រថយន្តក្រុង​បរ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទន្លេ​នៅ កេ​ន​យ៉ា សម្លាប់​មនុស្ស​ជាង ២០ នាក់

ប៉ូលិស​កេ​ន​យ៉ា បានឱ្យដឹងថា មនុស្ស​យ៉ាងតិច ២៤ នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី ២៤ កក្កដា នៅពេល​រថយន្តក្រុង​មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ស្ពាន​ចូលទៅ​ទន្លេ​នៅក្បែរ​ផ្លូវ​ល្បឿន​លឿន។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ១៨ កន្លះ (ម៉ោង​ក្នុងស្រុក) គ្រា​ដែល​រថយន្តក្រុង​ដែល​ជួប​គ្រោះថ្នាក់​នេះ​កំពុងធ្វើដំណើរ​ពី​ទីរួមស្រុក Meru (ភាគ​កណ្ដាល​ប្រទេស​កេ​ន​យ៉ា) ទៅកាន់ រដ្ឋធានី​ណៃ​រ៉ូ​ប៊ី។

សមត្ថកិច្ច​កេ​ន​យ៉ា បានឱ្យដឹងថា មូលហេតុ​ដំបូង​អាច​បណ្ដាលមកពី​រថយន្ត​មាន​បញ្ហា​ហ្វាំ​ង នេះ​បើ​យោងតាម​ល្បឿន​យ៉ាង​លឿន​របស់​រថយន្ត​នៅក្នុងពេល​ជួប​គ្រោះថ្នាក់។

យោងតាម​វិទ្យុ Capital News របស់ កេ​ន​យ៉ា ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច ២៤ នាក់ និង​ជាង ២០ នាក់​ផ្សេងទៀត​រងរបួស ខណៈដែល​មនុស្ស​ជាច្រើន​នាក់​បាន​បាត់​ខ្លួន។ សមត្ថកិច្ច​និយាយថា តួលេខ​អ្នកស្លាប់​អាច​បន្ត​កើនឡើង​ទៀត។ ចំណែក​ស្ពាន ជាទី​ដែល​រថយន្តក្រុង​នេះ​ជួប​គ្រោះថ្នាក់ ក៏ត្រូវ​បានចាត់ទុក​ថា​ជា​កន្លែង «ជើងកប» ដោយសារ​តែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅទីនេះ​ជា​ញឹកញាប់៕

Advertisement