កូនស្រី​របស់ Thaksin បង្ហាញខ្លួន! នេះ​ជាស​ញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​របស់​ត្រកូល Shinawatra

ក្រោយ​ការចាកចេញ​ពី​ការក្ដោបក្ដាប់​អំណាច​នៅ ប្រទេស​ថៃ ត្រកូល Shinawatra ទំនងជា​កំពុង​ចិញ្ចឹមចិត្ត​វិល​ត្រលប់​មកវិញ ហើយ​សញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​នេះ នោះ​គឺ​ការបង្ហាញ​ខ្លួន​របស់ Paetongtarn ដែលជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra។

Paetongtarn Shinawatra កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin កាលពី​ថ្ងៃទី 28 តុលា បានបង្ហាញ​ខ្លួន​នៅក្នុង​សន្និសីទ​មួយ​របស់​បក្ស ភឿ​ថៃ នៅក្នុង​ខេត្ត Khon Kaen ភាគ​ឦសាន​ប្រទេស​នេះ។

ក្រោយ​ការ​ឧទ្ទេសនាម​របស់ Sompong Amornwiwat ជា​មេដឹកនាំ​បក្ស​ដែល​ជិត​អស់​អាណត្តិ Paetongtarn ក៏បាន​ឡើង​បញ្ចេញមតិ ហើយ​បានប្រកាសថា ខ្លួន​ត្រូវបាន​ជ្រើសតាំង​ជា​មេដឹកនាំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​យោបល់​ផ្នែក​នវានុវត្តន៍ និង​សមាហរណកម្ម នៃ​បក្ស​ភឿ​ថៃ ដែលជា​បក្សប្រឆាំង​ធំ​បំផុត​នៅ​ប្រទេស​ថៃ។

Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin

នេះ​គឺជា​លើកដំបូង​ហើយ​ដែល Paetongtarn បានប្រកាស​ជា​សាធារណៈ​អំពី​ការចូល​ប្រលូក​ក្នុង​វិស័យ​នយោបាយ​របស់ខ្លួន​នៅ​ប្រទេស​ថៃ។

លោក Thaksin ដែលជា​ស្ថាបនិក​នៃ​បក្ស​ភឿ​ថៃ ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ក្រោម​បទ​ចោទ​ទាក់ទិន​នឹង​អំពើពុករលួយ និង​ត្រូវ​រស់នៅ​និរទេស​ខ្លួន​ចាប់តាំងពី​ពេល​ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ ប៉ុន្តែ ឥទ្ធិពល​នយោបាយ​រប​ស់លោក បាន​ជួយ​ឱ្យ​សមាជិក​ត្រកូល Thaksin មួយចំនួន​បាន​ចូលកាន់​កាប់​មុខនាទី​ជាន់ខ្ពស់។ ប្អូនថ្លៃ Somchai Wongsawat និង​ប្អូនស្រី​បង្កើត Yingluck Shinawatra របស់លោក Thaksin ធ្លាប់ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ ពួកគេ​ត្រូវ​ចាក​ចេញពី​តំណែង​មុន​អាណត្តិ ហើយ​ត្រូវ​ជួប​បញ្ហា​ផ្លូវច្បាប់​មួយចំនួន។

Advertisement