សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៨៩ ៖ លោក ហ្សេ​ឡែ​ន​ស្គី ថា ជម្លោះ​កំពុង​ស្ថិតនៅក្នុង​របត់​ថ្មី

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អំពាវនាវ​ឱ្យ​បង្កើន​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី និង​ជំរុញ​ការផ្ដល់​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន ក្រោយពី​បង្ហើប​ឱ្យដឹង​អំពី​ការខូចខាត​ផ្នែក​យោធា​ធំ​បំផុត បន្ទាប់ពី​សង្គ្រាម​ផ្ទុះឡើង​បាន ៣ ខែ។

«អ៊ុយ​ក្រែ​ន មិនមាន​ពេល​ច្រើន។ ប្រវត្តិសាស្ត្រ​កំពុងស្ថិត​នៅក្នុង​របត់​ថ្មី។ នេះ​គឺជា​ដំណាក់​កាលដែល​សម្រេច​ថា កម្លាំងបាយ​អាច​គ្រប់គ្រង​ពិភពលោក​បាន ឬ​មិនបាន» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២៣ ឧសភា។

លោក ហ្សេ​ឡែ​ន​ស្គី អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បរទេស​នានា «ដកខ្លួន​ទាំងស្រុង​ចេញពី រុស្ស៊ី និង​រើ​ចូលមក​កាន់ អ៊ុយ​ក្រែ​ន» ព្រមទាំង​បានស្នើ​ឱ្យ​អន្តរជាតិ​ជួយ​បញ្ចប់​ការបិទ​ខ្ទប់​បណ្ដា​កំពង់ផែ​នៅ​ឆ្នេរសមុទ្រ​ខ្មៅ ដើម្បី​បង្កើនល្បឿន​នាំចេញ​កសិផល​របស់​ប្រទេស​នេះ។

លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​សម្ដែង​ការដឹងគុណ​ចំពោះ​ជំនួយ​ផ្នែក​យោធា ប៉ុន្តែ អះអាងថា ទីក្រុង​កៀវ ត្រូវការ​ច្រើនជាង​នេះ។ លោក​ថា «សង្គ្រាម​បានបង្ហាញ​ថា ជំនួយ​កាន់តែ​ឆាប់ កាន់តែ​មានតម្លៃ។ បើសិន​ប្រទេស​ខ្ញុំ​ទទួលបាន​ជំនួយ ១០០% តាំងពី​ខែកុម្ភៈ ជីវិត​មនុស្ស​រាប់ម៉ឺន​នាក់​អាច​ត្រូវបាន​ជួយសង្គ្រោះ។ នេះ​គឺជា​មូលហេតុ​ដែល អ៊ុយ​ក្រែ​ន ត្រូវការ​អាវុធ​គ្រប់​ប្រភេទ​ដែល​បានស្នើ​សុំ ក្រៅពី​ប្រព័ន្ធ​អាវុធ​ដែល​បាន​ផ្ដល់ឱ្យ​រួចហើយ»។

លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ប្រកាសថា មនុស្ស ៨៧ នាក់ បាន​ស្លាប់ នៅពេល​មី​ស៊ី​ល​របស់ រុស្ស៊ី វាយប្រហារ​លើ​មូលដ្ឋានទ័ព​នៅ Desna ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៧ ឧសភា។ នេះ​គឺជា​តួលេខ​នៃ​ការស្លាប់​ច្រើន​បំផុត​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម​ដែល​បានអូសបន្លាយ​ពេល​ជិត ៣ ខែ​កន្លងមកនេះ។

ករណី​បាត់​បង់ជីវិត​ច្រើន​បំផុត​នាពេល​កន្លង បាន​កើតឡើង​កាលពី​ខែមីនា នៅពេល រុស្ស៊ី ផ្លោង​គ្រាប់​មី​ស៊ី​ល​សំដៅ​តំបន់​ជ​ម្ឈ​មណ្ឌល​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ (IPSC) នៅក្បែរ​ទីក្រុង Lviv ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន សម្លាប់​មនុស្ស​យ៉ាងតិច ៣៥ នាក់។

Advertisement