សិស្សស្រី​រាប់ម៉ឺន​នាក់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន វិល​ត្រលប់​ចូល​សាលារៀន​វិញ

សិស្សស្រី​ចំនួន​រាប់ម៉ឺន​នាក់​នៅ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​បាន​វិល​ត្រលប់​ចូល​សិក្សា​នៅតាម​សាលា​អនុវិទ្យាល័យ​របស់​ប្រទេស​នេះ ចាប់ពី​ថ្ងៃទី ២៣ មីនា ២០២២ ក្រោយ​ការផ្អាក​អស់​រយៈពេល ៧ ខែ រាប់​ចាប់ពី​ពេល តា​លី​បង់ ដណ្ដើមបាន​អំណាច។

សាលារៀន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​បិទទ្វារ​ដោយសារ​បញ្ហា កូ​វីដ-១៩ ក្នុងពេល ក្រុម​តា​លី​បង់ ដណ្ដើមបាន​អំណាច​កាលពី​ខែសីហា ២០២១។ ប៉ុន្តែ មានតែ​កុមារ​មួយចំនួន​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សាលា ក្រោយ​ការចូល​កាន់អំណាច​រប​ស់ តា​លី​បង់ បាន ២ ខែ។

តាម​ផែនការ សាលារៀន​នានា​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​បើកទ្វារ​ឡើងវិញ​ចាប់ពី​ថ្ងៃទី ២៣ មីនា លើកលែងតែ​សាលា​នៅ​តំបន់ Kandahar ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​ប្រទេស​នេះ ដែល​នឹងត្រូវ​បន្ត​បិទទ្វារ​រហូតដល់​ខែក្រោយ។ អាជ្ញាធរ​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​មូលហេតុ​ជាក់លាក់​នៅឡើយ។

លោក Aziz Ahmad Rayan ដែលជា​អ្នកនាំពាក្យ​មួយរូប​របស់ ស្ថាប័ន​អប់រំ​នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យដឹងថា ការបើកទ្វារ​សាលារៀន​ឡើងវិញ​នេះ មិនមែន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អន្តរជាតិ​នោះទេ តែ​វា​គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​តា​លី​បង់។

ទោះជា​យ៉ាងណាក៏ដោយ ការបើកទ្វារ​សាលារៀន​ឡើងវិញ​នេះ នឹង​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ក្នុងនោះ​មានដូចជា បញ្ហា​ប្រជាជន​មិនទាន់មាន​ទំនុកចិត្ត​ចំពោះ​អាជ្ញាធរ និង​កង្វះ​គ្រូបង្រៀន។ល។

កាលពី​ខែកញ្ញា ២០២១ អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់ អង្គការសហប្រជាជាតិ (UNESCO) បាន​ព្រមាន​ថា អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​អន់ថយ​រហូតដល់​ជិត ២ ទសវត្សរ៍ នៅក្នុង​វិស័យ​អប់រំ​កុមារ ពិសេស​គឺ​កុមារី ក្នុង​ស្ថានការណ៍​ប្រទេស​នេះ​ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ៕

Advertisement