយ​ក្រែ​ន ទទួលយក​ការចរចា​រក​សន្តិភាព​ជាមួយ រុស្ស៊ី។ នៅក្នុង​ពេលដែល សហរដ្ឋ​អាម៉េរិក និង អង់គ្លេស អះអាង​ជា​សាធារណៈ​ថា «អ៊ុយ​ក្រែ​ន អាច​នឹង​ឈ្នះ» នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី CNN បែរជា​ចេញផ្សាយ​ថា ក្រុមមន្ត្រី​នៅ វ៉ា​ស៊ី​ង​តោន, ទីក្រុង​ឡុង​ដ៍ និង ព្រុ​ច​សែ​ល កំពុង​ប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​អំពី​បទបញ្ជា​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ដោយ​មិនមាន​តំណាង​របស់ ទីក្រុង​កៀវ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ក៏បាន​ថ្លែងថា ភាគី​ខ្លះ​កំពុង​ព្យាយាម «ជំរុញ​ពួកយើង» ឱ្យ​បង្កើត​កិច្ចព្រមព្រៀង នៅពេល​សាធារណជន​នៅក្នុង​បណ្ដា​ប្រទេស​បស្ចិម​លោក​ដែល​គាំទ្រ អ៊ុយ​ក្រែ​ន កាន់តែ​ហត់នឿយ​នឹង​សង្គ្រាម។

ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បាន​បដិសេធ​ការជំរុញឱ្យ​លោក ហ្សេ​ឡែ​ន​ស្គី បោះ​បោះ​ទឹកដី​មួយផ្នែក​ដើម្បី​ប្ដូរ​យក​សន្តិភាព ដែលជា​គំនិត​របស់​អតីត រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Henry Kissinger ដែល​បានលើកឡើង​កាលពី​ខែ​កន្លង។ យោងតាម​លោក Kissinger ប្រទេស​អ៊ុយ​ក្រែ​ន គួរតែ​ទទួលយក​ការវិល​ទៅរក «ស្ថានការណ៍​មុន​សង្គ្រាម» ពោលគឺ អ៊ុយ​ក្រែ​ន ត្រូវ​បោះបង់​ការប្រកាស​បូរណភាព​ទឹកដី​ចំពោះ ឧបទ្វីប Crimea, តំបន់ Donetsk និង Lugansk។

រុស្ស៊ី បាន​រឹបអូស​យក Crimea តាមរយៈ​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ ២០១៤ ខណៈដែល បណ្ដា​តំបន់​ដែល​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន (Donetsk និង Lugansk) ក៏​ទទួលបាន​ការគាំទ្រ​ពី ទីក្រុង​មូ​ស្គូ មុនពេល កងទ័ព​រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

លោក ហ្សេ​ឡែ​ន​ស្គី ធ្លាប់បាន​ផ្លាស់ប្ដូរ​គោលជំហរ​មួយចំនួន​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី។ ក្រោយ​ការ​ប្រកាសថា ត្រៀមខ្លួន​រួចរាល់​សម្រាប់​ចូលរួម​កិច្ចចរចា​កាលពី​ចុងខែ​កន្លង លោក ហ្សេ​ឡែ​ន​ស្គី ក៏​អះអាងថា «នឹងមិន​មានការ​ផ្លាស់​ប្ដូរ​អ្វី​ទាំងអស់ សម្រាប់ ទង់ជាតិ​អ៊ុយ​ក្រែ​ន» ដែល​បក់​នៅលើ​ទឹកដី Donbass៕

Advertisement