ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក(វីដេអូ)

ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក

អ្នក​បើក​បរ​រថភ្លើង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ព្យាយាម​បង្វែរ​ក្បាល​រថភ្លើង​តម្រង់​ទៅ​កាន់​នាវា​មន្ទីរពេទ្យ​ USNS Mercy នៅ​ក្នុង​រដ្ឋ​ Los Angeles ដោយ​សារ​តែអ្នក​បើក​បរ​រូប​នេះ​ សង្ស័យ​អំពី​គោល​បំណង​នៃ​​វត្ត​មាន​របស់​នាវា​មន្ទីរ​ពេទ្យ​នេះ​។

Eduardo Moreno អាយុ​44​ឆ្នាំ រស់នៅ​ក្នុង​តំបន់ San Pedro ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ ក្រោយ​ការ​បំផ្លាញ​រថភ្លើង​កាលពី​យប់​ថ្ងៃ​ទី​31​មករា​” នេះ​បើ​តាម​ការ​ប្រកាស​​របស់​ការិយាល័យ​មេធាវី​នៃតំបន់​​ Central District ក្នុង​រដ្ឋ​ California នា​ថ្ងៃ​នេះ​។

កាមេរ៉ា​នៅ​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ថា Moreno បាន​បើក​បរ​រថភ្លើង​ក្នុង​ល្បឿន​លឿន​បំផុត​នៅ​ចុង​ផ្លូវ​ដែក​ ក្បែរ​កំពង់​ផែ​ Los Angeles។ រថភ្លើង​នេះ​បាន​បុក​របង​បេតុង​ រួច​ទម្លុះរបង​ដែក​ និង​របង​សំណាញ់​ដែក បន្ទាប់​មក​ក៏​ជ្រុល​ទៅ​ដល់​ទីលាន​​ចត​រថយន្ត​ និង​បុក​ទៅ​លើ​ជញ្ជាំង​របង​ផ្សេង​មួយ​ទៀត​។

ហេតុ​ការណ៍​នេះ មិន​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​នោះ​ទេ​ ហើយ​ក៏​មិន​មាន​រថយន្ត​ណាមួយ​ត្រូវ​រង​ការ​ខូច​ខាត​នោះ​ដែរ​។ ក្បាល​រថភ្លើង​ បាន​ឈប់​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​200​ម៉ែត្រ​ពី​នាវា​មន្ទីរពេទ្យ​ USNS Mercy។

ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិកជនសង្ស័យ​បាន​សារភាព​រួច​ហើយ​នៅក្នុង​ការ​សួរ​ចម្លើយ​របស់​សមត្ថ​កិច្ច​នៅ​ឯកំពង់​ផែ Los Angeles នៅ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI)។ Moreno បាន​ឱ្យ​ដឹង​ថា​ សកម្ម​ភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​ ដោយ​បាន​អះអាង​ថា​ វត្តមាន​របស់​នាវា​មន្ទីរ​ពេទ្យ​ USNS Mercy មិន​មែន​ដើម្បី​ជួយ​ដល់​ការ​ប្រឆាំង​នឹង​វីរុស​COVID-19 នោះ​ទេ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ “ផ្នែក​មួយ​ក្នុង​ផែន​​ការ​ក្ដោប​ក្ដាប់​អំណាច​របស់​រដ្ឋាភិបាល​” តែប៉ុណ្ណោះ​។ នេះ​បើ​តាម​ Washington Times។

“Moreno យល់​ថា USNS Mercy ពិត​ជាគួរ​ឱ្យ​សង្ស័យ​ ហើយ​គាត់​ក៏មិន​ជឿ​ទៅ​លើ​ការ​ប្រកាស​របស់​មន្ត្រី​អំពី​គោល​បំណង​របស់​វា (នាវា)” នេះ​បើ​តាម​ការ​ប្រកាស​របស់​ការិយាល័យ​មេធាវី​។ ការ​ប្រកាស​នេះ​បន្ត​ថា ជនសង្ស័យ​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​​រយៈ​ពេល​20​ឆ្នាំ​។

មុន​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បញ្ជា​ឱ្យ​នាវា​មន្ទីរពេទ្យ​ USNS Mercy ធ្វើ​ដំណើរ​ទៅកាន់​ Los Angeles និង​នាវា​ USNS Comfort ទៅកាន់​ទីក្រុង​ New York។ នាវា​នីមួយ​ៗ មាន​គ្រែ​ចំនួន​1,000​​ និង​បន្ទប់​វះ​កាត់​ចំនួន​12។ នាវា​ទាំង​នេះ​មិន​មាន​សមត្ថ​ភាព​ព្យាបាល​ COVID-19 នោះ​ទេ ប៉ុន្តែវា​អាច​ទទួល​ព្យាបាល​អ្នក​ជំងឺ​ធម្មតា​ (ក្រៅ​ពី​ជំងឺ​កូរ៉ូណា) ដើម្បី​ទុក​ឱ្យ​មន្ទីរ​ពេទ្យ​នានា​នៅ​លើ​គោក​ អាច​ផ្ដោត​ទៅ​លើ​ការ​ព្យាបាល​តែ​អ្នកជំងឺ​ COVID-19។

USNS Comfort និង​ USNS Mercy គឺជា​នាវា​មន្ទីរពេទ្យ​ដែល​ស្ថិត​ក្នុង​ក្រុម​នាវា​ Mercy ដែល​ជា​នាវា​ប្រភេទធំ​បំផុត​លំដាប់​ទី​3​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បន្ទាប់ពី​កំពូល​នាវា​ Nimitz និង Gerald R. Ford៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement