កងកម្លាំង​រុស្ស៊ី ចាប់ខ្លួន​អភិបាលក្រុង​របស់ អ៊ុយ​ក្រែ​ន

លោក Ivan Fyodorov អភិបាលក្រុង Melitopol

ទាហាន​រុស្ស៊ី បាន​ចាប់ខ្លួន Ivan Fedorov ដែលជា​អភិបាលក្រុង Melitopol ខណៈ​កម្លាំង​ផ្ដាច់ខ្លួន​នៅ Luhansk ចោទ​អភិបាល​រូបនេះ​ថា ប្រព្រឹត្ត​អំពើ​ភេរវកម្ម។

«យោងតាម​ព័ត៌មាន​ដំបូង លោក Ivan Fyodorov អភិបាលក្រុង Melitopol ត្រូវបាន​ទាហាន​រុស្ស៊ី ចាប់ខ្លួន​ប្រហែល ១ ម៉ោង​មុននេះ» Kyrylo Tymoshenko ដែលជា​អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្ងៃនេះ បានឱ្យដឹង​ដូច្នេះ។

មូលហេតុ​ដែលនាំឱ្យ​លោក Fedorov ត្រូវបាន​ក្រុម​ទាហាន​រុស្ស៊ី ចាប់ខ្លួន គឺ​ដោយសារ​លោក «មិន​ព្រម​សហការ»។ «ពេល​កំពុង​ត្រូវបាន​ចាប់ខ្លួន ក្នុង​ការិយាល័យ​របស់​លោក Fedorov នៅមាន ទង់ជាតិ​អ៊ុយ​ក្រែ​ន នៅឡើយ» លោក Anton Gerashchenko ទីប្រឹក្សា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ុយ​ក្រែ​ន អះអាង​ដូច្នេះ។

ក្រោយ​ការចាប់ខ្លួន​លោក Fedorov ចៅក្រម​តុលាការខេត្ត Luhansk ដែលជា​តំបន់​ផ្ដាច់ខ្លួន​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បានប្រកាសថា លោក Fedorov បាន​បំពាន​ច្បាប់​ប្រឆាំង​ភេរវកម្ម និង​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

ចំណែក ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន បាន​ចោទថា ការចាប់ខ្លួន​អភិបាលក្រុង Melitopol គឺជា «អំពើ​ចាប់ជំរិត និង​រំលោភច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ»។

បច្ចុប្បន្ននេះ ទីក្រុង Melitopol កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ កងទ័ព​រុស្ស៊ី។ ភាគី​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ការចោទប្រកាន់​ពី ភាគី​អ៊ុយ​ក្រែ​ន នៅឡើយ ក្នុងករណី​ខាងលើ។

Advertisement