បុគ្គលិក​ពេទ្យ​ផ្នែក ICU ជិត ៧០នាក់​ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់​ពី​​ពិធី​ជប់​លៀង​​បុណ្យ​​ណូអែល

មន្ទីរពេទ្យសាកលវិទ្យាល័យតំបន់ Malaga

(អេ​ស្ប៉ា​ញ)-បុគ្គលិក​ពេទ្យ​ផ្នែក ICU ចំនួន ៦៨ នាក់ ក្នុងនោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ផងដែរ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​កាលពីដើម​ខែធ្នូ។

មន្ទីរ​សុខាភិបាល​តំបន់ អានដាលូស៊ី (Andalusia) នៅ​ភាគខាងត្បូង​នៃ ប្រទេស​អេ​ស្ប៉ា​ញ ថ្ងៃនេះ បានប្រកាស​ឱ្យដឹងថា តួលេខ​អ្នកជំងឺ​ក្នុង «សម្បុក​វីរុស​កូ​វីដ-១៩» នៅឯ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​តំបន់ ម៉ាឡាហ្គា (Malaga)​ បាន​កើន​ពី ២២ នាក់ ឡើងដល់ ៦៨ នាក់។ ភាគច្រើន​នៃ​អ្នកជំងឺ​គឺជា​បុគ្គលិក​សុខាភិបាល​នៃ​បន្ទប់​ព្យាបាល​ពិសេស (ICU)។

អ្នកជំងឺ​ទាំងអស់​ខាងលើ សុទ្ធតែ​បាន​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល កាលពី​ថ្ងៃទី១ ធ្នូ ជាមួយនឹង​បុគ្គលិក​ជំនាញ​ក្នុង​ផ្នែក ICU ចំនួន ១៧៣ នាក់។ ពួកគេ​ធ្លាប់​ទទួលបាន​លទ្ធផល​អវិជ្ជមាន ឬ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ មុនពេល​ទៅ​ចូលរួម​ពិធីជប់លៀង។ អ្នកជំងឺ​ទាំងនេះ​មាន​រោគសញ្ញា​ស្រាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

ក្រុមមន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​សង្កត់ធ្ងន់ថា ប្រភព​ចម្លង​មួយ​ផ្សេងទៀត​អាចជា​ពិធីជប់លៀង​រួម​សម្រាប់​បុគ្គលិក​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ និង​បាន​ស្នើឱ្យ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​នានា កុំទៅ​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​ណាមួយ​នាពេលខាងមុខ។

អភិបាលក្រុង ំាឡាហ្គា លោក ហ្វ្រានស៊ីស្កូ ដេ ឡា តូររ៉េ (Francisco de la Torre) កាលពី​ថ្ងៃទី ៥ ធ្នូ បាន​ព្រមាន​ថា ករណី​ឆ្លង​វីរុស​នៅ​ទីក្រុង​នេះ កំពុង​តែមាន​កំណើន​យ៉ាង​ឆាប់រហ័ស។ អត្រា​នៃ​អ្នក​វិជ្ជមាន​ថ្មី​ក្នុងអំឡុង ១៤ ថ្ងៃ នៅ​ទីក្រុង​នេះ គិត​ត្រឹម​ថ្ងៃទី ៣ ធ្នូ មាន ១២៧ ករណី/ពលរដ្ឋ ១០០,០០០ នាក់ ដែល​នេះ​គឺ​ជិត​ស្មើនឹង​ទ្វេដង ធៀប​នឹង​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា។ «បើសិនជា​អត្រា​នៃ​ការឆ្លង​នៅតែ​បន្ត​កើនឡើង​ទៀត រហូតដល់​ចុងខែ​ធ្នូ យើង​អាចមាន​អ្នក​ឆ្លង​ជាង ៤០០ ករណី/ពលរដ្ឋ ១០០,០០០ នាក់» លោក ហ្វ្រានស៊ីស្កូ បន្ថែម​ដូច្នេះ៕

Advertisement