ឥណ្ឌូណេស៊ី​ផ្ដល់ជំនួយ​សម្រាប់​ការទិញយានយន្ត​អគ្គិសនី​ចាប់ពី​ថ្ងៃទី 20 មីនា

មន្ត្រី​ឥណ្ឌូណេស៊ី​បានឱ្យដឹងថា រដ្ឋាភិបាល​នឹង​ផ្ដល់ជំនួយ​ដល់​ការទិញ​ម៉ូតូ​អគ្គិសនី​ថ្មី​រហូតដល់ 200,000 គ្រឿង និងការ​​ប្ដូរ​ម៉ូតូ​សាំង​ទៅប្រើ​ម៉ូតូ​អគ្គិសនី​ចំនួន 50,000 គ្រឿង​នៅក្នុង​ឆ្នាំនេះ។

លោក Luhut Pandjaitan រដ្ឋមន្ត្រី​​ក្រសួង​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី បានឱ្យដឹងថា រដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​គោលនយោបាយ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​​សម្រាប់​ការប្រើប្រាស់​យានយន្ត​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី (KBLBB) ចាប់ពី​ថ្ងៃទី 20 មីនា 2023 ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ងាក​មកប្រើប្រាស់​​យានយន្ត​ដែល​មិន​បំ​ភាយ​ឧស្ម័ន និង​ទាក់ទាញ​ការវិនិយោគ​ក្នុង​វិស័យ​យានយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 06 មីនា រដ្ឋមន្ត្រី​ខាងលើ​សង្កត់ធ្ងន់ថា ការប្រើប្រាស់ KBLBB នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កសាង​វិស័យ​ឧស្សាហកម្ម​ថ្ម​ផ្ទុក​អគ្គិសនី​នៅក្នុង​ស្រុក ហើយ​ប្រការ​ទាំងនេះ​នឹង​ជួយ​បង្កើត​ការងារ​ថ្មី និង​បន្ថែម​ប្រាក់ចំណូល​ជូន​រដ្ឋ។

ចំណែក Febrio Kacaribu ​ប្រធាន​ទីភ្នាក់ងារ​គោលនយោបាយ​សារពើពន្ធ​នៃ​ក្រសួង​ហិរញ្ញវត្ថុ ប្រកាសថា រដ្ឋាភិបាល​នឹង​ផ្ដល់ជំនួយ​សម្រាប់​ការទិញ​ម៉ូតូ​អគ្គិសនី​ថ្មី​ចំនួន 200,000 គ្រឿង និង​ការប្ដូរ​ពី​ម៉ូតូ​សាំង​ទៅប្រើ​ប្រាស់​​ម៉ូតូ​អគ្គីសនី​ចំនួន 50,000 គ្រឿង​នៅក្នុង​ឆ្នាំនេះ។ ការទិញ ឬ​ប្ដូរ​យក​ម៉ូតូ​អគ្គិសនី​ថ្មី​មួយគ្រឿង​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន 7 លាន​រូពៀ (457 ដុល្លារ​អាម៉េរិក)។

កម្មវិធី​ឧបត្ថម្ភ​សម្រាប់​ការទិញ​ម៉ូតូ​ថ្មី​នឹង​ត្រូវបាន​អនុវត្ត​ចំពោះតែ​ម៉ូតូ​ផលិត​ក្នុងស្រុក​ដែលមាន​អត្រា​មូល​ដ្ឋា​នីយកម្ម​ចាប់ពី 40% ឡើងទៅ។ បណ្ដា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​ក្នុងស្រុក​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ដំឡើងថ្លៃ​ក្នុងអំឡុងពេល​អនុវត្ត​ការគោលការណ៍​ឧបត្ថម្ភ និង​ត្រូវ​សន្យាថា ផលិត​ឱ្យបាន​គ្រប់​ចំនួន​សម្រាប់​កម្មវិធី​នេះ។

អ្នក​ដែល​ត្រូវ​បានផ្ដល់​អាទិភាព​ក្នុង​ការទទួល​ប្រាក់ឧបត្ថម្ភ​ប្ដូរ​ក្នុង​កម្មវិធី​ខាងលើ​ ​គឺ​អាជីវកម្ម​ខ្នាត​​មីក្រូ តូច និង​មធ្យម (MSME) ក៏ដូចជា​គ្រួសារ​តែ​ប្រើប្រាស់​អគ្គិសនី​ប្រចាំខែ​ចន្លោះ​ពី 450 ទៅ 900VA ក្នុង​គោលដៅ​បង្កើន​ការផលិត និង​ប្រសិទ្ធភាព​ជំនួញ។

យោងតាម​ក្រសួង​ថាមពល និង​រ៉ែ KBLBB អាច​នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់ និង​រដ្ឋាភិបាល​សន្សំសំច័យ​ប្រា​ក់បាន 2.77 លាន និង 32.7 ពាន់​លាន​រូពៀ/ឆ្នាំ ព្រមទាំង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន 0.03 លាន​តោន/ឆ្នាំ និង​បង្កើន​ការងារ​បាន​ច្រើន បើ​ទោះ​ការប្រើប្រាស់​អគ្គិសនី​នឹង​កើន 15.2GWh ក្នុង​មួយឆ្នាំ៕

Advertisement