យន្តហោះ​ចម្បាំង​របស់ ប៊ុលហ្គារី បាត់​ខ្លួន ក្នុង​ពេលធ្វើ​សមយុទ្ធ​រួមជាមួយ​អាមេរិក

យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​កងទ័ព​អាកាស​នៃ​ប្រទេស​ប៊ុលហ្គារី បាន​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា ពេល​កំពុង​ហោះ​ហើរ​ក្នុង​លំ​ហាត់​សមយុទ្ធ​លើ​ដែនសមុទ្រ​របស់​ប្រទេស​នេះ នា​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021។

ស្ថានីយទូរទស្សន៍​ជាតិ​ប៊ុលហ្គារី (BNT) ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​នេះ ឱ្យដឹងថា យន្ត​ហោះ MiG-29 បាន​បាត់​ខ្លួន​នៅវេលា​ម៉ោង 00៖45នាទី នៃ​ថ្ងៃទី9 ខែមិថុនា (ម៉ោង​ក្នុងស្រុក) នៅក្នុង​ក្របខណ្ឌ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដែលមាន​ឈ្មោះថា «Shabla 21» ជាមួយនឹង​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក នៅ​សមុទ្រ​ខ្មៅ។

BNT រាយការណ៍​ថា ក្រុមមន្ត្រី នៃ​ប្រទេស​ប៊ុលហ្គារី ភ្លាមនោះ​ក៏បាន​ចាប់ផ្ដើម​យុទ្ធនាការ​ស្វែងរក និង​សង្គ្រោះ។ ការស្វែងរក​អ្នកបើកបរ និង​យន្តហោះ នៅតែ​ត្រូវបាន​ធ្វើឡើង។ សកម្មភាព​ស្វែងរក​នេះ មានការ​ចូលរួម​រប​ស់​កងកម្លាំង​ជាច្រើន​ប្រភេទ រួមមាន​ទាំង​ទ័ពអាកាស ទ័ពជើងទឹក និង​ប៉ូលិស​ការពារ​ព្រំដែន​ផងដែរ។

យោងតាម​ការប្រកាស​នៅលើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ ប៊ូល​ហ្គា​រី សមយុទ្ធ «Shabla 21» បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី7 ខែមិថុនា ហើយ​បើតាម​ផែនការ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី11 ខែមិថុនា។ ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​ទាហាន​ជាង 2,000នាក់ មកពី​កងទ័ព​ប៊ុលហ្គារី និង​សហរដ្ឋអាមេរិក៕

ប្រភព៖ Xinhuanet
ប្រែ​សម្រួល៖ បុត្រា

Advertisement