រុស្ស៊ី រឹបអូស​យក​គម្រោង Sakhalin-2 ដើម្បី​ជាការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ពី​បរទេស

គម្រោង Sakhalin-2

កាលពី​ថ្ងៃទី ៣០ មិថុនា ប្រធានាធិបតី ពូ​ទីន បាន​ចុះហត្ថលេខា​លើ​វិធានការ​ពិសេស​ក្នុង​វិស័យ​ឥន្ធនៈ និង​ថាមពល ទាក់ទិន​នឹង «សកម្ម​ភាពមិន​ស្និទ្ធស្នាល​របស់​បរទេស»។

យោងតាម​បទបញ្ជា​ថ្មី​នេះ ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​នៅក្នុង​ក្រុមហ៊ុន​វិនិយោគ​ថាមពល Sakhalin នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​មួយ​ដែល​បង្កើតឡើង​ដោយ រដ្ឋាភិបាល​រុស្ស៊ី។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Sakhalin គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Gazprom (កាន់កាប់​ភាគហ៊ុន​ចំនួន ៥០% + ១), Dutch Shell (២៧.៥% – ១) និង Mitsui, Mitsubishi របស់ ជប៉ុន (១២.៥% និង ១០%)។

យោងតាម​បទបញ្ជា​ខាងលើ Gazprom នឹង​ទទួលបាន ១ ភាគហ៊ុន ចំណែក​ភាគហ៊ុន​របស់​ភាគ​ហ៊ុ​និក​ក្រៅពីនេះ​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​មួយ​ដែល​នឹង​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី បង្កើតឡើង។

បើសិនជា ក្រុមហ៊ុន Shell, Mitsui និង Mitsubishi មិន​ចង់/មិនអាច​ទទួល​ភាគហ៊ុន​នៅក្នុង​នីតិបុគ្គល​ថ្មី នោះ​រដ្ឋាភិបាល​រុស្ស៊ី នឹង​លក់​ភាគហ៊ុន​ទាំងនេះ៖ គណនី​ប្រភេទ C ពិសេស​នឹងត្រូវ​បាន​បើក​សម្រាប់​ពួកគេ ដើម្បី​ទទួល​ប្រាក់​ពី​ការលក់​ភាគហ៊ុន​របស់​ពួកគេ។ ក៏ប៉ុន្តែ បទបញ្ជា​ក៏បាន​លើកឡើង​នូវ​ការកំណត់​នានា​ចំពោះ​ការដក​ប្រាក់​ទាំងនេះ​ចេញពី ប្រទេស​រុស្ស៊ី ផងដែរ។

ឯកសារ​ខាងលើ​បាន​និយាយថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​នានា​ដែល «មិន​ស្និ​ទ្ធិ​ស្នាល និង​ខុសច្បាប់​អន្តរជាតិ» របស់ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​ដែល​ចូលរួម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី៕

Advertisement