ក្រោយ​ពី​ភូមិ​គ្រឹះ​​ត្រូវ​យន្តហោះ​​ដ្រូន​​ទម្លាក់​​គ្រាប់​បែកលើ​ ​នាយ​ក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ថា បាន​ស្គាល់​ច្បាស់​អ្នក​នៅ​ពីក្រោយ

(អ៊ីរ៉ាក់)-នាយករដ្ឋមន្ត្រី Mustafa al-Kadhimi បានឱ្យដឹងថា លោក​បានដឹង​ច្បាស់​ក្រុមមនុស្ស​ដែល​នៅ​ពីក្រោយ​អំពើ​លួច​ធ្វើឃាត​រូបលោក ហើយ​ថា នឹង​នាំខ្លួន​ជន​ទាំងនេះ​ឡើង​តុលាការ។

«យើង​នឹង​តាម​ចាប់ខ្លួន​ពួន​ឧក្រិដ្ឋជន យើង​បានដឹង​ច្បាស់ យើង​នឹង​វែកមុខ​ពួកគេ» នាយករដ្ឋមន្ត្រី​នៃ ប្រទេស​អ៊ីរ៉ាក់ លោក Mustafa al-Kadhimi បាន​ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី 7 វិច្ឆិកា ក្រោយពី​ភូមិគ្រឹះ​របស់លោក ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ទម្លាក់​គ្រាប់បែក។

ភូមិគ្រឹះ​របស់លោក Kadhimi មាន​ទីតាំង​នៅក្នុង​តំបន់​បៃតង នា រដ្ឋធានី​បា​កដាដ ត្រូវបាន​វាយប្រហារ​កាលពី​ថ្ងៃទី 7 វិច្ឆិកា ដោយ ដ្រូន ចំនួន 3 គ្រឿង ក្នុងនោះ​មាន 2 គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់។ លោក Kadhimi មាន​សុវត្ថិភាព ខណៈ​អង្គរក្ស 6 នាក់​បាន​រងរបួស។

នាយករដ្ឋមន្ត្រី Mustafa al-Kadhimi

ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​ហៅ​អំពើ​នេះ​ថា ជាការ​វាយប្រហារ​ភេរវកម្ម​ដ៏​កំសាក ក្នុង​បំណង​ធ្វើឃាត​រូបលោក។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​រវាង​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​ក្រុម​ជីវពល​ជនជាតិ Shiite ដែល​គាំទ្រ​ដោយ ប្រទេស​អ៊ីរ៉ង់។ ក្រុម​ជីវពល​ជនជាតិ Shiite កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ បានធ្វើ​បាតុកម្ម​នៅក្បែរ​តំបន់​បៃតង ដើម្បី​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី 10 តុលា ដោយ​យល់ថា មាន​ភាពមិនប្រក្រតី​នៅក្នុងពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែលនាំឱ្យ​ក្រុម​នេះ​បាត់បង់​កៅអី​ជាច្រើន​នៅ​សភា​អ៊ីរ៉ាក់។

ក្នុង​បាតុកម្ម​កាលពី​ថ្ងៃទី 5 វិច្ឆិកា កម្លាំង​សន្តិសុខ និង​ក្រុម​ជីវពល​ខាងលើ បាន​បាញ់ប្រហារ​គ្នា បណ្ដាលឱ្យ​បាតុករ​ម្នាក់​ស្លាប់ និង​ប៉ូលិស​ច្រើន​នាក់​រងរបួស៕

Advertisement