អ្នកវិទ្យាសាស្ត្រមួយ​ក្រុម​ ថ្មី​ៗ​នេះ​ទើប​តែ​បាន​ រកឃើញ «​អវយវៈ​ថ្មី» ​មួយ​នៅក្នុង​រាងកាយ​មនុស្ស

អវយវៈ​ថ្មី​មួយ ទើបតែ​ត្រូវបាន​រកឃើញ​នៅក្នុង​រាងកាយ​មនុស្ស ហើយ​អ្នកវិទ្យាសាស្ត្រ​អះអាងថា «វា​ខុសគេ» បើ​និយាយ​អំពី​ការវះកាត់។

អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Szilvia Mezey នៃ​សាកលវិទ្យាល័យ Basel (ស្វ៊ី​ស) និង​សាស្ត្រាចារ្យ Jens Christoph Turp មកពី​សាកលវិទ្យាល័យ Basel (UZB) បាន​រកឃើញ​អវយវៈ​ថ្មី​មួយ​នៅក្នុង​រាងកាយ​របស់​មនុស្ស។ នោះ​គឺជា​ស្រទាប់​ទី ៣ ស្ថិតនៅ​ជ្រៅ​ក្នុង​សាច់ដុំ​ថ្គាម (masseter) ដែលជា​សាច់ដុំ​សំខាន់​សម្រាប់​ការ​ទំពារ។

នៅក្នុង​សៀវភៅ​សិក្សា​ស្ដីពី​ការវះកាត់​ទំនើប រហូតមកដល់​បច្ចុប្បន្ន គ្រាន់តែ​បង្ហាញថា សាច់ដុំ​ថ្គាម​មានតែ ២ ស្រទាប់​ប៉ុណ្ណោះ ក្នុងនោះ ស្រទាប់​មួយ​នៅ​ជ្រៅ និង​ស្រទាប់​មួយទៀត​នៅ​ខាងលើ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​វះកាត់​ក្បាល​របស់​សាកសព​ចំនួន ១២ នាក់ ដែល​ត្រូវបាន​រក្សាទុក​ក្នុង​សារធាតុ formaldehyde និង​ថត CT សាកសព​ចំនួន ១៦ នាក់ រួចហើយ​ពិនិត្យមើល​រូបភាព​ថត MRI របស់​មនុស្ស​ដែល​នៅរស់។ ពួកគេ​បាន​រកឃើញថា ស្រទាប់​ទី ៣ នៃ​សរសៃពួរ​សាច់ដុំ​ថ្គាម មាន​ភាព «ខុសប្លែក​ចំពោះ​ផ្នែក​វះកាត់»។

ស្រទាប់​ដែល​នៅ​ជ្រៅ​នេះ អាច​ត្រូវបាន​បែងចែក​ច្បាស់​ជាមួយនឹង​ស្រទាប់​ចំនួន ២ ទៀត ទាក់ទង​នឹង​ដំណើរការ និង​មុខងារ​របស់​វា» វេជ្ជបណ្ឌិត Mezey ឱ្យដឹង​ដូច្នេះ។

ស្រទាប់​សរសៃពួរ​សាច់​ដុំ​ថ្គាម​ថ្មី​ដែល​ទើប​ត្រូវបាន​រកឃើញ គឺជា​ផ្នែក​តែមួយគត់​របស់​សរសៃ​ពួរ​សាច់ដុំ​ថ្គាម​ដែល​អាច​ទាញ​ឆ្អឹងថ្គាម​ទៅក្រោយ នេះ​បើតាម​លោក Mezey។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ស្នើឱ្យ​ដាក់ឈ្មោះ​ស្រទាប់​សាច់ដុំ​ថ្គាម​ថ្មី​នេះ​ថា « Musculus masseter pars coronidea »។

គ្រប់គ្នា​ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​នៅពេល​អ្នកស្រាវជ្រាវ​រក​ឃើញ​អវយវៈ​ថ្មី​របស់​រាងកាយ។ ប៉ុន្តែ កាលពី​ឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ផ្សេងទៀត ក៏បាន​រកឃើញ​ក្រពេញទឹកមាត់​ថ្មី​មួយ​ដែល​ស្ថិតនៅក្នុង​ក្បាល​របស់​មនុស្ស៕

Advertisement