អាល្លឺម៉ង់ អនុញ្ញាតឱ្យ​ឱសថស្ថាន ចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ដល់​អតិថិជន

ប្រជាជន​អាល្លឺម៉ង់ អាច​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ នៅតាម​ឱសថស្ថាន នៅ ២ សប្ដាហ៍​ខាងមុខ។

នេះ​គឺជា​លើកដំបូង​ដែល អាល្លឺម៉ង់ អនុវត្ត​រូបមន្ត​នេះ បន្ទាប់ពី​ការកំណត់​របស់​រដ្ឋាភិបាល​ដែល​បាន​កែប្រែ អនុញ្ញាតឱ្យ​ឱសថស្ថាន​នានា បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​អតិថិជន​របស់​ពួកគេ។

យោងតាម​ប្រភពព័ត៌មាន​ពី​រដ្ឋធានី​ប៊ែ​ឡាំង (Berlin) ក្រោយពី​ទទួលបាន​ការអនុញ្ញាត ឱសថស្ថាន​ជាច្រើន​នៅ​ទូទាំងប្រទេស កំពុង​ត្រៀម​ដើម្បី​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង។ លោក Thomas Preis សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ឱសថការី​អាល្លឺម៉ង់ បានឱ្យដឹងថា នឹងត្រូវ​ចំណាយពេល​ប្រហែល​ពី ១ ទៅ ២ សប្ដាហ៍​ទៀត មុនពេល​ឱសថស្ថាន​នានា​អាច​ចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង។ បច្ចុប្បន្ន ឱសថស្ថាន​ទាំងឡាយ កំពុងតែ​ធ្វើ​ការបញ្ជាទិញ​វ៉ាក់សាំង។

លោក Preis បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធនាការ​ខាងលើ នៅក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ខ្លាំង​ពី កូ​វីដ-១។ យោងតាម​បទបញ្ជា​ថ្មី បុគ្គលិក​នៃ​ឱសថស្ថាន​ត្រូវតែ​ជាម​នុស្ស​ដែលមាន​ការបណ្ដុះបណ្ដាល​អំពី​ការចាក់​វ៉ាក់សាំង។ ក្រៅពីនេះ ឱសថការី​ដែល​ចាក់​វ៉ាក់សាំង​ក៏​ទទួលបាន​ប្រាក់កម្រៃ​ដូច​ទៅនឹង វេជ្ជបណ្ឌិត ផងដែរ។

កាលពី​ខែធ្នូ ២០២១ អាល្លឺម៉ង់ បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការទប់ស្កាត់ កូ​វីដ-១៩ ដើម្បី​បើកផ្លូវ​ឱ្យ​ទីតាំង និង​អ្នកជំនាញ​នានា​ដូចជា ឱសថស្ថាន ទន្តពេទ្យ និង​បសុពេទ្យ អាច​ចាក់​វ៉ាក់សាំង​ដល់​អតិថិជន​របស់​ពួកគេ។

គិត​មកដល់​បច្ចុប្បន្ន ប្រជាជន​អាល្លឺម៉ង់ ប្រមាណ ៧២% បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ និង ៤៣.៥% បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ៕

Advertisement