អ៊ុយ​ក្រែ​ន ដាក់​បម្រាម​គោចរ​នៅ​ព្រំដែន​ជាប់​ជាមួយ បេឡា​រុស

ទាហាន និងរថក្រោះរបស់ អ៊ុយក្រែន នៅ Lysychansk ក្នុងតំបន់ Donbass កាលពីថ្ងៃទី ២៣ ឧសភា ២០២២

អាជ្ញាធរ​អ៊ុយ​ក្រែ​ន ចាប់ផ្ដើម​រឹតបន្តឹង​ការគ្រប់គ្រង ហាម​ប្រជាជន​ស៊ីវិល​ចូលទៅ​កាន់​តំបន់​ព្រំដែន​ជាប់​នឹង បេឡា​រុស ក្នុង​គ្រា​ដែល​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​កំពុង​កើនឡើង​ខ្ពស់។

«នៅក្នុង​តំបន់​ព្រំដែន​នៅ Kiev, Zhitomir និង Rovno ការ​រឹតបន្តឹង​កំពុង​ត្រូវបាន​អនុវត្ត។ ជន​ស៊ីវិល​ត្រូវបាន​ហាម​ផ្លាស់​ទី​ក្នុង​រង្វង់ ១ គីឡូម៉ែត្រ តាម​បណ្ដោយ​បន្ទាត់​ព្រំដែន លើកលែងតែ​ប្រជាជន​នៅ​មូលដ្ឋាន» ក្រុមមន្ត្រី​តំបន់ Rovno ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន ប្រកាស​លើ Facebook កាលពី​ថ្ងៃទី ២៣ ឧសភា។

អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​អនុវត្ត​បម្រាម​គោចរ ដោយ​ហាម​មនុស្ស និង​មធ្យោបាយ​ធ្វើដំណើរ​ផ្លាស់​ទី​ខាងក្រៅ​តំបន់​របស់​ប្រជាជន​នៅ​មូលដ្ឋាន ចាប់ពី​ម៉ោង ២២ យប់ ដល់​ម៉ោង ៥ ទៀបភ្លឺ។ ពលរដ្ឋ​ក្នុង​តំបន់​ក៏ត្រូវ​បាន​ហាម​ប្រើប្រាស់​កាមេរ៉ា ក៏ដូចជា​ការ​ស្លៀក​ឈុត​ទាហាន ការដើរ​បរបាញ់​សត្វព្រៃ និង​ការនេសាទ​ត្រី​ជាដើម។

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បញ្ជាក់ថា បម្រាម​គោចរ​ខាងលើនេះ​នឹងមាន​សុពលភាព​រហូតដល់​ពេល អ៊ុយ​ក្រែ​ន បញ្ចប់​បទបញ្ជា​ប្រើ​ច្បាប់អាជ្ញាសឹក។

Advertisement