រុស្ស៊ី ប្រកាសថា យុទ្ធនាការ​យោធា​ថ្ងៃ​ដំបូង​នៅ អ៊ុយ​ក្រែ​ន ទទួលបាន​ជោគជ័យ

ប្រព័ន្ធ​រ៉ាដា​ មួយ​កន្លែង​នៅទីក្រុង​ Mariupol របស់ អ៊ុយក្រែន ត្រូវ​បាន​កម្ទេច​ដោយ​រ៉ុក្កែត​របស់​ រុស្ស៊ី កាល​ពី​ម្សិល​មិញ

ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាសថា បាន​កម្ទេច​គោលដៅ​លើដី​ចំនួន ៨៣ កន្លែង នៅ អ៊ុយ​ក្រែ​ន ក្នុងនោះ​រួមមាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា និង​យន្តហោះ​ជាច្រើន​គ្រឿង​ផងដែរ។

ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី ឧ​ត្ត​ម​សេនីយ៍​ទោ Igor Konashenkov។

Igor Konashenkov បញ្ជាក់ថា ក្នុងចំណោម​នោះ មាន ព្រលានយន្តហោះ​យោធា​ចំនួន ១១ កន្លែង, ទីបញ្ជាការ​យោធា​ចំនួន ៣ កន្លែង, មូលដ្ឋាន​ទ័ពជើងទឹក ១ កន្លែង, ប្រព័ន្ធ​រ៉ា​ដា​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-៣០០ និង Buk-M១ ចំនួន ១៨ កន្លែង។

ក្រៅពីនេះ យន្តហោះ​ចម្បាំង Su-២៧ ២ គ្រឿង, Su-២៤ ២ គ្រឿង, ឧទ្ធម្ភាគចក្រ ១ គ្រឿង និង យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ៤ គ្រឿង របស់​កងទ័ព​អ៊ុយ​ក្រែ​ន ក៏ត្រូវ​បាន​កម្ទេច​នៅក្នុង​ការវាយប្រហារ​ដោយ​រ៉ុក្កែត របស់ រុស្ស៊ី ក្នុង​ថ្ងៃ​ឈ្លានពាន​ដំបូង។

ក្រោម​ការជួយ​គាំទ្រ​ពី កងទ័ព​រុស្ស៊ី កម្លាំង​ផ្ដាច់ខ្លួន Donetsk (DPR) និង Luhansk (LPR) បាន​ទម្លុះ​ស្រទាប់​ការពារ​នៅ​ជួរមុខ​របស់ អ៊ុយ​ក្រែ​ន និង​បាន​រុលចូល​ក្នុង​ទឹកដី​ប្រទេស​នេះ ពី ៦ ទៅ ៨ គីឡូម៉ែត្រ បន្ថែមទៀត គិតពី​សមរភូមិ​ក្ដៅ។

ក៏ប៉ុន្តែ កងទ័ព​រុស្ស៊ី ក៏​ទទួលរង​ការខូចខាត​ផងដែរ​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​លុកលុយ​របស់ខ្លួន។ យន្តហោះ​ចម្បាំង Su-២៥ ១ គ្រឿង របស់ រុស្ស៊ី បាន​ធ្លាក់​ក្នុង​ទឹកដី អ៊ុយ​ក្រែ​ន ដោយសារ​កំហុស​បច្ចេក​ទេស។ យន្តហោះ​ដឹកជញ្ជូន​សម្ភារៈ​យោធា An-២៦ ១ គ្រឿង ធ្លាក់​នៅក្នុង​ខេត្ត Voronezh ជាប់​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន បណ្ដាលឱ្យ​ក្រុម​ហោះហើរ​បាត់បង់​ជីវិត​ទាំងអស់។ រុស្ស៊ី មិនទាន់​ប្រកាស​អំពី​តួលេខ​ទាហាន​របស់ខ្លួន ដែល​បាន​ស្លាប់ ឬ​រងរបួស​ក្នុង​បេសកកម្ម​នេះ​នៅឡើយ។

Advertisement