ស៊ុយអែត បោះឆ្នោត​ជ្រើសតាំង​ស្ត្រី ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​ឡើងវិញ

លោកស្រី Magdalena Andersson

លោកស្រី Magdalena Andersson ត្រូវបាន​សភា​របស់ ប្រទេស​ស៊ុយអែត អនុម័ត​ឱ្យធ្វើជា​នាយិកា​រដ្ឋមន្ត្រី បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​កាលពី​ថ្ងៃទី ២៩ វិច្ឆិកា។ នាយិកា​រដ្ឋមន្ត្រី Andersson នឹង​បង្កើត​រដ្ឋាភិបាល​សំឡេង​ភាគតិច ដែល​រួម​មានតែ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​សង្គម​របស់​លោកស្រី បន្ទាប់ពី​ចូលកាន់​តំណែង។

លោកស្រី Adersson កាលពី​ថ្ងៃទី ២៤ វិច្ឆិកា បាន​ក្លាយជា​នាយិកា​រដ្ឋ​មន្ត្រី​ដំបូង​របស់ ប្រទេស​ស៊ុយអែត ក្រោយពី​ត្រូវបាន​សភា​បោះឆ្នោត​ជ្រើសតាំង ប៉ុន្តែ បក្ស​ប្រជាធិបតេយ្យ​ត្រូវបង្កើត​សម្ព័ន្ធភាព​ជាមួយ​បក្ស​បៃតង ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ ដោយសារ​មិនមាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​នៅ​សភា។

ប៉ុន្តែ រយៈពេល ៧ ម៉ោង​ក្រោយមក លោកស្រី ក៏បាន​ប្រកាស​លាលែង​ពី​តំណែង ដោយសារតែ​សេចក្ដីព្រាងច្បាប់​ថវិកាជាតិ​របស់លោក​ស្រី មិនត្រូវ​បាន​សភា​អនុម័ត ដែល​នេះ​ត្រូវបាន​គេ​យល់ថា​ជា​ឈ្នាន់​ដើម្បី​អនុញ្ញាតឱ្យ​លោកស្រី​ជាប់ឆ្នោត​ជាថ្មី និង​បង្កើត​រដ្ឋាភិបាល​សំឡេង​ភាគតិច៕

Advertisement