Skip to content

អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​កងក​ម្លាំ​ង​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់

កងទ័ព​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ដល់​ទាហាន​នៅក្នុង​កងកម្លាំង​ចម្រុះ​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់ បើសិន​ពួកគេ​ត្រូវបាន​បញ្ជា​ឱ្យ​វាយលុក​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

«ផ្ញើជូន​បណ្ដា​ទាហាន​បេឡា​រុស ៖ បើសិន​អ្នក​មិនមាន​ជម្រើស​ផ្សេង​ក្រៅតែពី​ការអនុវត្ត​តាម​បទបញ្ជា​ឱ្យ​ឆ្លងដែន​ដើម្បី​ចូលរួម​សង្គ្រាម​របស់ រុស្ស៊ី ប្រឆាំងនឹង អ៊ុយ​ក្រែ​ន ចូរ​បិទ​ម៉ាស៊ីន​យានយន្ត ដោះ​គ្រាប់ លើក​ទង់​ស ហើយ​​រង់ចាំ​ជួប​តំណាង​របស់​យើងខ្ញុំ» អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន សរសេរ​សារ​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី 11 វិច្ឆិកា​ដូច្នេះ។

កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាសថា ទាហាន​បេឡា​រុស ដែល​ទម្លាក់អាវុធ​នឹងត្រូវ​បាន​ធានា​ទៅលើ​កន្លែង​ស្នាក់នៅ។ សម្ភារ និង​អាវុធ​របស់​ពួកគេ​នឹង​ត្រូវបាន​រក្សាទុក​សម​ស្រប ហើយ​ទាហាន​អាច​ត្រលប់​ទៅផ្ទះ និង​ទទួល​អាវុធ​ទៅវិញ​ក្រោយពី​សង្គ្រាម​បានបញ្ចប់។

អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន ក៏បាន​អំពាវនាវ​ឱ្យ ទាហាន​រុស្ស៊ី ក្នុង​កងកម្លាំង​ចម្រុះ​ជាមួយ បេឡា​រុស ដាក់អាវុធ​ចុះចាញ់​ផងដែរ។ «គ្រប់គ្នា​នឹងត្រូវ​បាន​ប្រព្រឹត្ត​ទៅតាម​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​បាន​ត្រលប់​ទៅផ្ទះ​នៅពេល​សង្គ្រាម​បានបញ្ចប់ មិន​ដូច្នេះ​ទេ គ្រប់គ្នា​មានតែ​រង់ចាំ​ការស្លាប់​នៅលើ​សមរភូមិ​ប៉ុណ្ណោះ» សារ​របស់ អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន មាន​ឃ្លា​សរសេរ​ដូច្នេះ។

បេឡា​រុស គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ រុស្ស៊ី និង​បាន​អនុញ្ញាតឱ្យ ទីក្រុង​មូ​ស្គូ ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ដើម្បី​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ បេឡា​រុស ក៏​ត្រូវបាន​សង្ស័យថា អនុញ្ញាតឱ្យ រុស្ស៊ី ប្រើប្រាស់​ដែនអាកាស​ដើម្បី​បាញ់​ប្លោង​មី​ស៊ី​ល​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *