យានអវកាស​របស់ ចិន រកឃើញ​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ

យាន​ចុះចត​លើ​ឋាន​ព្រះចន្ទ​ Chang'e ៥ របស់​ ប្រទេស​ចិន

យាន​ចុះចត Chang’e ៥ របស់ ប្រទេស​ចិន បាន​រកឃើញ​សញ្ញា​របស់​ទឹក​នៅក្នុង​សំណាក​ដី និង​ថ្ម ដែល បាន​យក​ពី​ទីតាំង​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​​របស់​ ប្រទេស​ចិន បានប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ពួកគេ បង្ហាញថា យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ Change’e ៥ បាន​រកឃើញ​សញ្ញា​របស់​ទឹក​នៅត្រង់​កន្លែង​ចុះចត។ យាន​នេះ​បាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី ១ ធ្នូ ២០២០ ដើម្បី​យក​សំណាក​ថ្ម និង​ដី​មក​ពិសោធ។ សំណាក​នេះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ឡើងទៅ​ឱ្យ​យាន​មួយគ្រឿង​ដែល​កំពុង​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ហើយក៏​ត្រូវបាន​បញ្ជូន​បន្ត​មកកាន់​ផែនដី​កាលពី​ថ្ងៃទី ១៧ ធ្នូ ២០២០។ យានអវកាស​ចិន បាន​នាំយក​សំណាក​ដី និង​ថ្ម​ពី​ឋាន​ព្រះ​ចន្ទ ទម្ងន់​សរុប ១,៧៣១ ក្រាម មកកាន់​ផែនដី។

យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Science Advances កាលពី​ថ្ងៃទី ៨ មករា ២០២២ ដី​របស់​ព្រះ​ចន្ទ​ត្រង់​តំបន់​ចុះចត​របស់​យានអវកាស​ចិន មាន​ផ្ទុក​ទឹក​មិន​ដល់ ១២០ ppm (ឬ​ស្មើនឹង ១២០ ក្រាម/ដី ១ តោន) ចំណែក​ដុំថ្ម​ស្រាល ១ ដុំ នៅ​ទីនោះ មាន​ផ្ទុក​ទឹក ១៨០ ppm ដែល​នេះ​ស្ងួត​ជាង​ឆ្ងាយ​ធៀប​នឹង​ផែនដី។

Lin Honglei ដែលជា​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ភូគព្ភសាស្ត្រ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន បានឱ្យដឹងថា ការរកឃើញ​ថ្មី​នេះ​គឺជា​ការផ្ដល់​ទិន្នន័យ​បន្ថែម​សម្រាប់​បេសកកម្ម Chang’e ៦ និង Chang’e ៧ របស់ ចិន នាពេល​អនគ​ត៕

Advertisement