រដ្ឋាភិបាលចិន ផ្ដល់ប្រាក់លើកទឹកចិត្តដល់ពលរដ្ឋដែលទទួលឆ្នាំថ្មីនៅនឹងកន្លែង

ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ អាជ្ញាធរ​ជាច្រើន​តំបន់​នៅ ប្រទេស​ចិន បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទទួល​អំណរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ នៅនឹងកន្លែង។

នៅ រដ្ឋធានី​ប៉េកាំង, សៀង​ហៃ (Shanghai) ធាន​ជីន (Tianjin), ហេ​ណាន (Henan), ជេ​ជាំ​ង (Zhejiang), ក្វាង​ស៊ី (Guangxi), ម៉ុង​ហ្គោ​លី​ក្នុង(Inner Mongolia) ប្រជាពលរដ្ឋ​ត្រូវបាន​អាជ្ញាធរ​អំពាវនាវ​ឱ្យ​លុបចោល​គម្រោង​ធ្វើដំណើរ និង​មិនត្រូវ​ចាក​ចេញពី​ទីក្រុង នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន បើសិនជា​មិនចាំបាច់។ តំបន់​ជាច្រើន​ក៏មាន​ផែនការ​ផ្ដល់ជំនួយ​ចាប់ពី ៥០០ ដល់ ១,០០០ យុន/ម្នាក់ ដើម្បី​សម្រួល​ដល់​ការចូល​ឆ្នាំ​នៅនឹងកន្លែង​របស់​ពល​រដ្ឋ។ ក្រុមហ៊ុន រោងចក្រ​ជាច្រើន​ថែមទាំង​ធានា​កន្លែង​ស្នាក់នៅ ផ្គត់ផ្គង់​អាហារ​ហូបចុក​នៅក្នុង​ថ្ងៃ​ចូលឆ្នាំ សម្រាប់​កម្មករ​នៅ​ធ្វើការ​ផងដែរ។

ប្រកាស​ទាំងឡាយ​ខាងលើ​ត្រូវបាន​ប្រកាស​នៅ​គ្រា​ដែល ប្រទេស​ចិន បាន​រកឃើញ​អ្នក​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ជាច្រើន​ករណី​នៅក្នុង​សហគមន៍។

អាជ្ញាធរ​តំបន់ ធានជីន (Tianjin) កំពុង​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​កូវីដ-១៩ មុន​ចូល​ឆ្នាំ​ចិន​

អាជ្ញាធរ​ក៏​រឹតបន្តឹង​លើ​ការដើរ​ហើរ​របស់​ប្រជាជន​ទូទៅ។ អ្នកដំណើរ​នឹងត្រូវ​តម្រូវឱ្យ​ស្កេ​ន​កាត បង្ហាញ​លិខិតស្នាម ធ្វើតេស្ត PCR បើសិន​ចូលទៅ​កាន់ ក្រុង​ប៉េកាំង ឬ​ចាក​ចេញពី ធាន​ជីន។ ចំណែក​ប្រជាជន​ដែល​មកពី​ខេត្ត​ដទៃ ចូលមក​រដ្ឋធានី ក៏​ត្រូវតែ​សុំច្បាប់។ ជនបរទេស​ដែល​ស្នាក់​នៅក្នុង​រដ្ឋធានី ត្រូវបាន​ពិនិត្យ​ជា​ញឹកញាប់​នូវ​ប្រវត្តិ​នៃ​ការធ្វើដំណើរ។

ចំណុចរួម​របស់​តំបន់​នានា​គឺ​ការ​តម្រូវឱ្យ​ប្រជាជន​ពី​ខេត្ត​ដទៃ​ចូល​មកលេង​ឆ្នាំ​ថ្មី ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន និង​តាមដាន​សុខភាព​ក្នុងផ្ទះ​រយៈពេល ១៤ ថ្ងៃ បើសិន​មកពី​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់៕

Advertisement