៨ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ អ៊ុយ​ក្រែ​ន

ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ចំនួន ៨ នៃ សហភាព​អឺរ៉ុប (EU) ក្នុងនោះ​ក៏មាន សាធារណរដ្ឋ​ឆែក ផងដែរ កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​របស់ EU ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ជាបន្ទាន់ និង​ចាប់ផ្ដើម​កិច្ចចរចា​ជំហាន​បន្ទាន់។

នៅក្នុង​លិខិត​រួមមួយ មេដឹកនាំ​របស់​ប្រទេស​ចំនួន ៨ រួមមាន ប៊ុលហ្គារី ឆែក អេ​ស្តូ​នី លេ​ទុយ​អា​នី ប៉ូឡូញ ស្លូ​វ៉ា​គី និង ស្លូ​វេ​នី បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប បង្ហាញ​ការគាំទ្រ​ផ្នែក​នយោបាយ​ចំពោះ អ៊ុយ​ក្រែ​ន និង​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក អនុវត្ត​ជំហាន​បន្ទាប់​ដើម្បី​ប្រគល់​ឋានៈ​ជា​បេក្ខភាព​ដល់ អ៊ុយ​ក្រែ​ន ជាបន្ទាន់ ហើយ​ចាប់ផ្ដើម​ដំណាក់កាល​ចរចា​នៅក្នុង​ការដាក់បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង​សម្ព័ន្ធភាព​នេះ។

មុន​នោះ ក្នុង​ថ្ងៃ​ដដែល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បានស្នើ​ឱ្យ EU ធ្វើការ​ទទួលយក អ៊ុយ​ក្រែ​ន ជាបន្ទាន់ តាមរយៈ​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ EU។ លោក ហ្សេ​ឡែ​ន​ស្គី យល់ថា «អ៊ុយ​ក្រែ​ន ស័ក្ដិសម ហើយ​ប្រការ​នោះ​ពិតជា​អាច​កើតឡើង»។

នាយករដ្ឋមន្ត្រី​របស់ ប្រទេស​ឆែក Petr Fiala បាន​គាំទ្រ​ការស្នើសុំ​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ម្ចាស់ឆ្នោត​មួយ​ប៉ុណ្ណោះ​នៅក្នុង សហភាព​អឺរ៉ុប។ ក្រុម​អ្នកជំនាញ​យល់ថា អ៊ុយ​ក្រែ​ន មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាចឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់ EU ក្នុងនោះ​មាន​ទាំង​អំពើពុករលួយ​ជាដើម។

Advertisement