ជនភៀស​ខ្លួន​ជិត​ ១០០ នាក់​បាន​ស្លាប់ ដោយសារ​ក្រឡាប់​កប៉ាល់​លើ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

មនុស្ស​ជិត ១០០ នាក់ បាន​បាត់​បង់ជីវិត​នៅ​តំបន់​សមុទ្រ​អន្តរជាតិ បន្ទាប់ពី​ធ្វើដំណើរ​ពី ប្រទេស​លី​ប៊ី តាម​កប៉ាល់ ១ គ្រឿង ដែល​ដឹក​មនុស្ស​លើស​ចំណុះ។

យោងតាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) កប៉ាល់​ពាណិជ្ជកម្ម Algeria ១ បាន​សង្គ្រោះ​មនុស្ស ៤ នាក់ ដែល​កំពុង​បណ្ដែត​ខ្លួន​លើ​ពោង នៅលើ​ផ្ទៃសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ កាលពី​ព្រឹក​ថ្ងៃទី ២ មេសា។ អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ឱ្យដឹងថា ក្រុម​ជន​ចំណាកស្រុក​ជិត ១០០ នាក់ បាន​ឡើង​ជិះ​កប៉ាល់ និង​ធ្វើដំណើរ​យ៉ាងតិច ៤ ថ្ងៃ នៅមុន​ពេល​ជួប​គ្រោះថ្នាក់។ តាម​ការសន្និដ្ឋាន មនុស្ស​យ៉ាងហោច ៩៦ នាក់ បាន​លង់ទឹក​ស្លាប់។

ព្រឹក​ថ្ងៃទី ៣ មេសា មេដឹកនាំ​របស់​អង្គការ​ជនភៀសខ្លួន របស់ អង្គការសហប្រជាជាតិ បាន​ទទួលស្គាល់ថា មនុស្ស​ជាង ៩០ នាក់ បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ក្រឡាប់​កប៉ាល់​លើ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​នៅ អឺរ៉ុប យកចិត្តទុកដាក់​ឱ្យបាន​សមស្រប​ចំពោះ​ក្រុម​ជន​ចំណាកស្រុក​មកពី មជ្ឈិមបូព៌ា និង អាហ្វ្រិក​ខាងជើង។

ក្រោយពី​ធ្លាក់​ក្នុង​អស្ថិរភាព​អស់​រយៈពេល ១ ទសវត្សរ៍ ប្រទេស​លី​ប៊ី បច្ចុប្បន្ន​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការចេញដំណើរ​របស់​ក្រុម​ជនភៀសខ្លួន​ពី អាហ្វ្រិក និង អាស៊ី ដែល​ចង់​ឆ្លង សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ទៅកាន់ អឺរ៉ុប។ មុនពេល​ហេតុការណ៍​ខាងលើ​កើតឡើង អង្គការ​ជនភៀសខ្លួន​អន្តរជាតិ (IOM) បាន​រកឃើញថា មាន​មនុស្ស ៣៦៧ នាក់ បាន​ស្លាប់​នៅលើ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ រាប់​ចាប់ពី​ដើមឆ្នាំ ២០២២។ ពេញ ១ ឆ្នាំ ២០២១ តួលេខ​នេះ​មាន​ចំនួន ២,០៤៨ នាក់៕

Advertisement