កូរ៉េខាងត្បូងវឹលវល់! អ្នកជំងឺកូវីដ-19 ជាហើយ ឈឺឡើង​វិញ​ម្ដង​ទៀត​(មេរោគ​​អាច​គ្រាន់​តែសន្លប់ រួច​ហើយ​ងើប​ឡើង​វិញ…)

កូរ៉េខាងត្បូងវឹលវល់! អ្នកជំងឺកូវីដ-19 ជាហើយ ឈឺឡើងវិញម្ដងទៀត(មេរោគអាចគ្រាន់តែសន្លប់ រួចហើយងើបឡើងវិញ...)

វេបសាយ ដេលី មែល បានរាយការណ៍ថា កាលពីថ្ងៃទី6 មេសា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៃប្រទេស​កូរ៉េខាងត្បូង ឬ KCDC បានថ្លែងថា ប្រទេសកូរ៉េខាងត្បូង បានរកឃើញអ្នកជំងឺដែលជាសះស្បើយពីកូវីដ-19 ហើយ បែរជាត្រឡប់មកឈឺឡើងវិញម្ដងទៀតយ៉ាងតិច 51នាក់ហើយ ដែលការរកឃើញនេះ បានធ្វើឱ្យកើតមានការភ័យខ្លាចក្រែងថា មេរោគវីរុសអាចនឹងមានសមត្ថភាពត្រឡប់មកបញ្ចេញឫទ្ធិឡើងវិញបានម្ដងទៀត បើទោះ​បីជាអ្នកជំងឺម្នាក់នោះ មានលទ្ធផលអវិជ្ជមាននៃមេរោគវីរុសនោះហើយក៏ដោយ ក៏អាចនឹងត្រឡប់មកវិជ្ជមានបាន​ម្ដងទៀតដែរ។

KCDC បានបញ្ជាក់ថា អ្នកជំងឺមកពីទីក្រុង ធែគូ ជាទីក្រុងដែលមានការឆ្លងរាលដាលខ្លាំងក្លាបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបង្ខាំងឱ្យនៅដោយឡែក ក្រោយពីបានរកឃើញថា មានឆ្លងមេរោគ ហើយនៅពេលរកឃើញថា លែងមានមេរោគហើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ តែបែរជារកឃើញថា ឈាមមានលទ្ធផលវិជ្ជមានជាថ្មីម្ដងទៀត ដោយ KCDC បានបញ្ជាក់ថា មើលទៅហាក់ដូចជា វីរុសអាចវិលត្រឡប់មកមានឫទ្ធិជាថ្មីឡើងវិញបានម្ដងទៀត និងមិនមែនជាការត្រឡប់ទៅឆ្លងមេរោគម្ដងទៀតនោះទេ។

អ្នកវិទ្យាសាស្ត្ររបស់ KCDC ជឿថា មេរោគវីរុសអាចនឹងគ្រាន់តែឈប់សម្រាកបណ្ដោះអាសន្ន ក្នុងកម្រិតមួយដែលមិនអាចពិនិត្យរកឃើញនៅក្នុងកោសិកាមនុស្ស តែក៏នៅតែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការត្រឡប់​មក​មានឫទ្ធិម្ដងទៀតរបស់វីរុសនោះថា តើហេតុអី ទើបវាងើបឡើងវិញបាននៅឡើយ?។

យ៉ាងណាក៏ដោយ ជាបឋម បណ្ដាអ្នកជំនាញការទាំងអស់បានបញ្ជាក់ថា នៅមិនទាន់មានភ័ស្តុតាងដែលអាចពិសោធបានថា វីរុសអាចនឹងសម្រាក ហើយត្រឡប់មកបញ្ចេញឫទ្ធិម្ដងទៀតនៅឡើយ តែលទ្ធផលពីការស្រាវជ្រាវនៅលើសត្វស្វា បានរកឃើញថា មានលទ្ធផលផ្ទុយពីគ្នា និងបានបញ្ជាក់ទៀតថា ក្នុងករណីដែលអ្នកជំងឺរកឃើញលទ្ធផលវិជ្ជមាន 2ដង គឺជារឿងប្រក្រតី ព្រោះលទ្ធផលនៃការពិនិត្យដែលខុសឆ្គង អាចកើតឡើងបានរៀងរាល់អត្រា 1ភាគ5(5នាក់ អាចពិនិត្យខុស 1នាក់) ។

លោក ផូល ហាន់ធើរ៍ សាស្ត្រាចារ្យអ្នកជំនាញការផ្នែកជំងឺឆ្លង របស់មហាវិទ្យាល័យ អ៊ីស អ៊ែងហ្គ្លៀ បានបង្ហើបប្រាប់ ដេលី មែល អនឡាញថា លោកឯកភាពចំពោះរឿងដែលថា មិនគួរអាចនឹងមានការត្រឡប់មកកើតម្ដងទៀតបានឡើយ តែក៏មិនគិតថា វាជាការដែលមេរោគវីរុសរស់ឡើងវិញ និងត្រឡប់មកមានឫទ្ធិម្ដងទៀតបានដែរ។ តាមការយល់ឃើញផ្ទាល់ខ្លួន ដែលអាចនឹងអធិប្បាយអំពីរឿងនេះបាននោះគឺ ជា “លទ្ធផលអវិជ្ជមានក្លែងក្លាយ” ឬ “លទ្ធផលអវិជ្ជមានបណ្ដោះអាសន្ន” ដែលលោកបានថ្លែងថា លទ្ធផលនៃការពិនិត្យរកមេរោគវីរុសកូរ៉ូណានេះ អាចនឹងទទួលបានលទ្ធផលដែលខុសឆ្គងបានដល់ទៅ 20-30ភាគរយ ហើយលោកជឿថា លទ្ធផលនៃការពិនិត្យ​លើអ្នកជំងឺជនជាតិកូរ៉េខាងត្បូង មុននឹងបានទទួលការអនុញ្ញាតឱ្យចាកចេញពីការបង្ខាំងខ្លួននោះ ទទួលបានលទ្ធផលដែលខុសឆ្គង ដែលបង្ហាញឱ្យឃើញថា អ្នកទាំងនោះជាហើយ តែការពិតទៅ គឺនៅមានមេរោគនៅឡើយ។

ចំណែកលោក ចង យុន ខយ៉ុង អគ្គលេខាធិការ KCDC បានថ្លែងថា KCDC បានបញ្ជូនក្រុមមន្ត្រីស៊ើបអង្កេត ចុះទៅដល់ទីតាំងក្នុងទីក្រុងធែគូ រួចហើយ ដើម្បីពិនិត្យមើលរឿងដែលកើតឡើងនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement