តំណាងរាស្ត្រ អាមេរិក ថា តា​លី​បង់ កំពុង​ឃាត់​យន្តហោះ 6 គ្រឿង​ដែល​ដឹក​ពលរដ្ឋ​អាមេរិក

ទាហាន​ តាលីបង់ ឈរ​ការ​ពារ​នៅ​ឯវិហារ​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល កាល​ពី​ថ្ងៃទី 3​ កញ្ញា​

កងកម្លាំង តា​លី​បង់ កំពុង​ឃាត់​យន្តហោះ​ចំនួន 6 គ្រឿង ដែល​ដឹក​ពលរដ្ឋ​អាមេរិកាំង និង​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន នៅឯ​ព្រលានយន្តហោះ​ក្រុង Mazar-i-Sharif ដើម្បី​ធ្វើជា​ចំណាប់ខ្មាំង នេះ​បើតាម​សម្ដី​របស់​តំណាងរាស្ត្រ សហរដ្ឋអាមេរិក។

«យើង​មាន​យន្តហោះ​ចំនួន 6 គ្រឿង នៅឯ​ព្រលានយន្តហោះ Mazar-i-Shari ដែលមាន​ពលរដ្ឋ​អាមេរិកាំង នៅលើ​នោះ។ តា​លី​បង់ កំពុង​ឃាត់ខ្លួន​ពួកគេ​ធ្វើជា​ចំណាប់ខ្មាំង​នៅពេលនេះ» តំណាងរាស្ត្រ​បក្ស​សាធារណៈរដ្ឋ Michael McCaul ដែលជា​សមាជិក​នៃ​គណៈកម្មការ​កិច្ចការបរទេស​របស់​សា​ភា​ជាន់​ទាប បាន​អះអាង​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី 5 កញ្ញា។ ទី​រួម​ខេត្ត Mazar-i-Shari របស់​ខេត្ត Balkh គឺជា​ទីក្រុង​ធំ​ទី​បួន​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

McCoul អះអាងថា ជើងយន្តហោះ​នានា ត្រូវបាន​ក្រសួងការបរទេស អាមេរិក អនុញ្ញាតឱ្យ​ចេញដំណើរ ប៉ុន្តែ «តា​លី​បង់ នឹងមិន​អនុញ្ញាតឱ្យ​ហោះ​ចេញពី​ព្រលានយន្តហោះ»។

«យន្តហោះ​ទាំងនេះ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ។ យើង​ដឹង​អំពី​មូលហេតុ តា​លី​បង់ ចង់​ដោះដូរ​អ្វីមួយ។ នេះ​ពិតជា​ករណី​ចាប់​ជា​ចំណាប់ខ្មាំង។ ពួកគេ​នឹងមិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​អាមេរិកាំង ចាកចេញ រហូត​ទាល់តែ អាមេរិក ទទួលស្គាល់​ទាំងស្រុង» លោក McCaul ឱ្យដឹង​ដូច្នេះ។

តំណាងរាស្ត្របក្សសាធារណៈរដ្ឋ លោក Michael McCaul

ក្រសួងការបរទេស សហរដ្ឋអាមេរិក មុន​នោះបាន​រាយការណ៍​ប្រាប់​សភា​ថា បណ្ដា​ជើងហោះហើរ​ជួល​ពី​ឯកជន​ដែល​បាន​ត្រៀម​រួចរាល់​ក្នុង​ការដឹក​ពលរដ្ឋ​អាមេរិកាំង និង​ពលរដ្ឋ​ដែលមាន​ប័​ណ្ឌ​បៃតង ពី អា​ហ្វ​ហ្គា​នី​ស្ថាន ទៅកាន់ Doha ប្រទេស​កាតា កំពុង​ត្រូវបាន តា​លី​បង់ រារាំង នៅឯ Mazar-i-Sharif។ ប្រភពព័ត៌មាន​ពីស​ភា​និយាយថា «ជា​មូលដ្ឋាន តា​លី​បង់ កំពុង​ចាប់​ឃាត់ខ្លួន​ពួកគេ​ជា​ចំណាប់ខ្មាំង ដើម្បី​ទាមទារ​អ្វី​ច្រើន​ទៀត​ពី​ពលរដ្ឋ​អាមេរិកាំង»។

Ascend ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​បណ្ដុះបណ្ដាល​ជំនាញ​ដឹកនាំ​របស់​ស្ត្រី​វ័យក្មេង បានឱ្យដឹងថា យន្តហោះ​ពីរ​គ្រឿង​បាន​ស្ថិតនៅក្នុង​ព្រលានយន្តហោះ​អស់​រយៈពេល 6 ថ្ងៃ​មកហើយ ដើម្បី​រង់ចាំ​ការអនុញ្ញាតឱ្យ​ចាក​ចេញពី​សំណាក់​ក្រុម តា​លី​បង់។ ពលរដ្ឋ​នានា​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​ព្រលានយន្តហោះ។

តំណាងរាស្ត្រ McCaul និយាយថា «ពលរដ្ឋ​អាមេរិកាំង រាប់រយ​នាក់» កំពុង​រង់ចាំ​ជម្លៀស​ពី អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី សហរដ្ឋអាមេរិក ដកទ័ព​ទាំងស្រុង​ចេញពី​ប្រទេស​នេះ​កាលពី​ថ្ងៃទី 30 សីហា។ ចំណែក​ប្រធានការិយាល័យ​សេត​វិមាន Ron Klain ឱ្យដឹងថា «ពលរដ្ឋ​អាមេរិកាំង ប្រមាណ 100 នាក់» កំពុងស្ថិត​នៅក្នុង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ជម្លៀស​ពួកគេ៕

Advertisement