រក្សាទុក​មេជីវិត​របស់​កូនប្រុស​​ទោលដែល​បាន​ស្លាប់ ដើម្បី​មាន​ចៅ​បន្ត​ពូជ​នឹង​គេ

(អ៊ីស្រាអែល)-លោក Baruch រក្សាទុក​មេជីវិត​របស់​កូន​ប្រុស​ទោល​ Amit Ben Ygal ដែលជា​ទាហាន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុងតំបន់ West Bank កាល​ពី​ ២ ឆ្នាំ​មុន ដោយ​សង្ឃឹម​ថា នឹង​មាន​ចៅ​នឹង​គេ​។

«Amit គឺជា​អ្វី​ៗ​គ្រប់​យ៉ាង​របស់​ខ្ញុំ» លោក Baruch អាយុ ៥៣ ឆ្នាំ និយាយ​អំពី​កូន​ប្រុស​តែ​មួយ​គត់​របស់​លោក​។ «ខ្ញុំ​ចង់​មាន​ភាព​សប្បាយ​រីក​រាយ​ក្នុង​ឆាក​ជីវិត​ឡើង​វិញ។ កងទ័ព​អ៊ីស្រាអែល គួរ​តែ​ជួយ​ខ្ញុំ​ឱ្យ​បាន​ក្លាយ​ជា​ជី​តា​នឹង​គេ»។

Amit អាយុ ២១ ឆ្នាំ បាន​បាត់បង់ជីវិត​បន្ទាប់​ពី​ត្រូវ​ ជនជាតិ​ប៉ាលេស្ទីន​ គប់​ដុំ​ថ្ម​ចំក្បាល​ក្នុង​ពេល​ចូល​រួម​យុទ្ធ​នាការ​​របស់​ កងទ័ព​អ៊ីស្រាអែល នៅ West Bank កាល​ពី​ខែ​ឧសភា ២០២០​។ លោក Baruch បាន​យក​មេជីវិត​របស់​កូន​ប្រុស​គាត់​​ក្នុង​រង្វង់ ៧២ ម៉ោង ក្រោយ​ពី​ Amit បាន​ស្លាប់​ ជា​ពេល​វេលា​គ្រប់​គ្រាន់​ល្មម​សម្រាប់​បង្កក​ និង​អាច​បង្ក​កំណើត​ក្នុង​បំពង់​ពិសោធន៍​។

លោក Baruch ដែល​ជា​ឪពុក​របស់​ Amit Ben Ygal

លោក Baruch ចង់​ប្រើប្រាស់​មេជីវិត​របស់​កូន​ដើម្បី​មាន​ចៅ​នឹង​គេ តាម​រយៈ​ការ​ពពោះ​ស្ម័គ្រ​ចិត្ត​របស់​ស្ត្រី​ម្នាក់​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន ដោយ​សារ​ថា ច្បាប់​របស់ អ៊ីស្រាអែល​ មិន​ទាន់​អនុញ្ញាត​ឱ្យ​ធ្វើ​បែប​នេះ​។ ច្បាប់​របស់ អ៊ីស្រាអែល បច្ចុប្បន្ន​កំណត់​ថា មាន​តែ​ភរិយា​របស់​ទាហាន​ដែល​បាន​ស្លាប់​នៅ​ពេល​កំពុង​បំពេញ​បេសក​កម្ម​តែ​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ប្រើប្រាស់​មេជីវិត​​​ដើម្បី​បង្ក​កំណើត​ក្នុង​បំពង់​ពិសោធន៍​ (IVF)។

ក៏ប៉ុន្តែ ក្រុម​មន្ត្រី​របស់ អ៊ីស្រាអែល កំពុងតែ​ដាក់​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ពង្រីក​សិទ្ធិ​នេះ​សម្រាប់​ឪពុក​ម្ដាយ​របស់​ទាហាន​។ សកម្មជន​ម្នាក់​និយាយ​ថា អ៊ីស្រាអែល គួរ​តែ​ «អនុវត្ត​កាតព្វកិច្ច​មនុស្ស​ធម៌» ចំពោះ​គ្រួសារ​ដែល​មាន​កូន​ស្លាប់​នៅ​ក្នុង​ជួរ​កងទ័ព​។

Amit Ben Ygal បាន​ស្លាប់​កាល​ពី​ឆ្នាំ​ ២០២០

លោក Baruch និង​ភរិយា​បាន​លែង​លះ​គ្នា​តាំង​ពី​យូរ​ ហើយ​ Amit គឺជា​កូន​ប្រុសតែ​មួយ​គត់​របស់​គាត់​។ ឪ​ពុក​ និង​កូន​​​បាន​រស់​នៅ​ជុំ​គ្នា​នៅ​ Ramat Gan ជាយ​ក្រុង Tel Aviv។ លោក Baruch នៅ​តែ​មិន​អាច​ជឿ​បាន​សោះ​ថា កូន​ប្រុស​របស់​គាត់​បាន​បាត់បង់ជីវិត​។ គាត់​និយាយ​ថា «បើ​សិន​ជា​មាន​ចៅ​​មុនពេល​ស្លាប់ ខ្ញុំ​អាច​ស្លាប់​ដោយ​សប្បាយ​ចិត្ត​ហើយ»។

លោក Baruch និងកូនប្រុសទោស Amit Ben Ygal កាលពីនៅរស់

តំណាង​រាស្ត្រ​ Zvi Hauser បាន​បង្កើត​សេចក្ដី​ព្រាង​ច្បាប់​ «បន្តវេន» ដើម្បី​ជួយ​ឱ្យ​បំណង​របស់​លោក Baruch បាន​ក្លាយ​ជា​រឿង​ស្រប​ច្បាប់​។ លោក Hauser យល់​ថា ប្រទេស​អ៊ីស្រាអែល ជំពាក់​បំណុល​គ្រួសារ​ទាហាន​។

តំណាង​រាស្ត្រ​ Zvi Hauser

សេចក្ដី​ព្រាង​ច្បាប់​ «បន្តវេន» របស់លោក Hauser ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដំបូង​កាល​ពី​ខែ​មុន​ ប៉ុន្តែ នឹង​​ត្រូវ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ពីរ​ជុំ​ទៀត បន្ទាប់​ពី​សភា​ថ្មី​របស់ អ៊ីស្រាអែល ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​ក្រោយ​៕

Advertisement