រូបភាព​ច្បាស់​បំផុត​ស្ដីពី​ផ្ទៃ​របស់​ព្រះ​ចន្ទ ដែល​ថត​បាន​ពី​ផែនដី

ផ្ទៃ​ដី​របស់​ព្រះចន្ទ និង​ផែនដី

ដោយ​ប្រើប្រាស់​កញ្ចុំ​រ៉ា​ដា​ដែលមាន​ថាមពល​មិន​ស្មើ​ដល់​ចង្ក្រាន​ម៉ៃ​ក្រូ​វ៉េវ ​ក្រុម​អ្នកស្រាវជ្រាវ​បង្កើតបាន​បណ្ដា​រូបភាព​ដែលមាន​ភាពច្បាស់​កម្រិត​ខ្ពស់​ស្ដីពី​ផ្ទៃ​របស់​ព្រះ​ចន្ទ ថត​ពី​ផែនដី។

រូបភាពថ្មីៗដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 10 មករា នៅក្នុង​កិច្ចប្រជុំ​លើក​ទី 241 របស់​សមាគម​តារាសាស្ត្រ​អាម៉េរិក (AAS) នៅ​ទីក្រុង Seattle នៃ​រដ្ឋ Washington ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​​ទីតាំង​ចុះចត​នៃ​​បេសកកម្ម Apollo 15 របស់ ណា​សា ក៏ដូចជា​មាត់​រណ្ដៅ Tycho ដែល​ជា​តំបន់​ប៉ះទង្គិច​ដ៏​លេចធ្លោ​នៅលើ​តំបន់​ខ្ពង់​រាប​ភាគខាងត្បូង​ព្រះ​ចន្ទ។

បណ្ដា​រូបថត​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ ត្រូវបាន​បង្កើតឡើង​ដោយ​ការប្រើប្រាស់​តេ​ឡេ​ស្កុប Green Bank (GBT) ដែលមាន​អង្កត់ផ្ចិត 100 ម៉ែត្រ នៅ Virginia ខាងលិច ដែលជា​តេ​ឡេ​ស្កុប​វិទ្យុ​អាច​បង្វែរ​ទិស​ធំជាងគេ​បង្អស់​លើ​ពិភពលោក នេះ​បើតាម​អ្នកគ្រប់គ្រង​រ៉ា​ដា​នៅ ស្ថានីយ​សង្កេត Green Bank និង​ស្ថានីយ​ជាតិ​សង្កេត​តារាសាស្ត្រ​ដោយ​តេ​ឡេ​ស្កុប​វិទ្យុ (NRAO)។ GBT បាញ់​រលក​វិទ្យុ​បំភ្លឺតំបន់​គោល​ដៅ​នៅ​លើ​​ព្រះ​ចន្ទ។ រលក​ចំណាំង​ប្លាត​របស់​វា​ត្រូវបាន​ប្រមូល​ដោយ​បណ្ដុំ​តេ​ឡេ​ស្កុប​វិទ្យុ​ចំនួន 4 នៅ​មូលដ្ឋាន Very Long Baseline Array ក្នុង​តំបន់ Hilo រដ្ឋ Hawaii។

រូបភាព​ច្បាស់​បំផុត​ស្ដីពី​ផ្ទៃ​របស់​ព្រះ​ចន្ទ ដែល​ថត​បាន​ពី​ផែនដី។ ក្នុង​រូប​នេះ​គឺ​ជា​ទីតាំង​ចុះចត​នៃ​​បេសកកម្ម Apollo 15 របស់ ណា​សា

ក្នុងការ​ថតរូប ឧបករណ៍​រ៉ា​ដា​មួយគ្រឿង​នៅលើ GBT បញ្ជូន​អគ្គិសនី​កម្លាំង 700 វ៉ា​ត់ ដែល​ស្មើនឹង​ឧបករណ៍​មួយគ្រឿង​នៅផ្ទះ​បាយ ឬ​អំពូល​ភ្លើង​មួយ​កញ្ចុំ។ ប៉ុន្តែ វា​អាច​មើលឃើញ​ទីតាំង​ទំហំ 1.5 ម៉ែត្រក្រឡា នៅ​ជុំវិញ​តំបន់​ចុះចត​របស់​យានអវកាស Apollo 15 និង​វត្ថុ​ទំហំ 5 ម៉ែត្រ​នៅឯ​មាត់​រណ្ដៅ Tycho។

អង់តែន​នៃ​តេឡេស្កុប​វិទ្យុ​មួយ​នៅ California ខាង​ជើង គឺជា​តេឡេស្កុប​មួយ​ក្នុង​ចំណោម​ 10 របស់​ប្រព័ន្ធ Very Long Baseline Array

ក្រុម​អ្នកគ្រប់គ្រង​ឧបករណ៍​ខាងលើ​មានបំណង​អភិវឌ្ឍ​កំណែ​លំដាប់​ខ្ពស់បំផុត​សម្រាប់​ឧបករណ៍​ខាងលើ ដែល​នឹង​អនុញ្ញាតឱ្យ​បញ្ជូន​រលក​វិទ្យុ​កម្លាំង​ខ្លាំង​ជាងនេះ​ 700 ដង (500 គីឡូវ៉ាត់)។ ដោយមាន​ថាមពល​ខ្លាំង​កម្រិត​នេះ ឧបករណ៍​នឹង​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​របស់​ព្រះ​ចន្ទ និង​ស្វែងរក​បំណែក​សំរាម​អវកាស ក៏ដូចជា​កំណត់​ទីតាំង​របស់​អាច​ម៍​ផ្កាយ​ដែល​អាច​គំរាមកំហែង​ដល់​ផែនដី។ ប្រការនេះ​នឹង​អាចឱ្យ​អ្នកវិទ្យាសាស្ត្រ​នៅ GBT ប្រើ​ឧបករណ៍​ប្រភេទ​ខាងលើ​ជំនួស​ស្ថានីយ​សង្កេត​តារា Arecibo នៅ Puerto Rico ដែល​បាន​ដួលរលំ​កាលពី​ឆ្នាំ 2020៕

Advertisement