កូ​វីដ-១៩! អ្នកវិទ្យាសាស្ត្រ​វាយតម្លៃ​អំពី​ពេលវេលា​ដែល​ពិភពលោក​អាច​ដោះ​ម៉ា​សបាន

ក្នុងស្ថានភាព​ដែល​តួលេខ​នៃ​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង កំពុង​ថយចុះ​គួរឱ្យ​ចាប់អារម្មណ៍ សាធារណមតិ​លើកឡើងថា «ពេលណា​ទើប​មនុស្សលោក​អាច​ឈប់​ពាក់​ម៉ា​សបាន?»។

ទាក់ទង​នឹង​បញ្ហា​ខាងលើ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក បានធ្វើការ​ស្រាវជ្រាវ វាយតម្លៃ​អំពី​ផលប្រយោជន៍​នៃ​ការពាក់​ម៉ាស ក្នុង​ស្ថានការណ៍​ដែល​ប្រជាជន​ពី ៧០ ទៅ ៩០% របស់​ប្រទេស​នេះ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

ពួកគេ​យល់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ក៏​អាច​អនុវត្តបាន​ចំពោះ​បណ្ដា​ប្រទេស ដើម្បី​អាច​គណនា​រក​ពេលវេលា​សមស្រប​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​នេះ​របស់ អាម៉េរិក ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី The Lancet Public Health កាលពី​ថ្ងៃទី ៨ មីនា បាន​អះអាងថា ការពាក់​ម៉ាស អាចជួយ​កាត់បន្ថយ​ការឆ្លង កូ​វីដ-១៩ ប៉ុន្តែ កម្រិត​នៃ​ប្រសិទ្ធភាព​របស់​វា​នៅក្នុង​តំបន់​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់-ទាប​ខុសគ្នា មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ។

ការស្រាវជ្រាវ​ត្រូវបាន​ធ្វើឡើង​ដោយ​ពិនិត្យ​លើ​ស្ថានភាព​នៅ អាម៉េរិក និង ឥណ្ឌា។ បច្ចុប្បន្ន ប្រជាជន​អាម៉េរិក ប្រហែល ៦៥% និង ឥណ្ឌា ប្រហែល ៦០% (ក្នុងនោះ​មាន​មនុស្សពេញវ័យ​ជាង ៨២%) បាន​ចាក់​វ៉ាក់សាំង​ពេញលេញ គិត​ត្រឹម​ថ្ងៃទី ៦ មីនា។ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា នៅតែ​អំពាវនាវ​ឱ្យ​ប្រជាជ​ជន​បន្ត​ពាក់​ម៉ាស​នៅ​កន្លែង​មាន​មនុស្ស​ច្រើន។ ក្នុង​ថ្ងៃទី ៨ មីនា ឥណ្ឌា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ ចំនួន ៣,៩៩៣ នាក់ ជា​តួលេខ​ប្រចាំថ្ងៃ​ទាប​បំផុត​ចាប់តាំងពី​ខែឧសភា ២០២០។

ចំណែក​នៅ សហរដ្ឋ​អាម៉េរិក វិញ ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា ប្រជាជន​អាម៉េរិក ប្រហែល ៩៣% រស់នៅក្នុង​បណ្ដា​តំបន់​ដែលមាន​អត្រា​ឆ្លង​កូ​វីដ-១៩ ទាប​ល្មម​ដែល​អាច​អនុញ្ញាតឱ្យ​ពួកគេ​ដោះ​ម៉ា​សបាន​នៅក្នុង​បរិយាកាស​បិទ​ជិត។

យោងតាម​ការស្រាវជ្រាវ​ខាងលើ បើសិនជា សហរដ្ឋ​អាម៉េរិក ចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ បាន ៩០% នៃ​ប្រជាជន​សរុប នៅ​ថ្ងៃទី ១ ឧសភា​ខាងមុខ នោះ​ការពាក់​ម៉ាស​នឹង​ជួយ​ទប់ស្កាត់​ការ​ករណី​ឆ្លង​វីរុស​បាន ៦.២៩ លាន​នាក់, អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​ចំនួន ១៣៦,៧០០ នាក់ និង​អ្នកស្លាប់ ១៦,០០០ នាក់។ ចំណែក​ក្នុងករណី​អត្រា​ចាក់​វ៉ាក់សាំង​បាន ៨០% នៅ​ថ្ងៃទី ១ ឧសភា នោះ​ការពាក់​ម៉ាស នឹង​ទប់ស្កាត់​ករណី​ឆ្លង​វីរុស​បាន ៧.៦៦ លាន​នាក់, ករណី​ចូល​ពេទ្យ ១៧៤,៩០០ នាក់ និង​ស្លាប់ ២០,៥០០ នាក់។

លោក Peter Hotez វេជ្ជបណ្ឌិត​ផ្នែក​កុមារ និង​វីរុស​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Baylor (សហរដ្ឋ​អាម៉េរិក) ដែលជា​សហការី​មួយរូប នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើ បានឱ្យដឹងថា៖ «របកគំហើញ​របស់​យើង​បានបង្ហាញ «ពន្លឺ​ខ្លះ» ដែល​បញ្ជាក់ថា ការពាក់​ម៉ាស​មិនចាំបាច់​ត្រូវ​រក្សា​ជា​រៀងរហូត​នោះទេ ប៉ុន្តែ នេះ​នឹង​នៅតែ​ជា​ឧបករណ៍​សំខាន់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់ កូ​វីដ-១៩ នៅពេល​វា​ឈាន​ចូលដល់​ដំណាក់កាល​បន្ទាប់​របស់​ជំងឺ​រាតត្បាត​សកល»។

បើទោះជា​ការកើនឡើង​នៃ​តួលេខ​អ្នក​ឆ្លង កូ​វីដ-១៩ ដោយសារ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង កំពុង​ថយចុះ​នៅ​ទូទាំង​សកលលោក​ក៏ដោយ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា វីរុស SARS-CoV-2 នៅតែមាន​ហានិភ័យ​បំប្លែង​ខ្លួន​ថ្មី៕

Advertisement