វ៉ាក់សាំង Sinovac របស់ ចិន មាន​ប្រសិទ្ធភាព​​ពិត​ ដល់​កម្រិតណា?

វ៉ាក់សាំង​របស់​ក្រុមហ៊ុន ចិន ស៊ី​ណូ​វ៉ា​ក់ (Sinovac) ជួយ​ទប់ស្កាត់​ការឆ្លង Covid-19 ការ​ត្រូវ​ចូល​ពន្យា​បាល​នៅ​មន្ទីរពេទ្យ និង​អត្រា​នៃ​ការស្លាប់ ប៉ុន្តែ កម្រិត​នៃ​ប្រសិទ្ធភាព​របស់​វា ថយចុះ​ទៅតាម​ពេលវេលា និង​ខ្សោយ នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន) ឈ្មោះ Delta។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន ចិន Sinovac Biotech គឺជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​បំផុត​ក្នុង​ពិភពលោក ដោយមាន​ជាង 943 លាន​ដូ​ស ត្រូវបាន​ផ្គត់ផ្គង់។ នេះ​បើតាម​សារព័ត៌មាន South China Morning Post។

ទិន្នន័យ​នៃ​ការចាក់​វ៉ាក់សាំង​ខាងលើ នៅ​ប្រទេស ឈី​លី ដែល​ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ New England Journal of Medicine កាលពី​សប្ដាហ៍​មុន បាន​បង្ហាញថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព 65.9% ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​វីរុស Covid-19, 87.5% ក្នុងការ​ទប់ស្កាត់​ការចូល​ពេទ្យ និង 86.3% ក្នុងការ​ទប់ស្កាត់​មិនឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត។

បច្ចុប្បន្ន នៅមាន​កង្វះខាត​ច្រើន ទាក់ទិន​នឹង​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង នៅ​ចំពោះមុខ​ឥទ្ធិពល​របស់ វ៉ា​រ្យ៉​ង់ Delta នៃ​វីរុស Covid-19។ Feng Zijian អនុប្រធាន​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់ ចិន កាលពី​ខែមិថុនា បានន​និយាយថា អង្គ​ប​ដិ​ប្រាណ​ដែល​បង្កើតឡើង​ដោយសារ​វ៉ាក់សាំង Covid-19 ចំនួន 2 ប្រភេទ​របស់ ចិន មាន​ប្រសិទ្ធភាព​តិច នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់ Delta បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ ដទៃ ប៉ុន្តែ វ៉ាក់សាំង​នេះ​នៅតែ​ជួយ​ការពារ​បាន។ លោក Feng Zijian មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ​របស់​វ៉ាក់សាំង​ទាំង 2 ខាងលើនេះ​ទេ។

ក្រុមមន្ត្រី​សុខាភិបាល កំពុង​ស្នើឱ្យ​មានការ​សិក្សា​បន្ថែម​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ខាងលើ នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Delta និង​ថា តើ​ចាំបាច់​ត្រូវ​ចាក់​ម្ជុល​ទី​បី​ដែរ ឬទេ ដើម្បី​បង្កើន​កម្លាំង​ការពារ​រាងកាយ។

ឥណ្ឌូនេស៊ី គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែល​ប្រើប្រាស់​វ៉ាក់សាំង Sinovac ច្រើនជាងគេ។ ទិន្នន័យ​របស់​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ LaporCovid-19 បង្ហាញថា បុគ្គលិក​សុខាភិបាល​របស់ ឥណ្ឌូនេស៊ី ជាង 130 នាក់ បាន​ស្លាប់​ដោយសារ Covid-19 រាប់​ចាប់ពី​ខែមិថុនា ក្នុងនោះ​មាន 58 នាក់ បាន​ស្លាប់​ក្នុង​ខែកក្កដា។ ក្រុម​ស្រាវជ្រាវ មិនបាន​ឱ្យដឹងថា មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​នោះទេ ប៉ុន្តែ មាន​បុគ្គលិក​សុខាភិបាល ឥណ្ឌូនេស៊ី ចំនួន​ប្រហែល 95% បានទទួល​ការចាក់​វ៉ាក់សាំង។

អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង ជនជាតិ ឥណ្ឌូនេស៊ី Dicky Budiman មកពី​សាកលវិទ្យាល័យ​អូស្ត្រាលី Griffith និយាយថា បុគ្គលិក​សុខាភិបាល​ជាច្រើន​នាក់ បើ​ទោះ​បាន​ឆ្លង​វី​រូស ប៉ុន្តែ នៅតែ​គេច​ផុតពី​ការស្លាប់ និង​មាន​រោគសញ្ញាស្រាល។ «ប្រការនេះ​នាំឱ្យ​យើង​ជឿថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​ណាមួយ ក្នុងការ​ប្រឆាំងនឹង​វ៉ា​រ្យ៉​ង់​ថ្មី។ នេះ​ជា​មូលហេតុ​ដែល​យើង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ» លោក Budiman បញ្ជាក់បន្ថែម។

ករណី​ដែល​បុគ្គលិក​សុខាភិបាល​បាត់បង់​ជីវិត​ដោយសារ Covid-19 ត្រូវបាន​លោក Budiman អះអាងថា អាច​បណ្ដាលមកពី​ការចុះ​ថយ​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ទៅតាម​ពេលវេលា និង​ថមថយ​ឥទ្ធិពល នៅ​ចំពោះមុខ​វ៉ា​រ្យ៉​ង់ Delta។

នៅឯ​ប្រទេស ទួរគី វិញ ការស្រាវជ្រាវ​លើ​បុគ្គលិក​សុខាភិបាល​ចំនួន 1,053 នាក់ បាន​បង្ហាញថា ក្រោយ​ការចាក់​វ៉ាក់សាំង Sinovac រួចរាល់​បាន 3 ខែ 23% ក្នុងចំណោម​នេះ មាន​អង្គ​ប​ដិ​ប្រាណ​តិចជាង​មុន និង​ក្រោម​កម្រិត​នៃ​ប្រសិទ្ធភាព។ ក៏ប៉ុន្តែ ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​ដែល​បាន​ចាក់​វ៉ាក់សាំង គឺមាន ត្រឹមតែ 2.8% ប៉ុណ្ណោះ ដែល​បាន​ឆ្លង​វីរុស និង​ពុំមាន​អ្នកណាម្នាក់​ត្រូវ​ចូល​ពេទ្យ​នោះឡើយ ក្រោយ​ការចាក់​វ៉ាក់សាំង ចន្លោះ​ពី 1 ដល់ 3 ខែ។

សាស្ត្រាចារ្យ​មួយរូប មកពី​មហាវិទ្យាល័យ​ជីវ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​ហុងកុង យល់ថា ប្រសិទ្ធភាព​របស់ Sinovac ប្រាកដជា​នឹង​ថយចុះ​នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Delta ប៉ុន្តែ ថយចុះ​ប៉ុន្មាន​ភាគរយ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ។ លោក​យល់ថា ត្រូវការ​កែស​ម្អ​ប្រសិទ្ធភាព និង​សាកល្បង​ចាក់​ម្ជុល​ទី​បី សម្រាប់​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ឬ​ចាក់​លាយ​ជាមួយ​វ៉ាក់សាំង​ដទៃ។

ចំណែក​ Yin Weidong ​ដែល​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Sinovac បាន​និយាយថា លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស បង្ហាញថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​បី បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរបាន​ពី 3 ដល់ 6 ខែ មាន​អង្គ​ប​ដិ​ប្រាណ​កើនឡើង​ច្រើនជាង​មុន 10 ដង ដោយ​ប្រើពេល​ត្រឹមតែ 10 ថ្ងៃ ក្រោយពី​បាន​ចាក់៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement