អង់គ្លេស ជ្រើសរើស​មនុស្ស​រាប់ពាន់​នាក់​បន្ថែមទៀត​សម្រាប់​ការពិសោធ​ថ្នាំ​ប្រឆាំង​កូ​វីដ-១៩

កាលពី​ថ្ងៃទី ២៥ មករា អង់គ្លេស ប្រកាស​ជ្រើសរើស​មនុស្ស​បន្ថែមចំនួន ៦,០០០ នាក់ ឱ្យ​ចូលរួម​ក្នុង​ការពិសោធ​អំពី​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់​ថ្នាំ molnupiravir ដែល​ផលិត​ដោយ​ក្រុមហ៊ុន Merck។

អាជ្ញាធរ​គ្រប់គ្រង​ឪ​សថ និង​ផលិតផល​ថែរក្សា​សុខភាព​របស់ អង់គ្លេស (MHRA) បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ខាងលើ​ចាប់ពី​ខែវិច្ឆិកា ២០២១។

រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ បន្តធ្វើ​ការស្រាវជ្រាវ​ទូទាំងប្រទេស ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ព្យាបាល​ល្អ​បំផុត​នៅពេល​អនុវត្ត​ជាក់ស្ដែង។ ក្រសួងសុខាភិបាល​អង់​គ្លេ​ស ឱ្យដឹងថា បច្ចុប្បន្ន មាន​មនុស្ស​ចំនួន ៤,៥០០ នាក់ បាន​ចុះឈ្មោះ​ចូលរួម​ការពិសោធ ប៉ុន្តែ ត្រូវការ​ជ្រើសរើស​មនុស្ស ៦,០០០ នាក់​ទៀត ដើម្បី​អាច​ប្រមូល​ទិន្នន័យ​បាន​គ្រប់​ជ្រុងជ្រោយ។

កម្មវិធី​ស្រាវជ្រាវ​ខាងលើ​មាន​ឈ្មោះថា Panoramic។ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​យោងទៅលើ​ភាពជាក់ស្ដែង ក្នុងនោះ Merck នឹង​ប្រើប្រាស់​ថ្នាំ molnupiravir នៅក្នុង​ប្រទេសមួយ​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់។

ទិន្នន័យ​របស់ Merck នាពេល​កន្លង​គឺ​យោងទៅតាម​តែ​ការស្រាវជ្រាវ​លើ​មនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ។ ដូច្នេះ​គេ​ត្រូវការ​ទិន្នន័យ​ពី​ការស្រាវជ្រាវ​លើ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​វិញ​ម្ដង។ ទិន្នន័យ​ដែល Merck ប្រមូលបាន​កន្លងមក​បង្ហាញថា ថ្នាំ molnupiravir កាត់បន្ថយ​បាន ៣០% នៃ​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ និង​ស្លាប់ ចំពោះ​មនុស្ស​វ័យ​ចំណាស់ បើសិនជា​អ្នកជំងឺ​ឆាប់​លេបថ្នាំ៕

Advertisement