(World Cup 2022)- អ្នកគាំទ្រ​ម៉ា​រ៉ុ​ក ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ បែលហ្ស៊ិក

អ្នកគាំទ្រ​ប្រហែល 100 នាក់ ក្នុងនោះ​មាន​ទាំង​អ្នក​ចង​ទង់​របស់ ប្រទេស​ម៉ា​រ៉ុ​ក បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ ព្រុ​ច​សែ​ល បន្ទាប់ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក ចាញ់ ក្រុម​បារាំង នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រុម​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក កាលពី​យប់​ថ្ងៃទី 14 ធ្នូ បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ស្ថានីយ​រថភ្លើង Brussels South និង​បាននាំគ្នា​បាញ់​កាំជ្រួច និង​គប់​វត្ថុផ្សេងៗទៅលើ​ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម ព្រមទាំង​បាន​ដុត​ធុង​ក្រដាស និង​ថង់​សំរាម​ផងដែរ។ ប៉ូលិស​ក៏បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក និង​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ហ្វូងមនុស្ស។

ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក បាន​កើតឡើង​ក្នុង​រយៈពេល​ខ្លី និង​មិន​បង្កឱ្យមាន​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ។ ប៉ូលិស​ក៏បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន​។

យោងតាម Mirror ការប៉ះទង្គិច​បែបនេះ​ក៏បាន​កើតឡើង​ក្នុង​តំបន់​មួយចំនួន​នៅ ប្រទេស​បារាំង ផងដែរ។ ប៉ូលិស​ប្រឆាំង​កុបកម្ម​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​មួយចំនួន​របស់ រដ្ឋធានី​ប៉ារីស ដើម្បី​បំបែក​ហ្វូងមនុស្ស​ដែល​គាំទ្រ ម៉ា​រ៉ុ​ក និង បារាំង។ រូបភាព​លើ​បណ្ដាញ​សង្គម​បង្ហាញថា មាន​មនុស្ស​មួយចំនួន​ពាក់មួក​ជិត​ក្បាល​ដេញតាម​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក។

អ្នកគាំទ្រ​ម៉ា​រ៉ុ​ក និង​អ្នកគាំទ្រ​បារាំង ក៏បាន​ប៉ះទង្គិច​គ្នា​នៅ Place de la Comedie ទីក្រុង Montpellier ក្នុងនោះ​មាន​អ្នកខ្លះ​បាញ់​កាំជ្រួច​សំដៅលើ​គូបដិបក្ខ ខណៈដែល​សំឡេង​ស្រែក​ដាក់គ្នា​លាន់ឮ​កងរំពង មុនពេល​ប៉ូលិស​ចូលធ្វើ​អន្តរាគមន៍។

https://www.youtube.com/watch?v=UTu4Te79NA4

ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក កាលពី​ថ្ងៃទី 14 ធ្នូ បាន​ចាញ់​ក្រុម​របស់ ​បារាំង 0-2 ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ ម៉ា​រ៉ុ​ក លើក​នេះ​បាន​យកឈ្នះ​លើ​ក្រុមធំៗជាច្រើន ហើយ​ក៏បាន​ក្លាយជា​តំណាង​ទ្វីបអាហ្វ្រិក​ដំបូង​គេ​ដែល​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup។

ក្រុម​ជម្រើសជាតិ​បារាំង នឹង​ប៉ះ​ក្រុម​របស់ អា​ហ្ស​ង់​ទីន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 18 ធ្នូ ខណៈដែល ម៉ា​រ៉ុ​ក ត្រូវ​ជួប ក្រូ​អាត ក្នុងការ​ប្រកួត​ដណ្ដើមពាន​រង្វាន់​លេខ 3 មុន​នោះ​មួយថ្ងៃ៕

Advertisement