ត្រូវដាក់​ពន្ធនាគារ​ជិត ២០០ ឆ្នាំ ដោយសារតែ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពេល​បើកបរ​រថយន្តក្រុង

កន្លែង​កើត​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​ ឥណ្ឌា

(ឥណ្ឌា)-អ្នកបើកបរ​រថយន្ត​ក្រុង​ម្នាក់ នៅ​ប្រទេស ឥណ្ឌា ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៩០ ឆ្នាំ ព្រោះតែ​បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​ចំនួន ១៩ នាក់ កាលពី​ខែឧសភា ឆ្នាំ ២០២១។

កាលពី​ចុង​សប្ដាហ៍​កន្លង តុលាការ​ខណ្ឌ Panna ក្នុង​រដ្ឋ Madhya Pradesh នៃ​ប្រទេស ឥណ្ឌា បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​ចំពោះ​ជនល្មើស ឈ្មោះ Mohammad Shamshuddin អាយុ ៤៧ ឆ្នាំ រយៈពេល ១៩០ ឆ្នាំ ដែល​ស្មើនឹង ១០ ឆ្នាំ លើ​ជនរងគ្រោះម្នាក់។

យោងតាម​បទ​ចោទ រថយន្តក្រុង​ដឹក​អ្នកដំណើរ ៦៥ នាក់ ដែល​បើកបរ​ដោយ​ឈ្មោះ​ Shamshuddin បាន​ធ្លាក់​ពីលើ​ស្ពាន ចូលទៅក្នុង​ព្រែក​គោក​មួយ​ដែល​នៅ​ខាងក្រោម។ រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ ហើយ​អណ្ដាតភ្លើង​សន្ធោសន្ធៅ​បានធ្វើឱ្យ​មនុស្ស​ចំនួន ១៩ នាក់ ត្រូវ​បាត់បង់​ជីវិត និង​ជាង ១០ នាក់​ផ្សេង​ទៀត ត្រូវ​រងរបួស។ លទ្ធផល​នៃ​ការស៊ើបអង្កេត​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាលមកពី​ការបើកបរ​ធ្វេសប្រហែស​របស់ Shamshuddin ការផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​នៃ​ច្រកចេញ​បន្ទាន់ ការ​ចងខ្សែ នាំ​ឱ្យ​អ្នកដំណើរ​លើ​រថយន្ត​ត្រូវ​ជាប់គាំង មិនអាច​រំដោះខ្លួន​ចេញ​បាន នៅពេល​ភ្លើង​ឆេះ។

ឥណ្ឌា គឺជា​ប្រទេស​ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​រាប់ម៉ឺន​នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ការធ្វេសប្រហែស កំហុស​នៃ​ការសាងសង់​ផ្លូវ កត្តា​ផ្លូវច្បាប់ និង​អំពើពុករលួយ។ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ស្ថិតក្នុង​ក្រុម​ដែល​បង្ក​ការស្លាប់​ខ្ពស់បំផុត​នៅ ឥណ្ឌា។

យោងតាម​ការិយាល័យ​ទិន្នន័យ​ជាតិ​ស្ដីពី​បទល្មើស​របស់ ឥណ្ឌា យ៉ាងហោចណាស់​មាន​ប្រជាជន​ចំនួន ១៣៣,៧១៥ នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ ២០២០ ក្នុងនោះ ប្រហែល ៧៩,០០០ ករណី កើតឡើង​ដោយសារ​ការបើកបរ​ធ្វេសប្រហែស ប៉ុន្តែ ការប្ដឹង​ឡើង​តុលាការ​គឺមាន​កម្រិត​ទាប៕

Advertisement