រុស្ស៊ី និយាយថា យុទ្ធនាការ​​យោធា​​នៅ​ អ៊ុយ​ក្រែ​ន​ គឺ​​ដើម្បី​​បញ្ចប់​​សណ្ដាប់​ធ្នាប់​​ពិភព​លោក​​របស់ ​អាម៉េរិក

លោក Sergey Lavrov

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov ថ្មីៗនេះ​បាន​និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន នេះ គឺជា​ការចាំបាច់​ដើម្បី​បញ្ចប់​សណ្ដាប់ធ្នាប់​ពិភពលោក​ដែល​គ្រប់គ្រង​ដោយ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី ទីក្រុង​វ៉ា​ស៊ី​ង​តោន បង្ហើប​ឱ្យដឹង​អំពី​គោលដៅ​របស់ខ្លួន​ក្នុង​ការជួយ​ដល់ កងទ័ព​អ៊ុយ​ក្រែ​ន ទប់ទល់​នឹង កងទ័ព​រុស្ស៊ី។

«យុទ្ធនាការ​យោធា​ពិសេស​របស់​យើង ចាំបាច់​ត្រូវតែ​កើតឡើង​ដើម្បី​បញ្ចប់​ស្ថានការណ៍​ដែល ណា​តូ (NATO) ពង្រីក​ខ្លួន និង​បំណង​ដែល​មិន​មានការ​ខ្មាសអៀន​របស់ អាម៉េរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច ដែល​ចង់​ឆ្ពោះទៅកាន់​ការគ្រប់គ្រង​វេទិកា​អន្តរជាតិ» លោក Lavrov ប្រាប់​ទូរទស្សន៍ Rossiya 24 កាលពី​ថ្ងៃទី ១១ មេសា។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី យល់ថា ស្ថានការណ៍​គ្រប់គ្រង​នេះ​ត្រូវបាន​កសាងឡើង​ដោយ​ការបំពានច្បាប់​អន្តរជាតិ និង​មាត្រា​ច្បាប់​មួយចំនួន​ផ្សេងទៀត។

លោក Lavrov បញ្ជាក់ថា រុស្ស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​មិន​យល់ស្រប​ចំពោះ​បំណង​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន ហើយ​ថា នឹងមិន​អនុញ្ញាតឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច ទាត់ចោល​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ស្របច្បាប់​របស់ រុស្ស៊ី ជាដាច់ខាត។

ការលើកឡើង​របស់ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ខាងលើ ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan ឱ្យដឹងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​ប្រឹងប្រែង​ឆ្លើយតប​នឹង​តម្រូវការ​សព្វាវុធ​ពី​សំណាក់ ទីក្រុង​កៀវ ដើម្បី​ជួយ​ដល់​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ទប់ទល់​នឹង កងទ័ព​របស់ រុស្ស៊ី និង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​របស់ អាម៉េរិក ដែល​សំដៅលើ ទីក្រុង​មូ​ស្គូ។

 

Advertisement