អង់គ្លេស នឹង​ទទួល​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន 20,000 នាក់

កុមារ​ និង​គ្រួសារ​ជនភៀស​ខ្លួន​ អាហ្វហ្គានីស្ថាន​ នៅ​វិហារ​ Wazir Akbar Khan ក្នុង​រដ្ឋធានីកាប៊ុល កាលពី​ថ្ងៃ​ទី 13 សីហា

ចក្រភព​អង់គ្លេស នឹង​ទទួលយក​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន ចំនួន 20,000 នាក់ ទៅតាម​ផែនការ​រយៈពេល 5 ឆ្នាំ ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជាច្រើន បាន​រត់គេច​ពី​ក្រុម តា​លី​បង់។

«អង់គ្លេស មាន​បំណុល​មនោសញ្ចេតនា​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​បានធ្វើការ​ជាមួយ​យើង ដើម្បី​ប្រែក្លាយ អា​ហ្វ​ហ្គា​នី​ស្ថាន ទៅជា​ទីកន្លែង​ល្អប្រសើរ​ជាង​មុន ក្នុងអំឡុង 20 ឆ្នាំ​កន្លង។ មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកគេ ពិសេស​គឺ​ស្ត្រី កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​របស់​យើង។ ខ្ញុំ​មាន​មោទកភាព​ណាស់ ដោយ អង់គ្លេស អាចអនុវត្ត​ដំណាក់កាល​នេះ​ដើម្បី​ជួយ​ពួកគេ និង​គ្រួសារ រស់នៅ​ដោយ​សុវត្ថិភាព​នៅ​ប្រទេស អង់គ្លេស» នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី 17 សីហា នៅពេល​ប្រកាស​អំពី​គម្រោង​ទទួល​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន។

ក្នុង​ឆ្នាំ​ដំបូង ជនភៀសខ្លួន 5,000 នាក់​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ រួមមាន​ស្ត្រី និង​កុមារី រួម​នឹង​ក្រុម​សាសនិក​ភាគតិច នឹង​ទទួលបាន​អាទិភាព។

ក្រសួងមហាផ្ទៃ អង់គ្លេស ឱ្យដឹងថា «ផែនការ​ទទួល​ជនភៀសខ្លួន​នេះ នឹងត្រូវ​បាន​ពិនិត្យមើល​បន្តទៀត​ក្នុង​បណ្ដា​ឆ្នាំ​បន្ទាប់ ដោយ​មនុស្ស​ចំនួន 20,000 នាក់ នឹងត្រូវ​បានទទួល​យក​ក្នុង​រយៈពេល​យូរ»។

នាយក​រដ្ឋមន្ត្រី​ អង់គ្លេស​ លោក​ Boris Johnson និង​លោក​ស្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង់គ្លេស Priti Patel

លោកស្រី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អង់គ្លេស Priti Patel ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស ឱ្យជួយ​ដល់​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន។ លោកស្រី​បញ្ជាក់ថា៖ «យើងខ្ញុំ​មិនអាច​ធ្វើ​រឿងនេះ​តែ​ម្នា​ក់ឯក»។

កម្មវិធី​ស្រដៀង​គ្នា​នេះ ធ្លាប់​ត្រូវបាន អង់គ្លេស ធ្វើឡើង​នៅ​ប្រទេស ស៊ី​រី រួចហើយ ដោយបាន​ទទួលយក​ជ​ន​ភៀសខ្លួន 20,000 នាក់ ទៅ​រស់នៅ​ប្រទេស អង់គ្លេស ចាប់ពី​ឆ្នាំ 2014 ដល់​ឆ្នាំ 2021។ ប៉ុន្តែ ក្រុម​រដ្ឋមន្ត្រី​ទទួលស្គាល់ថា ការនាំ​មនុស្ស​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ជាក់ស្ដែង នឹង​ស្មុគស្មាញ ដោយសារ​កម្រិត​នៃ​ការត្រួតត្រា​របស់ តា​លី​បង់។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា តា​លី​បង់ នឹង​អនុញ្ញាតឱ្យ​ពលរដ្ឋ​របស់​ពួកគេ​ចាក​ចេញទៅ​បរទេស​ក្នុង​កម្រិតណា​នៅឡើយ។

សហរដ្ឋអាមេរិក និង អង់គ្លេស សន្យាថា នឹង​បន្តសកម្មភាព​ជម្លៀស​ជនភៀសខ្លួន​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។ អង់គ្លេស គឺជា​ប្រទេស​សកម្ម​ទី​ពីរ បន្ទាប់ពី សហរដ្ឋអាមេរិក នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង តា​លី​បង់ ក្រោយពី​មាន​អំពើ​ភេរវកម្ម​នៅ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 កញ្ញា 2021។ ទាហាន​របស់ អង់គ្លេស ជាង 450 នាក់ ក៏បាន​បាត់បង់​ជីវិត នៅក្នុង​សង្គ្រាម អា​ហ្វ​ហ្គា​នី​ស្ថាន៕

Advertisement