ខ្សែ​ឆត្រយោង​ទាក់​គ្នា​នៅលើ​អាកាស បណ្ដាលឱ្យ​ទាហាន​ម្នាក់​ស្លាប់ នៅ ប្រេ​ស៊ី​ល

ទាហាន​ឆត្រយោង​ពីរ​នាក់​បាន​ប៉ះទង្គិច​គ្នា បណ្ដាលឱ្យ​ខ្សែ​ឆត្រយោង​ត្រូវ​ទាក់​ជាប់ និង​ធ្លាក់​មក​ដី​ពី​ក​ម្អ​ស់​ជាង 100 ម៉ែត្រ នៅ Rio de Janeiro នាំឱ្យ​ទាហាន​មួយរូប​បាត់បង់​ជីវិត ខណៈ​មួយរូប​ទៀត​រងរបួស​ធ្ងន់ធ្ងរ។

គ្រោះថ្នាក់​ខាង​បាន​កើតឡើង​នៅពេល​ទាហាន​លោត​ឆត្រយោង​ពីរ​នាក់​គឺ Nascimento de Souza និង Francisco Damiao Vieira Neto ចូលរួម​ក្នុង​ព្រឹត្តិការណ៍​លោត​ឆត្រយោង​ស៊ីវិល​មួយ​នៅ​ទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី 13 វិច្ឆិកា។

វីដេអូ​ដែល​ត្រូវបាន​សារព័ត៌មាន​អាម៉េរិក ចុះផ្សាយ​កាលពី​ចុង​សប្ដាហ៍​មុន បង្ហាញថា នៅពេល​កំពុង​បញ្ជា​ឆត្រ​នៅលើ​កម្ពស់​ជាង 100 ម៉ែត្រ ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ខាងលើ​ទំនងជា​បាត់បង់​ម្ចាស់ការ បណ្ដាលឱ្យ​ប៉ះទង្គិច​ទៅលើ​ឆត្រ​របស់​ម្នាក់ទៀត។

ឧបទ្ទវ​ហេតុនេះ​បណ្ដាលឱ្យ​ខ្សែ​ឆត្រយោង​ត្រូវ​ទាក់​ជាប់​គ្នា។ ដោយ​បាត់បង់​កម្លាំង​យោង ឆត្រ​ទាំងពីរ​ក៏​ធ្លាក់​យ៉ាង​រហ័ស​មក​ដី នាំឱ្យ Souza ត្រូវ​បាត់បង់​ជីវិត ចំណែក Neto ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ដោយសារ​រង​របួស​ធ្ងន់ធ្ងរ។

កងវរសេនាតូច​ឆត្រយោង​ដែលជា​កន្លែងធ្វើការ​រប​ស់ Souza បានឱ្យដឹងថា ព្រឹត្តិការណ៍​លោត​ឆត្រយោង​ដែល​គាត់​បាន​ចូលរួម ត្រូវបាន​បង្កើតឡើង​ដោយ​ក្លិប​អ្នក​លោត​ឆត្រយោង​ស៊ីវិល Resende។

បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​ថា តើ​ក្រុមមន្ត្រី​ប្រេ​ស៊ី​ល បាន​ស្រាវជ្រាវ​លើ​ឧបទ្ទវហេតុ​នេះដែរ ឬ​យ៉ាងណា​នោះទេ។

សូម​រំលឹកថា នៅ កម្ពុជា កាលពី​ខែមករា ឆ្នាំ 2021 ក៏មាន​ករណី​ស្រដៀង​គ្នា​នេះ​កើតឡើង​ផងដែរ។ កាលណោះ នៅពេល​លោត​ពីលើ​យន្តហោះ ចុះមក​ក្រោម ឆត្រ​របស់​គ្រូបង្វឹក វរសេនីយ៍ត្រី លឹម សាយ បាន​ព័ន្ធ​គ្នា​ជាមួយនឹង​ឆត្រ​របស់​សិស្ស​ម្នាក់ទៀត បណ្ដាលឱ្យ​ធ្លាក់​មក​ដី​ពេញទំហឹង ធ្វើឱ្យ​អ្នក​ទាំងពីរ​រងរបួស​ធ្ងន់ តែ​ជា​អកុសល លោកគ្រូ លឹម សាយ បាន​ស្លាប់ ​នៅ​ពេល​​​កងកម្លាំង​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ៕

Advertisement