ដំណឹង​ល្អ​ពី អាហ្វ្រិក​ខាងត្បូង៖ អូ​មី​ក្រុង មិនអាច​គេចផុត​ពី​ខ្សែការពារ​ទី​ពីរ​របស់​អង្គ​ប​ដិ​ប្រាណ

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស អាហ្វ្រិក​ខាងត្បូង ទើបតែ​បានប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ បង្ហាញថា វីរុស​​កូ​វីដ​-១៩ ប្រភេទ អូ​មី​ក្រុង មិនមាន​សមត្ថភាព​គេច​រួច​ពី​ខ្សែការពារ​ទី​ពីរ​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស​ឡើយ នេះ​បើតាម​សារព័ត៌មាន Reuters។

យោងតាម​ការស្រាវជ្រាវ បណ្ដា​កោសិកា T នៅតែមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​កំណត់​អត្តសញ្ញាណ និង​វាយប្រហារ​ទៅលើ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ដូច្នេះ អាច​ទប់ស្កាត់​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ​នេះ វិ​វត្ត​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ។

បណ្ដា​កំណែ​របស់ អូ​មី​ក្រុង ជួយ​ឱ្យ​វា​គេច​ផុតពី​អង្គ​ប​ដិ​ប្រាណ ដែលជា​ខ្សែការពារ​ជួរមុខ​របស់​រាងកាយ ដែលមាន​តួនាទី​ទប់​ទល់នឹង​ការឆ្លង​រោគ។ កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា សមាសធាតុ​ផ្សេងទៀត​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស នៅតែ​ចោល​មុខព្រួញ​ទៅលើ អូ​មី​ក្រុង ប៉ុន្តែ មកដល់ពេលនេះ ទើប​ពួកគេ​រកឃើញ​ភ័ស្ដុតាង​ដែល​បញ្ជាក់​អំពី​ការសន្និដ្ឋាន​នោះ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​​នេះ​ ទើបតែ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ២៨ ធ្នូ នៅលើ​ទំព័រ medRxiv ដែលជា​ថ្នាល​បច្ចេកវិទ្យា​សម្រាប់​ចុះផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​ព្រមាន​ថា មិនគួរ​លើកឡើង​នូវ​ការសន្និដ្ឋាន​លឿន​ពេក​ដោយ​យោងទៅលើ​ទិន្នន័យបឋម​នេះ​ទេ ព្រោះថា​ការដែល​បានទទួល​ការចាក់​វ៉ាក់សាំង និង​ការដែល​ធ្លាប់​ឆ្លង កូ​វីដ-១៩ អាច​ជះឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការស្រាវជ្រាវ៕

Advertisement