តំណាងរាស្ត្រ​អាម៉េរិក ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ចូលឆ្នាំ​ចិន​ជា​ថ្ងៃ​បុណ្យជាតិ

សមាជិកសភា​ជាន់​ទាប​ដើមកំណើត​អាស៊ី Grace Meng ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ជា​បុណ្យជាតិ​របស់ សហរដ្ឋ​អាម៉េរិក។

«ជនជាតិ​អាម៉េរិក ដើមកំណើត​អាស៊ី គឺជា​ក្រុម​ដែលមាន​កំណើន​លឿន​ជាងគេ​នៅ​ប្រទេស​យើង ហើយ​នៅពេល​ពិធីបុណ្យ​នេះ​មាន​គេ​និយម​កាន់តែច្រើន ការ​ប្រែក្លាយ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី ឱ្យទៅជា​ថ្ងៃបុណ្យ​ជាតិ​គឺជា​រឿង​សម​ហេតុផល​ទាំងស្រុង» Grace Meng បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​មួយ ក្រោយពី​បានដាក់​សេចក្ដីព្រាងច្បាប់​នេះ​ឡើងទៅ​សភា កាលពី​ថ្ងៃទី ៣១ មករា។

«សេចក្ដីព្រាងច្បាប់​របស់​ខ្ញុំ​នឹង​បង្ហាញថា រដ្ឋាភិបាល​អាម៉េរិក ផ្ដល់​តម្លៃ​ដល់​ថ្ងៃបុណ្យ​ដែល​មនុស្ស​រាប់លាន​នាក់​ទទួល​អំណរ» លោកស្រី Meng អះអាង​ដូច្នេះ។

លោកស្រី Meng គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ជំរុញឱ្យមាន​ការចាត់ទុក​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​របស់​ប្រទេសមួយ​ចំនួន​នៅ អាស៊ី (ចូលឆ្នាំ​ចិន) ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​សិស្ស​នៅក្នុង ទីក្រុង​នី​វ​យ៉​ក តាំងតែ​ពី​ឆ្នាំ ២០១៦។

លោក​ស្រី Grace Meng

ជនជាតិ​អាស៊ី​នៅ សហរដ្ឋ​អាម៉េរិក ចង់​គោរព និង​អនុវត្តតាម​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​របស់​គ្រួសារ និង​ចូលរួម​សកម្មភាព​សហគមន៍​ក្នុង​ខែកុម្ភៈ ក្នុងនោះ​មានការ​ជួបជុំ​សមាជិកគ្រួសារ និង​ផ្ដល់​អាំង​ប៉ាវ​ដល់ក្មេងៗជាដើម។

សេចក្ដីព្រាងច្បាប់​របស់​លោកស្រី Meng ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅ សហរដ្ឋ​អាម៉េរិក កើតមាន​ការរើសអើង និង​ប្រមាថកាតទាន​លើ​ជនជាតិ​អាស៊ី ពិសេស​គឺ​ចិនដីគោក។

នៅ សហរដ្ឋ​អាម៉េរិក មាន​ថ្ងៃ​បុណ្យជាតិ​ចំនួន ១១ ក្នុងនោះ​រួមមាន​ទាំង​ថ្ងៃ​ចូលឆ្នាំ​សកល ទិវា​បុណ្យ​ឯករាជ្យ បុណ្យ​អរគុណ និង​បុណ្យ​ណូអែល​ជាដើម។ ស្ថាប័នរដ្ឋ​តែង​សម្រាក​ការងារ​នៅក្នុង​ថ្ងៃបុណ្យ​ជាតិ​ទាំងនេះ ខណៈដែល​ក្រុមហ៊ុន​ឯកជន និង​សាលារៀន អាច​ជ្រើសរើស​រវាង​សម្រាក និង​មិន​សម្រាក។ ចំណែក​រដ្ឋ​នានា​អាច​ជ្រើសរើស និង​អនុវត្ត​ថ្ងៃបុណ្យ​ជាតិ​ក៏បាន មិន​អនុវត្ត​ក៏បាន៕

Advertisement