វីដេអូស្ដែងៗ បង្ហាញ​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ ម៉ិ​ក​ស៊ិ​ក ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក កម្ទេច​មូលដ្ឋាន​របស់​សត្រូវ

សារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក បាន​បង្ហោះ​វីដេអូ​មួយចំនួន ដែល​បង្ហាញ​អំពី​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ ម៉ិ​ក​ស៊ិ​ក ទម្លាក់​គ្រាប់បែក​កម្ទេច​ជម្រក​របស់​គូសត្រូវ។

យោងតាម​ទូរទស្សន៍ RT (រុស្ស៊ី) វីដេអូ​នេះ ទំនងជា​ត្រូវបាន​ថត​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក នៅពេល​កំពុង​ទម្លាក់​គ្រាប់បែក​ទៅលើ​តង់​ជម្រក​នានា​នៅក្នុង​ព្រៃ​ជ្រៅ។ ចំណែក​សារព័ត៌មាន El Pais របស់ អេ​ស្ប៉ា​ញ វិញ បាន​រាយការណ៍​ថា យន្តហោះ​ក្នុង​វីដេអូ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន Jalisco New Generation Cartel (CJNG)។

ក្រោយ​ការទម្លាក់​គ្រាប់​បែប​បាន​ប៉ុន្មាន​វិនាទី មនុស្សម្នា​ក្នុង​មូលដ្ឋាន​នេះ ក៏​នាំគ្នា​រត់​ប្រសាចរៀងៗខ្លួន។ ចំណែក​យន្តហោះ​ដែល​នៅ​ពីលើ បន្ត​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រាប់​ថែមទៀត។

សារព័ត៌មាន​ដទៃទៀត យល់ថា ក្រុមសង្គមងងឹត​ខាងលើ ថែមទាំង​វាយប្រហារ​សំដៅ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ ជា​អ្នក​ដែល​បាន និង​កំពុង​រារាំង​សកម្មភាព​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​មូលដ្ឋាន​របស់​ក្រុម​ល្មើសច្បាប់​ទៀតផង។ យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ត្រូវ​រងរបួស​នៅក្នុង​ហេតុការណ៍​ទម្លាក់​គ្រាប់បែក។

កាលពី​ខែធ្នូ ២០២១ អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា CJNG គឺជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​ប្រើប្រាស់​អំពើហិង្សា និង​គួរឱ្យ​ញញើត​បំផុត នៅ ម៉ិ​ក​ស៊ិ​ក។ អង្គភាព​នេះ ឱ្យដឹងថា «ការកម្ទេច CJNG គឺជា​អាទិភាព​ខ្ពស់​មួយ» របស់​ពួកគេ ហើយ​ថា នឹង​ជូន​រង្វាន់ ១០,០០០,០០០ ដុល្លារ ដល់​អ្នក​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​ស្ដីពី​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ។

ចាប់តាំងពី​ខែធ្នូ ២០២១ ស្ថានភាព​អំពើហិង្សា​មិន​ត្រូវបាន​គ្រប់គ្រង បាន​បង្ខំ​ឱ្យ​ប្រជាជន​ជិត​ពាក់កណ្ដាល ក្នុងនោះ​មាន​ទាំង​ក្រុមប៉ូលិស​ផងដែរ នៅ​តំបន់​ក្រុង Chinicuila ត្រូវ​រត់ចោលស្រុក ក្នុងចំណោម​នោះ មាន​អ្នកខ្លះ​បាន​ភៀសខ្លួន​ទៅកាន់​រដ្ឋ Colima នេះ​បើតាម​ទូរទស្សន៍ Imagen របស់ ម៉ិ​ក​ស៊ិ​ក។ ក្រុមមនុស្ស​ជាច្រើន​ផ្សេងទៀត បាន​ឆ្លងដែន​ពី ម៉ិ​ក​ស៊ិ​ក ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​គេច​ពី​អំពើហិង្សា៕

Advertisement