Joe Biden ថ្លែងថា សហរដ្ឋ​អាម៉េរិក មិន​លើកទឹកចិត្ត​ឱ្យ កោះ​តៃវ៉ាន់ «ប្រកាស​ឯករាជ្យ»

«សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ​គោលជំហរ​រប​ស់​ខ្លួន​ស្ដីពី កោះ​តៃវ៉ាន់ មិន​លើកទឹកចិត្ត​ឱ្យ​កោះ​នេះ​ប្រកាស​ឯករាជ្យ​នោះទេ» ប្រធានាធិបតី​អាម៉េរិក លោក Joe Biden បានឱ្យដឹង​ដូច្នេះ បន្ទាប់ពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​ចិន និង​សហរដ្ឋ​អាម៉េរិក។

«យើង​នឹងមិន​ប្ដូរផ្លាស់​គោលនយោបាយ។ យើង​មិន​លើកទឹកចិត្ត​ឱ្យ​ប្រកាស​ឯករាជ្យ ប៉ុន្តែ លើកទឹកចិត្ត​ឱ្យ​ពួកគេ​ធ្វើឱ្យបាន​ត្រឹមត្រូវ​ទៅតាម​អ្វីដែល​បានចែង​នៅក្នុង «ច្បាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់»។ នោះ​គឺជា​អ្វីដែល​យើង​កំពុង​ធ្វើ» លោក Joe Biden ឆ្លើយ​នឹង​សំណួរ​របស់​អ្នកយកព័ត៌មាន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ New Hampshire កាលពី​ថ្ងៃទី 16 វិច្ឆិកា។

ការ​ថ្លែង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ជំនួប​កំពូល​តាម​អន​ឡាញ រវាង​ប្រធានាធិបតី​ចិន Xi Jinping និង​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Joe Biden។ នៅពេល​ត្រូវបាន​សួរថា ជំនួប​នោះបាន​ទទួល​ផ្លែផ្កា​អ្វីខ្លះ​ទាក់ទង​នឹង​បញ្ហា កោះ​តៃវ៉ាន់ លោក Biden ឆ្លើយថា បាន «និយាយ​ច្បាស់» ហើយ អំពី​ការគាំទ្រ​ច្បាប់​ដែល​កំពុងមាន​ជា​ធរមាន ដែល សហរដ្ឋ​អាម៉េរិក អនុវត្ត​ជាមួយ កោះ​តៃវ៉ាន់។

បញ្ហាស្ដីពី កោះតៃវ៉ាន់ គឺជាប្រធានបទដែលត្រូវបានមេដឹកនាំអាម៉េរិក-ចិន លើកយកមកពិភាក្សាច្រើនជាងគេ នៅក្នុងជំនួបកំពូលដែលអូសបន្លាយពេលប្រហែល 3 ម៉ោង កាលពីថ្ងៃទី 15 វិច្ឆិកា។

យោងតាម «ច្បាប់​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់» សហរដ្ឋ​អាម៉េរិក ចាត់ទុក តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់ ចិនដីគោក ប៉ុន្តែ នៅតែ​រក្សា​ទំនាក់ទំនង​វប្បធម៌ ពាណិជ្ជកម្ម និង​យោធា​ជាមួយ​កោះ​នេះ រួមទាំង​ការលក់​អាវុធ​ផងដែរ។ ប៉ុន្តែ អាម៉េរិក គ្រាន់តែ​ជួយ​កោះ​នេះ កសាង​កម្លាំង​ការពារ​ខ្លួន ដោយ​មិន​សន្យា​ជួយ​ការពារ​កោះ​នេះ ដើម្បី​បញ្ចៀស​ការបង្ក​កំហឹង​ដល់ ចិនដីគោក។

កាលពី​ខែតុលា នៅពេល​ត្រូវបាន​សួរថា តើ សហរដ្ឋ​អាម៉េរិក នឹង​ចេញមុខ​ជួយ​ការពារ កោះ​តៃវ៉ាន់ ដែរ​ទេ នៅពេល​មានការ​វាយប្រហារ​ពី កងទ័ព​ចិនដីគោក លោក Biden ឆ្លើយថា «ពិតណាស់ យើង​មានការ​សន្យា​ដូច្នេះ»។ មុន​នោះ កាលពី​ខែសីហា ប្រធានាធិបតី​អាម៉េរិក ក៏បាន​លើកឡើង​ដូចគ្នានេះដែរ។ នៅក្នុង​ករណី​ទាំងពីរ​នេះ ទីប្រឹក្សា​សេត​វិមាន ក្រោយមក​ក៏ត្រូវ​ចេញមុខ​បកស្រាយ​ថា សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ​គោលនយោបាយ​ស្ដីពី កោះ​តៃវ៉ាន់ នោះឡើយ។

បញ្ហា​ស្ដីពី កោះ​តៃវ៉ាន់ គឺជា​ប្រធានបទ​ដែល​ត្រូវបាន​មេដឹកនាំ​អាម៉េរិក-ចិន លើក​យកមក​ពិភាក្សា​ច្រើនជាងគេ នៅក្នុង​ជំនួប​កំពូល​ដែល​អូស​បន្លាយពេល​ប្រហែល 3 ម៉ោង កាលពី​ថ្ងៃទី 15 វិច្ឆិកា។ ជំនួប​កំពូល​នេះ​ក៏បាន​លើកឡើង​អំពី​បញ្ហា ច្រក​សមុទ្រ​តៃវ៉ាន់ ឧបទ្វីប​កូរ៉េ អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ង់ ទីផ្សារ​ថាមពល​សកល អាកាសធាតុ ពាណិជ្ជកម្ម ការពារជាតិ និង​ជំងឺ​រាតត្បាត COVID-19 ផងដែរ៕

Advertisement