មូលហេតុ​ដែល​នាំ​ឱ្យ​ ចិន និង រុស្ស៊ី សហការគ្នា​បង្កើត​មូលដ្ឋាន​យូរអង្វែង នៅលើ​ឋាន​ព្រះ​ចន្ទ

គម្រោង​សាងសង់​មូលដ្ឋាន​លើ​ឋាន​ព្រះ​ចន្ទ​រួម​របស់ ចិន និង រុស្ស៊ី ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​បម្រាម​របស់ សហរដ្ឋ​អាម៉េរិក និង​ក្នុង​បំណង​មានប្រៀប​ជាងគេ​នៅក្នុង​ការដណ្ដើម​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ។

ខាងលើនេះ​គឺជា​ការអះអាង​របស់​អ្នកវិភាគ​ផ្នែក​សន្តិសុខ​សកល Gabriel Honrada នៅលើ​ទំព័រសារព័ត៌មាន​អាស៊ី Asiatimes.com ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ៣ មករា។

អ្នកជំនាញ Honrada បានឱ្យដឹងថា ចិន និង រុស្ស៊ី មាន​ផែនការ​សាងសង់​មូលដ្ឋាន​រួម​នៅលើ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០២៧ លឿន​ជាង ៨ ឆ្នាំ ធៀប​នឹង​គម្រោង​ដំបូង។ មូលដ្ឋាន​ដែល​ត្រូវបាន​ហៅថា ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ (ILRS) នេះ នឹង​រួមមាន ផ្នែក​ស្រាវជ្រាវ​ទាំងឡាយ​ដែល​រចនា​ឡើង​សម្រាប់​សកម្មភាព​វិទ្យាសាស្ត្រ​មួយចំនួន​ដូចជា ការរុករក ការសង្កេត ការពិសោធ​ជាក់ស្ដែង និង​ការផ្ទៀងផ្ទាត់​បច្ចេកវិទ្យា​នៅលើ​ឋាន​ព្រះ​ចន្ទ។

ប្រទេស​ចិន កំពុងមាន​គម្រោង​បាញ់​បង្ហោះ​យានអវកាស​ស្រាវជ្រាវ​ព្រះ​ចន្ទ Chang’e 8 ដែលជា​ផ្នែក​មួយ​នៃ​ការចាប់ផ្ដើម​បង្កើត ILRS។ បច្ចុប្បន្ន វត្តមាន​របស់ ចិន នៅលើ​ឋាន​ព្រះ​ចន្ទ រួមមាន យាន​ចុះចត Chang’e 4 និង​យាន​រុករក Yutu 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ២០១៩ ដែលជា​ការចូល​ទៅកាន់​តំបន់​ងងឹត​នៅលើ​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​របស់​មនុស្ស​ជាតិ។

គម្រោង​សាងសង់​មូលដ្ឋាន​លើ​ឋាន​ព្រះ​ចន្ទ​រួម​របស់ ចិន និង រុស្ស៊ី អាច​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រតិកម្ម​ចំពោះ​ការដែល សហរដ្ឋ​អាម៉េរិក ហាម​មិនឱ្យ ចិន ចូលរួម​ក្នុង​បេសកកម្ម​អវកាស Artemis របស់ អាម៉េរិក។ គោលដៅ​នៃ​បេសកកម្ម Artemis គឺ​ដើម្បី​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែលមាន​វត្តមាន​យូរ​អ​ង្វេ​ង​នៅលើ​ឋាន​ព្រះ​ចន្ទ។

សហរដ្ឋ​អាម៉េរិក គឺជា​ប្រទេស​ដំបូង​គេ​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​ជាន់​ដី​ឋាន​ព្រះចន្ទ​

ប្រទេស​ចិន ត្រូវបាន​ហាម​មិនឱ្យ​ចូលរួម​ក្នុង​គម្រោង​អវកាស​នានា​ជាមួយនឹង សហរដ្ឋ​អាម៉េរិក បន្ទាប់ពី ទីក្រុង​វ៉ា​ស៊ី​ង​តោន ហាម NASA សហការ​ជាមួយ ចិន ដោយ​មិនមាន​ការអនុញ្ញាត​ជាពិសេស​របស់​សភា កាលពី​ឆ្នាំ ២០១១។​ ដូច្នេះ ប្រទេស​ចិន ត្រូវមាន​ម្ចាស់ការ​នៅក្នុង​កម្មវិធី​អវកាស​របស់ខ្លួន។

ចំណែក រុស្ស៊ី វិញ បាន​បដិសេធ​ការចុះ​កិច្ចព្រមព្រៀង Artemis ដោយ​យល់ថា កម្មវិធី​អវកាស​នេះ​មានការ​ផ្ដោត​សំខាន់​ខ្លាំងពេក​ទៅលើ សហរដ្ឋ​អាម៉េរិក។

ក្នុង​គ្រា​បច្ចុប្បន្ន ការរត់​ប្រណាំង​ដើម្បី​បង្កើត​វត្តមាន​យូរអង្វែង​លើ​ឋាន​ព្រះ​ចន្ទ រវាង រុស្ស៊ី ចិន និង អាម៉េរិក ត្រូវបាន​បែងចែក​ដោយ​កត្តានយោបាយ សេដ្ឋកិច្ច និង​យោធា៕

Advertisement