EU អនុម័ត​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ​រាប់រយ​លាន​អឺរ៉ូ​សម្រាប់​អ៊ុយ​ក្រែ​ន

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃទី 23 មករា ក្រុម​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប (EU) បានអនុម័ត​កញ្ចប់​ជំនួយ​យោធា​តម្លៃ 500 លាន​អឺរ៉ូ សម្រាប់​អ៊ុយ​ក្រែ​ន។

កញ្ចប់​ជំនួយ​យោធា​ទី 7 ដែលមាន​តម្លៃ 500 លាន​អឺ​រ៉ូ ស្មើនឹង 544 លាន​ដុល្លារ​អាម៉េរិក​របស់​សហ​ភាព​អឺរ៉ុប​នេះ​គឺជា​របៀបវារៈ​សំខាន់​មួយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់ EU ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

កញ្ចប់​ជំនួយ​ថ្មី​ខាងលើនេះ​ត្រូវបាន​អនុម័ត​រួមជាមួយ​ខ្ទង់​ប្រាក់​ជំនួយ​បន្ថែម 45 លាន​អឺរ៉ូ សម្រាប់​សកម្មភាព​ហ្វឹកហ្វឺន​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន។

យោងតាម​របៀបវារៈ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់ EU ក៏​នឹង​ពិភាក្សាគ្នាអំ​ពី​កញ្ចប់​ទណ្ឌកម្ម​ទី 10 សំដៅលើ​រុស្ស៊ី ដែល​នឹងមាន​សុពលភាព​ចាប់ពី​ខែក្រោយ​ផងដែរ។

ទាក់ទង​នឹង​ជំនួយ​យោធា​ខាងលើ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov កាលពី​ថ្ងៃទី 23 មករា បាន​រិះគន់​ដល់​ការ​ផ្ដល់ជំនួយ​យោធា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​​ដែល​បស្ចិម​លោក​បាន និង​កំពុង​ផ្ដល់​ឱ្យ​​​អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី៕

Advertisement