(វីដេអូ)-អ៊ីស្រាអែល សម្លាប់​មេបញ្ជាការ​​ហា​ម៉ាស របស់​ប៉ាលេស្ទីន​ ប្រចាំ​ទីក្រុង ហ្គា​ហ្សា

ផ្សែង​បាញ់​ចេញ​ពី​ឃ្លាំង​ប្រេង​មួយ​កន្លែង​របស់​ប្រទេស​អ៊ីស្រាអែល ដែល​ត្រូវ​គ្រាប់​រ៉ុក្កែត​ របស់​ក្រុម​ ហាម៉ាស​ កាល​ពី​ថ្ងៃទី​12 ឧសភា

ក្រុម​ជីវពល ហា​ម៉ាស (Hamas) ដែលជា​ក្រុម​ប្រយុទ្ធ និង​ជាតិនិយម កាន់សាសនា​អ៊ីស្លាម និកាយ​ស៊ុន​នី នៃ​ប្រទេស​ប៉ា​លេ​ស្ទី​ន បាន​ទទួលស្គាល់ថា មេបញ្ជាការ​ជាន់ខ្ពស់​មួយចំនួន​របស់ខ្លួន បាន​បាត់​បង់ជីវិត ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល ក្នុងនោះ​មាន​ទាំង​មេ​បញ្ជា​កងទ័ព​ប្រចាំ​ទីក្រុង​ហ្គា​ហ្សា (Gaza) ផងដែរ។

អង្គភាព​សន្តិសុខ Shin Bet របស់​អ៊ីស្រាអែល កាលពី​ម្សិលមិញ (12ឧសភា) បានឱ្យដឹងថា មេបញ្ជាការ​កងពលតូច ប្រចាំ​ទីក្រុង​ហ្គា​ហ្សា Bassem Issa ស្ថិតក្នុង​ចំណោម​សមាជិក​ជាន់ខ្ពស់ 4រូប របស់​កងជីវពល​អ៊ីស្លាម ហា​ម៉ាស ដែល​ត្រូវបាន​សម្លាប់។ នាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសថា៖ «នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង។ យើង​នឹង​វាយប្រហារ​ពួកគេ​រហូតដល់​ថ្នាក់ ពួកគេ​មិនអាច​នឹកស្មាន​ដល់»។

ហា​ម៉ាស បានទទួល​ស្គាល់​អំពី​ការស្លាប់​របស់​មេបញ្ជាកា​រ​កងពលតូច​ខាងលើ និង «ក្រុម​មេទ័ព រួម​នឹង​ទាហាន​ជាច្រើនរូប​ទៀត»។ «មេបញ្ជាការ និង​ទាហាន​រាប់រយ​នាក់ នឹង​បន្តវេន​របស់​ពួកគេ» សេចក្ដីប្រកាស​របស់​ក្រុម ហា​ម៉ាស មាន​ឃ្លា​សរសេរ​ដូច្នេះ។

យោងតាម Shin Bet ក្រៅពី Issa ពួកគេ​ក៏បាន​សម្លាប់ Jumaa Tahle ជា​អ្នកទទួលខុសត្រូវ​លើ​ការកែលម្អ​លើ​ប្រព័ន្ធ​កំណត់​ទិស​របស់​មី​ស៊ី​ល, Jamal Zibde ប្រធាន​អង្គភាព​ស្រាវជ្រាវ និង​គ្រាប់រំសេវ រួម​នឹង Hazem Hatib ជា​ប្រធាន​ក្រុម​វិស្វករ។

បន្ទាប់ពី​ការប្រកាស​របស់ Shin Bet ទីក្រុង Ashdod របស់​អ៊ីស្រាអែល ត្រូវ​រង​គ្រាប់​រ៉ុក្កែត ជា​បន្តបន្ទាប់។ សារព័ត៌មាន​របស់​អ៊ីស្រាអែល បាន​រាយការណ៍​ថា កងទ័ព​ប្រទេស​នេះ កំពុង​ត្រៀម​ទប់ទល់​នឹង​ការវាយប្រហារ​ថ្មី នៅ​ទូទាំង​ទីក្រុង តែ​ល អា​វីវ (Tel Aviv)។

អ៊ីស្រាអែល ក៏បាន​ឱ្យដឹង​ដែរ​ថា ទាហាន 3នាក់​របស់​ប្រទេស​នេះ បាន​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ដោយ​គ្រាប់​​រ៉ុក្កែត​ពី​ក្រុម ហា​ម៉ាស ក្នុងនោះ​មាន​ម្នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement