សិស្ស​​ដែល​​វិជ្ជមាន​​នឹង ​កូ​វីដ-១៩​ នៅ ​អង់គ្លេស ​គ្រាន់​តែ​​ត្រូវ​ធ្វើ​​ច​ត្តា​ឡី​ស័ក​​នៅ​ផ្ទះ​ ៣​ ថ្ងៃ

យោងតាម​ការណែនាំ​ថ្មី​របស់ ក្រសួង​អប់រំ​អង់គ្លេស ក្មេង​ដែល​វិជ្ជមាន​នឹង វីរុស SARS-CoV-២ (កូ​វីដ-១៩) ត្រូវតម្រូវ​ឱ្យនៅ​ដោយឡែក ៣ ថ្ងៃ ជំនួស​ឱ្យ ៥ ថ្ងៃ​ដែលជា​ការណែនាំ​មុន​នោះ។

ការណែនាំ​ថ្មី​បំផុត​ខាងលើនេះ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែលមាន​ការបារម្ភ​ថា សិស្សានុសិស្ស​នឹងត្រូវ​ផ្អាក​ការសិក្សា​យូរថ្ងៃ​ដោយសារ​វិជ្ជមាន​នឹង កូ​វីដ-១៩។

សារព័ត៌មាន Telegraph រាយការណ៍​ថា ក្រសួង​អប់រំ​អង់គ្លេស ឱ្យដឹងថា សិស្ស​ដែលមាន​វ័យ​ក្រោម ១៨ ឆ្នាំ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​រវាង​ហានិភ័យ​នៃ​ការចម្លង​វីរុស និង​បញ្ហា​អាក់ខាន​ការសិក្សា។

មូលហេតុ​នៃ​ការសម្រេចចិត្ត​ខាងលើ​ត្រូវបាន​ក្រសួង​បញ្ជាក់ថា «ដោយយោង​ទៅតាម​ការប្រឹក្សា​យោបល់ យើង​ដឹងថា កូ​វីដ​-១៩ បង្ក​ហានិភ័យ​ទាប​លើ​ការវិវត្ត​ទៅរក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​សម្រាប់​កុមារ និង​មនុ​ស្សវ័យ​នៅ​ក្មេង រួម​នឹង​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ»។

ជាង​នេះ អ្នកនាំពាក្យ​ម្នាក់​របស់​អាជ្ញាធរ​សន្តិ​សុខ​ផ្នែក​សុខាភិបាល​អង់គ្លេស (UKHSA) ក៏បាន​ឱ្យដឹងថា «មាន​ភ័ស្ដុតាង​បង្ហាញថា កុមារ​មាន​ពេលវេលា​ឈឺ​ដោយសារ កូ​វីដ-១៩ ខ្លី​ជាង ធៀប​នឹង​មនុស្សពេញវ័យ។ ហើយ​ការណែនាំ​ថ្មី​នេះ ត្រូវបាន​ធ្វើឱ្យមាន​តុល្យភាព​រួចហើយ រវាង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល និង​ការអាក់ខាន​ការសិក្សា»។

ការណែនាំ​ក៏បាន​បញ្ជាក់ថា គ្រឹះស្ថាន​អប់រំ និង​ទីតាំង​ថែទាំ​កុមារ​ទាំងអស់​នឹងមិន​ត្រូវតម្រូវ​ឱ្យធ្វើ​តេស្តរ​ក កូ​វីដ-១៩ ជាប្រចាំ​ទៀត​ទេ។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ រដ្ឋាភិបាល​អង់គ្លេស ក្នុង​ការដក​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ចុងក្រោយ​របស់​ប្រទេស​នេះ៕

Advertisement