ហៃ​ទី ជ្រើសតាំង​លោក Joseph Lambert ជា​ប្រធានាធិបតី​ស្ដីទី

កាលពី​ថ្ងៃទី 9 ខែកក្កដា (ម៉ោង​ក្នុងស្រុក) សភា​ជាន់ខ្ពស់​របស់ ហៃ​ទី បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានសភា​ជាន់ខ្ពស់ លោក Joseph Lambert ឱ្យធ្វើជា​ប្រធានាធិបតី​ស្ដីទី ក្រោយ​ប្រធានាធិបតី Jovenel Moise ត្រូវគេ​ធ្វើឃាត។

នេះ​គឺជា​ជំហាន​ដែល​អាច​បង្ក​ឧបសគ្គ​ផ្ទាល់​ដល់​នាយករដ្ឋមន្ត្រី​ស្ដីទី លោក Claude Joseph ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​មេដឹកនាំ​បច្ចុប្បន្ន​របស់ ហៃ​ទី និង​កំពុង​ទទួលបាន​ការគាំទ្រ​ពី សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ។

សភា​ជាន់ខ្ពស់ ហៃ​ទី បានប្រកាសថា លោក Joseph Lambert នឹង​កាន់តំណែង​ប្រធានាធិបតី រហូតដល់​ថ្ងៃ​ចន្ទ​ដំបូង​នៃ​ខែមករា ឆ្នាំ 2022 ឬក៏​រហូតដល់​មាន​ប្រធានាធិបតី​ថ្មី ក្រោយ​ការបោះឆ្នោត​នៅ​ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2022។

លោក Joseph Lambert

ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រី​ស្ដីទី លោក Claude Joseph បាន​ចោទ​ក្រុម​ជា​គូប្រជែង​ថា កំពុង​ប្រើប្រាស់​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Moise ដើម្បី​ក្ដោប​ក្ដាប់​អំណាច​ផ្នែក​នយោបាយ ដែល​នេះ​គឺ​ចង់​សំដៅលើ​ក្រុមតំណាងរាស្ត្រ​ដែល​បាន​គាំទ្រ​លោក Joseph Lambert។ «ជាក់ស្ដែង សភា​ជាន់ខ្ពស់ ហៃ​ទី លែងមាន​សុពលភាព​ហើយ ដោយសារតែ​កៅអី​សភា​ជាច្រើន កំពុង​នៅ​ទំនេរ» នេះ​បើ​យោងតាម​លោក Claude Joseph។

កាលពី​ថ្ងៃទី 8 ខែកក្កដា ក្រុមប៉ូលិស ហៃ​ទី ឱ្យដឹងថា យ៉ាងហោចណាស់ មាន​បុគ្គល​ចំនួន 28 នាក់ បាន​ចូលរួម​ក្នុងការ​ធ្វើឃាត​ប្រធានាធិបតី Jovenel Moise ក្នុងនោះ​មាន 26 នាក់​គឺជា​ជនជាតិ កូ​ឡុំ​ប៊ី និង 2 នាក់ ជា​ជនជាតិ អាមេរិក ដើមកំណើត ហៃ​ទី។

លោក Claude Joseph

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អគ្គស្នងការ​ប៉ូលិស​ជាតិ ហៃ​ទី លោក Leon Charles ឱ្យដឹងថា សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 15 ជា​ជនជាតិ កូ​ឡុំ​ប៊ី និង 2 នាក់ ជា​ជនជាតិ​អាមេរិក ដើមកំណើត ហៃ​ទី។ ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 8 នាក់​ផ្សេងទៀត។

ប្រភព​៖ Detroitnews
ប្រែសម្រួល​៖ បុត្រា

Advertisement