តេ​ឡេ​ស្កុប James Webb ថត​បាន «រូបភាព​អនាគត» របស់​ព្រះអាទិត្យ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហើប​ឱ្យដឹង​អំពី​យុគសម័យ​ចុងក្រោយ​នៃ​ជីវិត​របស់​ផ្កាយ​មួយ​ដួង តាមរយៈ​រូបភាព​ដែល​ថត​បាន​ដោយ​តេ​ឡេ​ស្កុប​អវកាស James Webb។

តេ​ឡេ​ស្កុប​អវកាស James Webb ថត​បាន​រង្វង់​មូល​ដ៏​ស្រស់ស្អាត​របស់​នេ​ប៊ូ​ឡា​មួយ​មាន​ឈ្មោះថា Messier 57 (M57) ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 2,200 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។

រង្វង់​មូល​របស់​នេ​ប៊ូ​ឡា​គឺជា​ផ្នែក​ដែល​នៅសល់ និង​បញ្ចេញ​ពន្លឺ របស់​ផ្កាយ​មួយ​ដួង​ដែល​បាន​ស្លាប់។ នៅ​ចំ​កណ្ដាល​រង្វង់​មូល​នេះ​មាន​ចំណុច​ពណ៌​ស​តំណាងឱ្យ​កូន​ផ្កាយ ដែលជា​ស្នូល​របស់​ផ្កាយ​ដែល​បាន​ស្លាប់​បន្ទាប់ពី​បាន​រីក​មាឌ។

នេប៊ូឡា Messier 57 (M57)

នៅពេល​ផ្កាយ​ទាំងឡាយ​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ព្រះអាទិត្យ អស់​ថាមពល​សម្រាប់​ប្រតិកម្ម​នុយ​ក្លេ​អែរ ពួកវា​នឹងមិន​អាច​ទប់​ទល់នឹង​ទំនាញ​ពី​ខាងក្នុង​ខ្លួន​របស់​ពួកវា ហើយក៏​បាត់បង់​តុល្យភាព​ដែល​ធ្លាប់បាន​រក្សា​ឱ្យ​ពួកវា​ស្ថិតនៅ​រាប់ពាន់​លាន​ឆ្នាំ​កន្លង។

ពេលដែល​ស្នូល​របស់​ផ្កាយ​ត្រូវ​បែកធ្លាយ ស្រទាប់​ខាងក្រៅ​ដែលជា​កន្លែង​ប្រតិកម្ម​នុយ​ក្លេ​អែរ ក៏ត្រូវ​បក់​បំ​ប៉ើង​ទៅ​ទី​អវកាស។ ក្នុង​គ្រា​ដំបូង បាតុភូត​នេះ​នឹងធ្វើ​ឱ្យ​ផ្កាយ​ដូច​ព្រះអាទិត្យ រីក​មាឌ​យ៉ាង​ធំ និង​ឆាប់រហ័ស ប្រៀបបាន​ទៅនឹង​ការផ្ទុះ។

ស្រទាប់​វត្ថុ​ធាតុ​ខាងក្រៅ​របស់​ផ្កាយ​ដែល​បាន​រីក​មាឌ​នេះ ចុងក្រោយ​ក៏​ចុះ​ត្រជាក់ និង​ភាយ​ទៅ​ឆ្ងាយ​ពី​ចំណុចកណ្ដាល បង្កើតបានជា​ពពក​ដែលមាន​រូបរាងផ្សេងៗ មានដូចជា រូបរាង​មូល រាង​ដូច​ភ្នែក ឬ​រង្វង់​មូល​ដូច M57ជាដើម៕

Advertisement