តួ​ក​គី​អនុញ្ញាតឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ

​ប្រធានាធិបតីតួកគី លោក Tayyip Erdogan

សេចក្ដីព្រាងច្បាប់​អញ្ជើញ​ហ្វាំ​ង​ឡង់​ឱ្យចូល​ជា​សមាជិក​ណា​តូ (NATO) ត្រូវបាន​អនុម័ត​នៅ​សភា​តួ​ក​គី បើកផ្លូវ​ឱ្យ​ប្រទេស​អឺរ៉ុប​ខាងជើង​មួយ​នេះ​ចូល​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា។

កាលពី​ថ្ងៃទី 30 មីនា តួ​ក​គី​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​ក្នុងចំណោម​សមាជិក​ទាំង 30 របស់​ណា​តូ ដែល​យល់​ព្រមឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក មួយ​សប្ដាហ៍​បន្ទាប់ពី​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​នៅ​ទីក្រុង​អង់កា​រ៉ា គាំទ្រ​ឥរិយាបថ​នោះ​ដោយ​សំឡេងឆ្នោត​ដាច់ខាត។

«នាម​ជា​សមាជិក​ណា​តូ​នឹង​ពង្រឹង​សន្តិសុខសម្រាប់​ហ្វាំ​ង​ឡង់ ទន្ទឹមនឹង​ការស្ដារ​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​សមុទ្រ​បាល់​ទិច និង​អឺរ៉ុប​ខាងជើង» រដ្ឋាភិបាល​ហ្វាំ​ង​ឡង់​ប្រកាស​ដូច្នេះ ក្រោយពី​បានទទួល​ព័ត៌មាន​ស្ដីពី​ការសម្រេចចិត្ត​របស់​តួ​ក​គី។

សេចក្ដីសម្រេច​របស់​ស​ភា​តួ​ក​គី​ខាងលើនេះ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រធានាធិបតី Tayyip Erdogan ដើម្បី​អនុម័ត​ចុងក្រោយ។ ក្រោយមក តួ​ក​គី​នឹង​បញ្ជូន​ឯកសារ​នេះ​ទៅកាន់​សហរដ្ឋ​អាម៉េរិក ជា​កន្លែង​រក្សា​ឯកសារ​កិច្ចព្រមព្រៀង​របស់​សម្ព័ន្ធ​យោធា​ណា​តូ។

នៅពេល​អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg អញ្ជើញ​ហ្វាំ​ង​ឡង់​ឱ្យចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា ហ្វាំ​ង​ឡង់​នឹងត្រូវ​ផ្ញើ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​នូវ​ឯកសា​រដែ​ល​ចុះហត្ថលេខា​ដោយ​ក្រសួងការបរទេស​ស្ដីពី​ការយល់ព្រម​ចូល​ជា​សមាជិក និង​អនុវត្ត​កិច្ចព្រមព្រៀង ទើប​ក្លាយជា​សមាជិក​ណា​តូ​ជា​ផ្លូវការ។

កាលពីដើម​ខែមីនា លោក Erdogan បាន​អះអាងថា នឹង​គាំទ្រ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​ណា​តូ បន្ទាប់ពី​ឃើញថា ប្រទេស​អឺរ៉ុប​ខាងជើង​មួយ​នេះ​បាន​ធ្វើតាម​ការចង់បាន​របស់​ទីក្រុង​អង់កា​រ៉ា ក្នុងនោះ​មាន​ទាំង​ការដោះស្រាយ​បញ្ហា​ក្រុម​ផ្ដាច់ខ្លួន​ពី​តួ​ក​គី​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ហ្វាំ​ង​ឡង់ ក៏ដូចជា​ការលុបចោល​បម្រាម​​នាំចេញ​អាវុធ។

ក្រសួងការបរទេស​អា​ម៉េ​រិ​ក សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់​តួ​ក​គី និង​បន្ត​ស្នើឱ្យ​សម្ព័ន្ធមិត្ត​នេះ​ប្រញាប់​គាំទ្រ​ស៊ុយអែត​ចូល​ជា​សមាជិក​ណា​តូ។ លោក Erdogan នៅតែ​មិនទាន់​គាំទ្រ​ដល់​សំណើ​សុំចូល​ជា​សមាជិក​ណា​តូ​របស់​ស៊ុយអែត ដោយ​យល់ថា ទីក្រុង​ស្តុក​ខុល​មិនបាន​​បញ្ចេញ​សកម្មភាព​ច្រើន​ក្នុងការ​ដោះស្រាយ​កង្វល់រ​បស់​អង់កា​រ៉ា៕

Advertisement