ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន មាន​មន្ទិល​ចំពោះ​ការសន្យា​របស់ តា​លី​បង់

នៅពេល​សកម្មជន​សិទ្ធិ​ស្ត្រី​ម្នាក់ រួមជាមួយ​នឹង​ប្អូនស្រី​របស់​នាង ធ្វើដំណើរ​ទៅ​ផ្សារ​កាលពី​ថ្ងៃទី 17 សីហា កង​ទាហាន តា​លី​បង់ បាន​សម្លាក់​សម្លឹង​ពួកគេ ដូច​ចង់​ធ្វើ​អ្វី​ម្យ៉ាង ប៉ុន្តែ ពុំបាន​រំខាន​ដល់​អ្នក​ទាំងពីរ​ឡើយ។

នៅ Herat ដែលជា​ទីក្រុង​ធំ​ទី​បី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន សិស្សស្រី នៅតែ​អាច​ទៅ​រៀន​ជាមួយ​សិស្ស​ប្រុស ប៉ុន្តែ ក្រុម​ទាហាន តា​លី​បង់ ឈរ​ចាំ​ចែក​ឈ្នួត​ក្បាល​ឱ្យ​ពួកគេ។ នៅ​រដ្ឋធានី​កា​ប៊ុល ស្ត្រី​អ្នកយកព័ត៌មាន​មួយរូប បាន​សម្ភាស​ជាមួយ​មន្ត្រី​ម្នាក់​របស់ តា​លី​បង់ នៅក្នុង​បន្ទប់​ថត ដែល​នេះ​មិន​ធ្លាប់​មាននៅ​ក្នុងសម័យ តា​លី​បង់ កាលពី​ក្រុម​នេះ​មិនទាន់​ត្រូវបាន​ផ្ដួលរំលំ។

ក្នុងអំឡុង​កាន់អំណាច ពី​ឆ្នាំ 1996-2001 តា​លី​បង់ បានដាក់​កំណត់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ស្ត្រី ដោយ​បង្ខំ​ឱ្យ​ស្ត្រី​គ្រប​ស្បៃ​ជិត​មុខ ហើយ​ការ​ចេញទៅ​ខាងក្រៅ ត្រូវតែមាន​ញាតិ​ជា​មនុស្ស​ប្រុស​ម្នាក់​ទៅជា​មួយ។ ស្ត្រី​ពុំមាន​សិទ្ធិ​ធ្វើការ​នៅ​ខាងក្រៅ​គ្រួសារ និង​មិនមាន​សិទ្ធិ​បោះឆ្នោត។ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ បើសិន​មិន​គោរព​តាម​ការកំណត់​របស់ តា​លី​បង់ ក្នុងនោះ​រួមមាន​ទាំង​ការវាយដំ ការ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាប់ បើសិន​ត្រូវបាន​រកឃើញថា មាន​សហាយស្មន់។

ទាហាន​ តាលីបង់

អំឡុង​ពេលនោះ តា​លី​បង់ ថែមទាំង​បិទទ្វារ​សាលារៀន​សម្រាប់​សិស្សស្រី​ដែលមាន​អាយុ​ចាប់ពី 10 ឆ្នាំ​ឡើងទៅ​ទៀតផង។ ឆ្នាំ 1999 ពុំមាន​សិស្សស្រី អា​ហ្វ​ហ្គា​នី​ស្ថាន ណា​ម្នាក់ បាន​រៀន​នៅ​សាលា​មធ្យមសិក្សា​ឡើយ ហើយ​មានតែ 4% ប៉ុណ្ណោះ ក្នុងចំណោម​ក្មេងស្រី 9,000 នាក់ បាន​ចូល​សាលាបឋមសិក្សា។ គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ នៅពេល តា​លី​បង់ ត្រូវបាន សហរដ្ឋអាមេរិក ផ្ដួលរំលំ កាលពី​ឆ្នាំ 2001 ក្នុងនោះ ក្មេងស្រី​ប្រមាណ 3.5 លាន​នាក់ នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ទៅ​រៀនសូត្រ។

បច្ចុប្បន្ន ក្រោយ​ការឡើង​គ្រប់គ្រង​ប្រទេស​បាន​ប៉ុន្មាន​ថ្ងៃ តា​លី​បង់ បាន​ប្រឹងប្រែង​បង្ហាញ​អំពី​ជំហរ​សន្តិភាព និង​មិន​តឹងរ៉ឹង​ដូច​មុន ដោយបាន​សន្យាថា នឹង​គោរព​សិទ្ធិ​របស់​ស្ត្រី ហើយ​អញ្ជើញ​ស្ត្រី​ឱ្យចូល​ធ្វើការ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល។ ក៏ប៉ុន្តែ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន នៅតែមាន​មន្ទិលសង្ស័យ​ចំពោះ តា​លី​បង់ ហើយ​មនុស្ស​ជាច្រើន​នៅតែ​បញ្ចេញ​ឥរិយាបថ​ប្រុងប្រយ័ត្ន។

នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ពលរដ្ឋ​នៅតែ​ស្ថិតនៅ​ក្នុងផ្ទះ ដោយមាន​ការភ័យខ្លាច​ក្នុង​ការឈាន​ជើង​ចូល​ពិភពថ្មី ជាទី​ដែល តា​លី​បង់ ធ្លាប់បាន​ធ្វើបាប​ស្ត្រី និង​កាត់បន្ថយ​សកម្មភាពរ​បស់​ពួកគេ ហើយ​ពេលនេះ​បាន​ឡើងកាន់​អំណាច​ជាថ្មី។

ស្ត្រី​ អាហ្វហ្គានីស្ថាន​ កំពុង​មាន​ព្រួយបារម្ភ​ ខ្លាច​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​​ វិល​ត្រលប់​មក​វិញ​

ស្ត្រី​ជា​គ្រូបង្រៀន​ជនជាតិ​អឺរ៉ុប​ម្នាក់ នៅ​រដ្ឋធានី​កា​ប៊ុល បានឱ្យដឹងថា ការភ័យខ្លាច កំពុង​កើតមាន​គ្រប់​ទីកន្លែង​ក្នុង​រដ្ឋធានី។ «ពួកគេ (តា​លី​បង់) ចាប់ផ្ដើម​ដើរ​ត្រួតពិនិត្យ​គ្រប់​ផ្ទះ ហើយ​ជួនកាល​ក៏​សម្រុកចូល​ក្នុងផ្ទះ​ប្រជាជន។ ពួកគេ​និយាយថា ពួកគេ​នឹង​ឱ្យ​ប្រជាជន​រស់នៅ​ដោយ​សុខសាន្ត ក៏ប៉ុន្តែ ទង្វើ​របស់​ពួកគេ គឺជា​សញ្ញា​បង្ហាញថា សម្ដី​របស់​ពួកគេ មិនមែនជា​ការពិត»។

តា​លី​បង់ ចាប់ផ្ដើម​ដើរ​ស្វែងរក​អ្នកកាសែត ក្រុមមនុស្ស​ដែល​ធ្វើ​ការឱ្យ​ក្រុមប្រឆាំង រួម​នឹង​គោលដៅ​ដទៃទៀត។ នេះ​បើតាម​សម្ដី​របស់​អ្នកគ្រូ​ជនជាតិ​អឺរ៉ុប​ខាងលើ។

«ខ្ញុំ​មិន​ជឿ​សម្ដី​របស់ តា​លី​បង់ ឡើយ» នារី​ជា​ពិធី​ការិនី​ម្នាក់ វ័យ 29 ឆ្នាំ នៅ​រដ្ឋធានី​កា​ប៊ុល បាន​និយាយ​ដូច្នេះ។ នារី​រូបនេះ កំពុង​លាក់ខ្លួន​ក្នុងផ្ទះ​របស់​សាច់ញាតិ កាលពី​ថ្ងៃទី 17 សីហា។

ស្ត្រី​ អាហ្វហ្គានីស្ថាន​ ក្រោម​ការ​គាំទ្រ​របស់​ សហរដ្ឋ​អាមេរិក

នៅ​ខេត្ត Herat ភាគ​ខាងលិច អា​ហ្វ​ហ្គា​នី​ស្ថាន Zahra វ័យ 26 ឆ្នាំ ជា​សកម្មជន​សិទ្ធិ​ស្ត្រី បាន​និយាយថា អ្នកស្រុក​ស្ទើរតែ​ទាំងអស់ ពិសេស​គឺ​ស្ត្រី កំពុងស្ថិត​នៅក្នុង​ផ្ទះ​នៅឡើយ កាលពី​ថ្ងៃទី 17 សីហា ក្រោយពី តា​លី​បង់ ឡើងកាន់​អំណាច​បាន 5 ថ្ងៃ។

Zahra សង្ឃឹមថា នឹង​បាន​ឡើង​យន្តហោះ​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន នាពេលខាងមុខ។ នាង​និយាយថា កាលពី​ថ្ងៃទី 17 សីហា នាង​ទៅ​ផ្សារ​ទិញ​របស់របរ​មុនពេល​ចេញដំណើរ។ ក្នុង​ឈុត​រ៉ូ​ប​វែង និង​ឈ្នួត​ប្រពៃណី​លើ​ក្បាល នាង និង​ប្អូនស្រី ត្រូវ​ទាហាន តា​លី​បង់ មួយចំនួន សម្លឹងមុខ​មិន​ដាក់​ភ្នែក ហាក់បីដូចជា​ការមើល​ងាយ និង​ចង់​គំរាម គួរឱ្យ​ភ័យខ្លាច៕

Advertisement