ទាហាន 500 នាក់ និង​ឧទ្ធម្ភាគចក្រ 22 គ្រឿង ដេញចាប់​ជន​ជូ​ញ​ដូរ​គ្រឿងញៀន នៅក្នុង​ព្រៃ​ជ្រៅ

(កូ​ឡុំ​ប៊ី)-កងកម្លាំង​ពិសេស​របស់ ប្រទេស​កូ​ឡុំ​ប៊ី ទើបតែ​បាន​ចាប់ខ្លួន​កំពូល​អ្នកជួញដូរ​គ្រឿង​ញៀន Dairo Antonio Usuga ឬ​ហៅថា Otoniel នៅក្នុង​យុទ្ធនាការ​ឡោមព័ទ្ធ​ទ្រង់ទ្រាយ​ធំ។

យោងតាម​ទូរទស្សន៍ RT ទាហាន​ជាង 500 នាក់ និង​ឧទ្ធម្ភាគចក្រ​ចំនួន 22 គ្រឿង បាន​ចូលរួម​ក្នុង​បេសកកម្ម​តាម​ចាប់ខ្លួន Otoniel នៅក្នុង​ព្រៃ​នៃ​តំបន់ Uraba ភាគ​ពាយព្យ​នេះ ប្រទេស​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃទី 23 តុលា។

ទំហំ​នៃ​បេសកកម្ម​ឡោមព័ទ្ធ​នេះ​ចាប់ខ្លួន​នេះ ធំ​ដល់​ថ្នាក់​សូម្បីតែ​បណ្ដាញ​សន្តិសុខ​ដែលមាន 8 ស្រទាប់ ដឹកនាំ​ដោយ​ជន​ជួញដូរ​គ្រឿងញៀន​រូបនេះ ក៏​មិនអាច​ការពារ​បាន។

ក្រុមមន្ត្រី​មូលដ្ឋាន​បានឱ្យដឹងថា យុទ្ធនា​ការដែល​បាន​បណ្ដាលឱ្យ​ប៉ូលិស​ម្នាក់​ស្លាប់​នេះ ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅតាម​ព័ត៌មាន​សម្ងាត់​ដែល​ផ្ដល់ឱ្យ​ដោយ សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស។

នៅក្នុង​ថ្ងៃ​ជាមួយគ្នា ក្រុម​ទាហាន​ដែលមាន​អាវុធ​គ្រប់​ប្រភេទ បាន​ចាប់ និង​នាំខ្លួន Otoniel ចេញពី​ព្រៃ។ នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន កូ​ឡុំ​ប៊ី គេ​ឃើញថា មេ​គ្រឿងញៀន​នេះ​ពាក់​ស្បែកជើង​កៅស៊ូ​កវែង។

ប្រធានាធិបតី​កូ​ឡុំ​ប៊ី Ivan Duque បានប្រកាសថា ការចាប់ខ្លួន Otoniel នេះ​គឺជា​ការ​សំពង​ក្បាល​ដ៏​ធ្ងន់​បំផុត​ទៅលើ​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​នេះ ក្នុងអំឡុង​មួយ​សតវត្សរ៍​កន្លងមក។

Dairo Antonio Usuga ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​ក្រុមសង្គមងងឹត Gulf Clan ដែល​គ្រប់គ្រង​បណ្ដាញ​ជួញដូរ​ទំនិញ​ហាមឃាត់​នៅក្នុង​ព្រៃ បង្កឱ្យមាន​ការភ័យខ្លាច​នៅ​ពាសពេញ​ភាគ​ខាងជើង​នៃ ប្រទេស​កូ​ឡុំ​ប៊ី។ ក្រុមសង្គមងងឹត​នេះ​មាន​ខ្មាន់កាំភ្លើង​ចំនួន 1,200 នាក់ ដែល​ភាគច្រើន​គឺជា​ទាហាន​របប​ចាស់។ អាជ្ញាធរ​កូ​ឡុំ​ប៊ី ក៏បាន​ចោទ​មេ​គ្រឿងញៀន​នេះ​អំពី​បទ​បង្ខំ​ឱ្យក្មេងៗចូលរួម​ក្នុង​បណ្ដាញ​របស់​ពួកគេ​ដោយ​ប្រើ​កម្លាំងបាយ និង​ការរំលោភបំពាន​ផ្លូវភេទ។

អង្គភាព​ប្រឆាំង​គ្រឿងញៀន (DEA) របស់ សហរដ្ឋ​អាម៉េរិក កន្លងមក ធ្លាប់បាន​ប្រកាស​ផ្ដល់​រង្វាន់ 5 លាន​ដុល្លារ ដល់​អ្នក​ទាំងឡាយណា​ដែល​បាន​ចាប់ខ្លួន Otoniel។ កាលពី​ឆ្នាំ 2009 តុលាការ​នៅ Manhattan បាន​ចោទប្រកាន់​ជននេះ​ពីបទ​ជួញដូរ​គ្រឿងញៀន ក៏ដូចជា​អំពើ​គាំទ្រ​ដល់​កងជីវពល​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ក្រុម​ភេរវ​ករ​នៅ សហរដ្ឋ​អាម៉េរិក។

Otoniel បាន​ជួញដូរ​គ្រឿងញៀន​ប្រភេទ កូកាអ៊ីន ចំនួន 73 តោន ចូល​ទឹកដី អាម៉េរិក ចាប់ពី​ឆ្នាំ 2003 ដល់ 2014 ដោយ​ឆ្លងកាត់​បណ្ដា​ប្រទេស ដូចជា វ៉េ​ណេ​ស៊ុយ​អេ​ឡា, ក្វា​តេ​ម៉ា​ឡា , ម៉ុក​ស៊ិ​ក, ប៉ា​ណា​ម៉ា និង ហុង​ឌូ​រ៉ា​ស។

មេ​គ្រឿងញៀន​នេះ បាន​លាក់ខ្លួន​ពី​សមត្ថកិច្ច កូ​ឡុំ​ប៊ី អស់​រយៈពេល​ជាង​មួយ​ទសវត្ស៍​មកហើយ។ ជននេះ​ត្រូវបាន​គេ​ជឿថា មិនដែល​លាក់ខ្លួន​នៅ​កន្លែង​តែមួយ លើសពី​មួយ​យប់​នោះឡើយ៕

Advertisement