ផ្កាយដុះកន្ទុយ កំពុង​សំដៅ​មក «ធ្វើ​ទស្សនកិច្ច» ផែនដី នៅ​​ចុង​ឆ្នាំ​​នេះ​ មុនពេល​បាត់​ខ្លួន​

អ្នកថតរូប Will Leverett បានផ្ដិតយករូបភាពផ្កាយដុះកន្ទុយ Leonard ពីខណ្ឌ LIano ក្នុងរដ្ឋ Texas សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ៨ ធ្នូ ២០២១

ផ្កាយដុះកន្ទុយ Leonard ដែលមាន​គន្លង​គោចរ ៨០,០០០ ឆ្នាំ កំពុង​ហោះ​មកកាន់​តែ​ជិត​ផែនដី ហើយនឹង​ក្លាយជា​ផ្កាយដុះកន្ទុយ​ដែលមាន​ពន្លឺ​ចែងចាំង​ជាងគេ​បំផុត​ក្នុង​ឆ្នាំ ២០២១ ដែល​នឹង​នាំមក​នូវ​ឱកាស​នៃ​ការ​ទស្សនា​ដ៏​កម្រ​ដល់​អ្នក​ស្រលាញ់​វិស័យ​តារាសាស្ត្រ។

ក្រុម​អ្នក​ថតរូប​ក្នុង​វិស័យ​តារាសាស្ត្រ​ក្នុង​ពិភពលោក កំពុងតែ​ប្រើប្រាស់​ឱកាស​ដ៏​កម្រ​ដើម្បី​ផ្ដិត​យក​រូបភាព​នៃ​ផ្កាយដុះកន្ទុយ Leonard នៅពេល​វា​គោ​ចរមក​ក្បែរ​ផែនដី នេះ​បើតាម Newsweek ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ៩ ធ្នូ។ Leonard ឬ C/2021 A1 គឺជា​ផ្កាយដុះកន្ទុយ​ដែលមាន​ពន្លឺ​ខ្លាំង​បំផុត​ក្នុងឆ្នាំនេះ។ វា​ត្រូវបាន Gregory J. Leonard តារាវិទូ​នៃ​សាកលវិទ្យាល័យ Arizona រកឃើញ​កាលពី​ខែមករា ២០២។

ប៉ុន្មាន​ខែក្រោយ​មក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា គន្លង​គោចរ​របស់ Leopard នឹង​នាំ​វា​មក​ជិត​ផែនដី ហើយ​គ្រប់គ្នា​ទំនងជា​អាច​មើលឃើញ​វា​ដោយ​ភ្នែក​ទទេ​នៅក្នុង​ខែធ្នូ​នេះ។ ប៉ុន្តែ ការប្រើប្រាស់​កែវយឹត នឹង​អាចជួយ​ឱ្យ​ការសង្កេតមើល​ផ្កាយដុះកន្ទុយ​នេះ មាន​ភាពងាយស្រួល​ជាង​ភ្នែក​ទទេ។

នៅ អាម៉េរិក​ខាងជើង និង​តំបន់​ដែលមាន​រយៈទទឹង​ដូចគ្នានេះ អ្នក​ចូលចិត្ត​វិស័យ​តារាសាស្ត្រ​អាច​មើលឃើញ Leonard ដោយ​សង្កេត​ទៅ​ទិសខាងកើត​ប្រហែល ៤៥ នាទី មុន​ថ្ងៃ​រះ ដោយ​វា​ស្ថិតនៅ​ខាងក្រោម​កញ្ចុំ​ផ្កាយ Big Dipper និង Arcturus។ ព្រឹត្តិការណ៍​នេះ​នឹង​កើតឡើង​នៅ​ថ្ងៃទី១២ ធ្នូ ២០២។ បន្ទាប់មក ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ការសង្កេត​ផ្កាយដុះកន្ទុយ​នេះ​គឺ​នៅ​វេលាយប់ បន្ទាប់ពី​ព្រះអាទិត្យ​បាន​លិច​បាត់ ហើយ​គ្រប់គ្នា​នឹង​អាច​មើលឃើញ​វា​ស្ថិតនៅ​ទិសនិរតី នៅពេល​វា​ផ្លាស់​ទី​ឆ្លងកាត់​ភព​សុក្រ (Venus), ភព​ពុធ (Mercury) ឆ្ពោះទៅកាន់​ភព​សៅរ៍ (Saturn) និង​ភាព​ព្រហស្បតិ៍ (Jupiter)។

Leonard មាន​គន្លង​គោចរ​ព័ទ្ធជុំវិញ​ព្រះអាទិត្យ ដោយ ១ ឆ្នាំ​របស់​វា ស្មើនឹង ៨០,000 ឆ្នាំ​លើ​ផែនដី។ មនុស្ស​នៅលើ​ផែនដី នឹង​មិនអាច​មើលឃើញ​វា​ក្នុង​រយៈពេល​យ៉ាងយូរ​ទៀត​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី ១២ ធ្នូ ដោយសារតែ​គន្លង​គោចរ​ដ៏​ធំ និង​មាន​រាង​ដូច​ពងក្រពើ​របស់​វា។

ផ្កាយដុះកន្ទុយ​គឺជា​វត្ថុ​អវកាស​រួមមាន ទឹកកក ឧស្ម័ន និង​ថ្ម ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ។ នៅពេល​ទៅ​ក្បែរ​ព្រះអាទិត្យ ពួកវា​នឹង​ឡើង​កំដៅ ហើយ​បញ្ចេញ​ចំហាយ និង​វត្ថុ​ធាតុ​ទៅខាង​ក្រោយ ដែល​បង្កើតបានជា​កន្ទុយ​ដែល​អាច​វែង​រហូតដល់​រាប់លាន​គីឡូម៉ែត្រ ក៏មាន។ ចុងក្រោយ ពួកវា​អាច​នឹង​បាត់​ខ្លួន​ជា​រៀងរហូត នៅពេល​ចំហាយ និង​វត្ថុ​ធាតុ​នៅលើ​វា បាន​រលាយ​អស់​ចូលទៅក្នុង​ទី​អវកាស។

បច្ចុប្បន្ន មាន​ផ្កាយដុះកន្ទុយ​ចំនួន ៣,៧៤៣ ដួង ដែល​ត្រូវបាន​រកឃើញ ប៉ុន្តែ តួលេខ​សរុប អាច​ឡើងដល់​រាប់ពាន់​លាន​ដួង ដែល​កំពុង​គោចរ​ជុំវិញ​ព្រះអាទិត្យ នេះ​បើតាម​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA)៕

Advertisement