ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ Rai នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន កើនឡើង​ដល់​ជាង ២០០ នាក់

ជនរងគ្រោះ​នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​បាន​បាត់​បង់ជីវិត​ដោយសារតែ​ព្យុះសង្ឃរា​ធំ​បំផុត​ប្រចាំឆ្នាំ បាន​កើន​ឡើងដល់ ២០៨ នាក់​ទៅហើយ។

យ៉ាងហោចណាស់​មាន​អ្នករងរបួស ២៣៩ នាក់ និង ៥២ នាក់​ទៀត នៅតែ​បាត់​ខ្លួន បន្ទាប់ពី​ព្យុះសង្ឃរា Rai បាន​វាយប្រហារ​តំបន់​ភាគខាងត្បូង និង​ភាគ​កណ្ដាល​របស់​ប្រជុំ​កោះ នេះ​បើតាម​អាជ្ញាធរ ហ្វ៊ី​លី​ពី​ន ដែល​បានឱ្យដឹង​នៅថ្ងៃនេះ។

ព្យុះ​កំណាច​នេះ បាន​នាំឱ្យ​មនុស្ស​ជាង ៣០០,០០០ នាក់ ត្រូវ​រត់ទៅរក​ទី​សុវត្ថិភាព នៅពេល​វា​បាន​បោកបក់​ចូល​ដីគោក​កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១។

គិត​ត្រឹម​ថ្ងៃទី ១៩ ធ្នូ ទាហាន ប៉ូលិស កងកម្លាំង​ល្បាត​សមុទ្រ និង​ក្រុម​ពន្លត់​អគ្គិភ័យ​រាប់ពាន់នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​ដើម្បី​ជួយសង្គ្រោះ និង​ស្វែងរក​ប្រជាជន​ដែល​កំពុង​បាត់​ខ្លួន។

ព្យុះ Rai បាន​បោកបក់​ចូល​កោះ Siargao ក្នុង​ល្បឿន ១៩៥ គីឡូម៉ែត្រ/ម៉ោង ហើយ ១ ថ្ងៃ​ក្រោយមក បាន​ថយ​ចុះមក​ត្រឹម ១៥០ គីឡូម៉ែត្រ/ម៉ោង។ នេះ​គឺជា​ព្យុះ​ទី ១៥ និង​ជា​ព្យុះ​ដែល​បង្ក​ការស្លាប់​ធ្ងន់ធ្ងរ​បំផុត​នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន ក្នុងឆ្នាំនេះ៕

Advertisement