ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ទម្ងន់​សរុប​របស់​វីរុស​Covid-19 ទាំង​អស់​ ដែល​មាន​នៅ​លើ​ពិភព​លោក​

បើសិន​ជា​គ្រាប់​វីរុស​Covid-19 ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រាងកាយ​របស់អ្នក​ជំងឺ​នៅ​ទូទាំង​ពិភព​លោក​ ត្រូវ​បាន​គេ​យក​មក​ដាក់​នៅកន្លែង​តែ​មួយ​ នោះ​ទម្ងន់​របស់​ពួក​វា​​នឹង​ស្មើ​នឹង​ទម្ងន់​ ចន្លោះ​ពី​ប៉ោម​ 1ផ្លែ ទៅដល់​​ទម្ងន់​កូន​ក្មេង​ 1​នាក់​។

អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ ថ្មី​ៗ​នេះ​បាន​គណនា​ឃើញ​ថា អ្នក​ជំងឺCovid-19 ​ម្នាក់​ មាន​ផ្ទុក​វីរុស​ប្រមាណ​ពី​ 10​ ទៅ​ 100​,000,000​,000​គ្រាប់​ ក្នុង​ដំណាក់​កាល​ជំងឺ​ធ្ងន់​ធ្ងរ​បំផុត​។ ដូច្នេះ​ វីរុស​Covid-19 ទាំង​អស់​ដែល​បាន​ឆ្លង​ទៅ​មនុស្ស​​នៅ​ទូទាំង​​​ពិភព​លោក​ (មធ្យម​ភាគ​នៃ​ 1-10លាន​ករណី​ នៅ​រាល់​ដំណាក់​កាល​ក្នុង​វិបត្តិ​សុខ​ភាព​នេះ) នឹង​មាន​ទម្ងន់​សរុប​ ចាប់​ពី​ 0.1 – 10គីក្រាម​។

អ្នក​វិទ្យា​សាស្ត្រ​ Ron Milo មក​ពី​វិទ្យា​ស្ថាន​​វិទ្យា​សាស្ត្រ​ Weizmann នៃ​ប្រទេស​អ៊ីស្រាអែល​ និង​បេក្ខ​ភាព​បណ្ឌិត​ Ron Sender នៅ​បន្ទប់​ពិសោធន៍​របស់​ Milo ឱ្យ​ដឹង​ថា​ Covid-19 ប្រៀប​បាន​ទៅ​នឹង​អាវុធ​នុយក្លេអែរ​ ដោយ​វា​មាន​ទម្ងន់​​មហា​សែន​ស្រាល​ ប៉ុន្តែ កម្លាំង​បំផ្លាញ​របស់​ពួក​វា​ ពិត​ជា​មហិមា​។

យោង​​តាម​សាក​ល​វិទ្យា​ល័យ​ Johns Hopkins បច្ចុប្បន្ន Covid-19 បាន​ឆ្លង​ទៅ​មនុស្ស​ជាង​ 173​លាន​នាក់​ និង​បាន​សម្លាប់​មនុស្ស​ជាង​ 3.7​លាន​នាក់​។​ ដើម្បី​គណនា​ឱ្យ​ដឹង​ថា តើ​អ្នក​ជំងឺ​ម្នាក់​​ មាន​ផ្ទុក​វីរុស​ចំនួន​ប៉ុន្មាន ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ប្រើប្រាស់​លទ្ធផល​មុន​នេះ ​ដែល​ត្រូវ​បាន​យក​ពី​សត្វ​ស្វា​រោម​លឿង​ ស្ដីពី​បរិមាណ​​​​គ្រាប់​វីរុស​នៅ​ក្នុង​ជាលិកា​ផ្សេង​ៗ​ ​ដែល​ងាយ​ឆ្លង​វីរុស​ រួម​មាន​ សួត​ កូនកណ្ដុរ​ក្នុង​ខួរក្បាល​ កូនកណ្ដុរ​ឈាម​ស​ និង​ប្រព័ន្ធ​រំលាយ​អាហារ​។ បន្ទាប់​មក​ ពួក​គេ​គណនា​គ្រាប់​វីរុស​​នៅក្នុង​ជាលិកា​ 1​ក្រាម​ៗ​ នៃ​ស្វា​រោម​​លឿង​ ជាមួយ​នឹង​ជាលិកា​របស់​មនុស្ស​ ដើម្បី​រក​បរិមាណ​នៃ​គ្រាប់​វីរុស​ក្នុង​ជា​លិកា​របស់​មនុស្ស​។

ក្រុម​អ្នកវិទ្យា​សាស្ត្រ​ បាន​ឱ្យ​ដឹង​ថា វីរុស​Covid-19 1គ្រាប់​ៗ មាន​ទម្ងន់​ 1 ហ្វេម​តូក្រាម (femtogram) (ដែល​ស្មើ​នឹង​ 0.000000000000001 ក្រាម)។ ដោយ​យក​ទម្ងន់​របស់​វីរុស​ 1​គ្រាប់​ គុណ​នឹង​បរិមាណ​របស់​វីរុស​ អ្នក​វិទ្យា​សាស្ត្រ​ករឃើញ​ថា អ្នកជំងឺ​ម្នាក់​ មាន​ផ្ទុក​វីរុសទម្ងន់​​ប្រមាណ​ 10​ មីក្រូក្រាម (microgram) (1​ មីក្រូក្រាម​ = 0.000001 ក្រាម)។

សាស្ត្រាចារ្យ​ Milo និង​លោក​ Sender​ សង្ឃឹម​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ នឹង​ជំរុញ​ឱ្យ​មាន​ការ​ពិសោធ​ថ្មី​ៗ ប្រកប​ដោយ​ភាព​​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​។ លទ្ធផល​នៃ​ការ​រកឃើញ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Proceedings of the National Academy of Sciences (PNAS)៕

ប្រភព៖ Live Science
ប្រែសម្រួល​៖ បុត្រា

Advertisement